ភ្នំពេញៈ ក្រុមហ៊ុន​ក្នុង​ស្រុក One More Manufacturing Co. Ltd បាន​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​រោងចក្រ​ផលិត «​មីជាតិ​» ដែលមាន​សមត្ថភាព​អាច​ផលិត​បាន ១៥០​ ​លាន​កញ្ចប់​​ ក្នុង​ ១ ​ឆ្នាំ​។

រោងចក្រ​ផលិត​មីនេះ​ត្រូវបាន​បើកសម្ពោធ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ដែល​មាន​ផលិត​មី​ចំនួន​ ៣ ​រសជាតិ គឺ​រសជាតិ​ខគោ រសជាតិ​សាច់ជ្រូក​ចិញ្ច្រាំ និង​រសជាតិ​ស៊ុបមាន់ ដែល​រសជាតិ​ទាំងនេះ​ត្រូវ​បាន​ឆ្លងកាត់​ការពិសោធ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​បំផុត ដើម្បី​ឲ្យ​សមស្រប​ទៅ​តាម​បែបបទ​រសជាតិ​ខ្មែរ​។

លោកស្រី ជឹង សុគន្ធាវី នាយិកា​ក្រុមហ៊ុន One More Manufacturing Co. Ltd បាន​ឲ្យ​ដឹងថា ការវិនិយោគ​នេះ​បាន​ធ្វើឡើង​ស្របតាម​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា ខណៈ​តម្រូវការ​ចំណីអាហារ​កំពុង​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​។ លោកស្រី​បន្ថែមថា មីជាតិ​ត្រូវបាន​បង្កើតឡើង​ដោយ​ការយក​ចិត្ត​ទុកដាក់​បំផុត​។

លោកស្រី សុគន្ធាវី បន្តថា រោងចក្រ​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការអភិវឌ្ឍ​វិស័យ​ផលិត​ចំណីអាហារ​ក្នុងស្រុក​ពោល​គឺ​នឹង​ជួយ​កាត់បន្ថយ​ការពឹង​ផ្អែក​ទៅ​លើ​ការនាំចូល​ផលិតផល​ពី​បរទេស​។ ម្យ៉ាងទៀត​រោងចក្រ​នេះ​ក៏បាន​ជួយ​បង្កើត​ឱកាស​ការងារ​បាន​យ៉ាងច្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ផងដែរ​។

លោកស្រី​ថ្លែងថា​៖ «​នេះ​ជា​ពេល​ដ៏សមស្រប​បំផុត​ដែល​កម្ពុជា​គួរ​មាន​រោងចក្រ​ផលិត​ចំណីអាហារ​ក្នុង​ស្រុក ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​ប្រជាជន​ប្រមាណ​ជាង ១៦ ​លាន​នាក់​ដែល​វា​នឹង​ជួយ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ចង្វាក់​ផលិតកម្ម​របស់​បរទេស ឬ​ប្រទេស​ជិត​ខាង​»​។

ទោះយ៉ាងណា​រោងចក្រ​ដែល​ប្រើប្រាស់​ម៉ាស៊ីន និង​បច្ចេកវិទ្យា​ទំនើប​មកពី​ប្រទេស​ជប៉ុន​នេះ​មិន​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​តម្លៃ​នៃ​ទុនវិនិយោគ​ឡើយ​។

ក្នុងឱកាស​ចូលរួម​ពិធី​សម្ពោធ​រោងចក្រ «​មីជាតិ​» កាលពី​ថ្ងៃ​សៅរ៍​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​រោងចក្រ​នេះ ដោយ​លោក​ចាត់ទុក​ថា ជា​ការរួមចំណែក​របស់​វិស័យ​ឯកជន​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​កម្ពុជា ពិសេស​ការធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច ក៏ដូចជា​ការបង្កើត​ឱកាស​ការងារ និង​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាជន​។

ទោះជា​យ៉ាងណា​លោក​ក៏បាន​សំណូមពរ​ឲ្យ​អ្នកវិនិយោគ​ទាំងអស់​ត្រូវ​គិតពី​ផល​អវិជ្ជមាន​ចំពោះ​បរិស្ថាន ច្បាប់ និង​ទទួល​ខុសត្រូវ​សង្គម​ផងដែរ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ដល់​ក្រុមហ៊ុន​ឯកជន​ទាំងអស់ សូមកុំ​ផ្តោត​តែ​លើ​ប្រាក់​ចំណេញ​មួយ​មុខ ប៉ុន្តែ​ត្រូវ​ខិតខំ​ធ្វើការងារ​សំដៅ​ធានា​ឲ្យ​ក្រុមហ៊ុន​មាន​អនុលោមភាព​ជាមួយ​ក្រឹត្យក្រម និង​ស្តង់ដា​បរិស្ថាន ការបង់ពន្ធ​ជូន​រដ្ឋ និង​ការទទួល​ខុសត្រូវ​ផ្នែក​សង្គម​ឲ្យ​បាន​ជា​អតិបរមា​»​។

ការបង្កើត​រោងចក្រ​នេះ​នឹង​ផ្តល់​ភាពវិជ្ជមាន​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា​។

លោកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន LY LY Food Industry Co ដែលជា​រោងចក្រ​ផលិត​នំ​ស្រួយ លីលី បាន​ស្វាគមន៍​ចំពោះ​ការបើក​ដំណើរការ​រោងចក្រ​ផលិត​ «​មីជាតិ​» ដោយ​លោកស្រី​ចាត់ទុកថា​ជា​ការវិនិយោគ​មួយ​ដែល​នឹង​ផ្តល់​ភាព​វិជ្ជមាន​ច្រើន សម្រាប់​កំណើន​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​។

លោកស្រី​បាន​មានប្រសាសន៍​ថា​៖ «​ការវិនិយោគ​នេះ​អាច​និយាយថា ល្អប្រសើរ ព្រោះ​វា​នឹង​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ការនាំចូល​ប៉ុណ្ណោះ​ទេ តែ​វា​អាច​បង្កើន​ចំណូល​ជាតិ និង​ឱកាស​ការងារ​សម្រាប់​ប្រជាជន​ក្នុងស្រុក​ផងដែរ​»​។

ជាមួយ​នឹង​បទពិសោធ​ជា​ក្រុមហ៊ុន​ដែល​នាំចេញ​ផលិតផល​ទៅ​លក់​នៅ​ទីផ្សារ​បរទេស លោកស្រី កែវ មុំ បាន​ប្រាប់ថា ការគិតគូរ​ពី​គុណភាព និង​អនាម័យ​ជាការ​ចាំបាច់​សម្រាប់​ផលិតផល​នីមួយៗ​៕ LA