ភ្នំពេញៈ រោងចក្រ​ផលិត​បំពង់​ទុយោទឹក រ៉ូសប្លាស្ទិក (​ខេមបូឌា) ដែល​កាន់កាប់​ដោយ​វិនិយោគិន​ក្នុងស្រុក​បាន​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃអាទិត្យ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ក្នុងស្រុក​ដែល​កំពុង​កើនឡើង​ក្នុង​វិស័យ​សំណង់​។

រោងចក្រ​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ពោងទឹក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​បើក​ដំណើរការ​សាកល្បង​នឹង​ដាក់លក់​ផលិតផល​ដែល​ផលិត​ចេញពី​រោងចក្រ​នេះ​ជាង​ ១ ​ឆ្នាំ​មកហើយ ខណៈ​វត្តមាន​នៃ​រោងចក្រ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​កាត់បន្ថយ​ការនាំ​ចូល​។

លោក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ព​ជើងគោក​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​រោងចក្រ រ៉ូសប្លាស្ទិក (​ខេមបូឌា​) ​នេះ​ថា ការបង្កើត​រោងចក្រ​នេះ​គឺ​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​បន្តថា រោងចក្រ​នេះ​មិន​ត្រឹមតែ​បង្កើតឡើង​ដើម្បី​បំពេញ​តម្រូវការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ការប្រកួតប្រជែង​ជាមួយ​នឹង​ផលិតផល​នាំចូល​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការបង្កើត​រោងចក្រ​ឧស្សាហកម្ម​ផលិត​ទុយោ និង​បំពង់​ទីបជ័រ របស់ រ៉ូសប្លាស្ទិក​ (​ខេមបូឌា) ​នាពេល​នេះ​បង្ហាញថា ការវិនិយោគ​ក្នុង​ស្រុក​ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល នៅក្នុង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​ការលើកកម្ពស់​សហគ្រិន​ភាព​ក្នុង​វិស័យ​ឯកជន​ដើម្បី​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ព្រមទាំង​ការលើកស្ទួយ​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​តាមរយៈ​សា្លកយីហោ​ផលិត​ក្នុងស្រុក​»​។

បុគ្គលិក​ម្នាក់​របស់​រោងចក្រ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា រោងចក្រ​របស់​ខ្លួន​ផលិត​នូវ​រាល់​ផលិតផល​ទុយោ​ទឹក​គ្រប់​ប្រភេទ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ដែល​ជា​ការឆ្លើយតប​ទៅនឹង​ការ​ការកើនឡើង​នៃ​តម្រូវការ​ក្នុង​វិស័យ​សំណង់​ដែល​កំពុង​កើនឡើង​។

បុគ្គលិក​រូបនេះ​បាន​ថ្លែងថា​៖ «​រោងចក្រ​របស់​យើង​កំពុង​ផលិត​នូវ​ផលិតផល​ទុយោទឹក​នានា​ដាក់​លក់​លើ​ទីផ្សារ ហើយ​កំពុង​ទទួល​បាន​ការពេញនិយម​ និង​ទទួលស្គាល់​នូវ​គុណភាព​នៃ​ផលិតផល​យើង​»​។ ទោះបី​យ៉ាងនេះ​ក្តី​លោក​ពុំបាន​បង្ហាញ​ពី​សមត្ថភាព​នៃ​ការផលិត​របស់​រោងចក្រ​នេះ​ទេ​។

លោក ហ៊ុន ម៉ាណែត បាន​ឲ្យ​ដឹងថា តាម​ការខិតខំ​របស់​ក្រុមហ៊ុន​រហូត​ទទួលបាន​នូវ​វិញ្ញាបនបត្រ​ស្តង់ដា​អន្តរជាតិ ISO បានបញ្ជាក់​អំពី​ការយកចិត្ត​ទុកដាក់​របស់​ស្ថាបនិក​ក្រុមហ៊ុន​លើ​គុណភាព​នៃ​ផលិតផល​ដែល​ក្រៅពី​ការផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ក្នុងស្រុក​ដែល​កំពុងមាន​តម្រូវការ​ខ្លាំង ក្រុមហ៊ុន​ក៏មាន​ទស្សនវិស័យ​ក្នុងការ​នាំចេញ​ផលិតផល​នេះ​ទៅក្នុង​ទីផ្សារ​អន្តរជាតិ​ផងដែរ ដោយ​ក្រុមហ៊ុន​អាច​សាកល្បង​សម្លឹង​មើល​ទីផ្សារ​អនុតំបន់​មេគង្គ ទីផ្សារ​អាស៊ាន និង​ទីផ្សារ​នៅក្នុង​តំបន់​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ ក៏ដូចជា​ទីផ្សារ​ធំៗ​ដទៃទៀត​ក្នុង​ពិភពលោក​។

លោក​បាន​ថ្លែងថា​៖ «​សក្តានុពល​នេះ គឺជា​តំណាង​សក្ខីភាព​នៃ​ការរីកចម្រើន​រួមគ្នា​របស់​យើង ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល ២០ ​ឆ្នាំ​ជាប់​គ្នា​។ កំណើន​បែប​នេះ​គឺ​មិនមែន​កើតឡើង​ដោយ​ងាយស្រួល​ឥតហេតុ​នោះទេ គឺជា​លទ្ធផល​នៃ​ការបូកបញ្ចូល​គ្នា​នៃ​កំណើន​លើ​គ្រប់​វិស័យ​ទាំងអស់ ទាំង​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ សង្គមស៊ីវិល និង​វិស័យ​ឯកជន​»​។

កាលពី​ខែ​មករា​ក្រុមហ៊ុន Chip Mong Industry ដែលជា​បុត្រសម្ព័ន្ធ Chip Mong Group ក៏បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​រោងចក្រ​ផលិត​បំពង់​ទុយោទឹក​គ្រប់មុខ​ផងដែរ ដែល​មាន​សមត្ថភាព​ផលិត​ក្នុង​រង្វង់​ ៥ ​ពាន់​តោន​ក្នុង​ ១ ​ខែ​៕