
លោក ជាវ តាយ អភិបាលខេត្តកំពត ក្នុងពិធីសម្ពោធរោងចក្រផលិតឥដ្ឋកាលពីថ្ងៃទី ២២ វិច្ឆិកា។ រូបថត រដ្ឋបាលខេត្តកំពត
កំពតៈ រោងចក្រផលិតឥដ្ឋដ៏ធំមួយក្នុងខេត្តកំពត ដែលមានទុនវិនិយោគ ៩ លានដុល្លារជាការវិនិយោគរួមគ្នារវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនមកពីប្រទេសចិនបានសម្ពោធបើកដំណើរការជាផ្លូវការហើយកាលពីថ្ងៃអាទិត្យ ដោយអាចមានសមត្ថភាពផលិតឥដ្ឋបានប្រមាណ ៨០ ម៉ឺនដុំ ក្នុង ១ ថ្ងៃ។
រោងចក្រនេះត្រូវបានបំពាក់បច្ចេកវិទ្យាទំនើបៗ និងមានខ្សែចង្វាក់ផលិតកម្មស្វ័យប្រវត្តិ។ នៅក្នុងដំណាក់កាលដំបូង រោងចក្រនេះនឹងប្រើប្រាស់កម្លាំងពលកម្ម ១៧០ នាក់។ រោងចក្រនេះមានផ្ទៃដីទំហំ ៤០ ហិកតា ស្ថិតក្នុងស្រុកអង្គរជ័យ ខេត្តកំពត។
អភិបាលខេត្តកំពតលោក ជាវ តាយ បានថ្លែងក្នុងពេលចូលរួមសម្ពោធរោងចក្រនេះថា នេះគឺជាសមិទ្ធផលថ្មីទៀតដែលខេត្តកំពតសម្រេចបានដើម្បីរួមចំណែកលើកតម្កើងផលិតផលក្នុងស្រុក បង្កើតការងារថ្មីៗសម្រាប់ប្រជាជនក្នុងតំបន់ព្រមទាំងកាត់បន្ថយការនាំចូលដុំឥដ្ឋពីប្រទេសជិតខាងបានមួយចំនួនផងដែរ។
លោកថ្លែងថា៖ «នេះជាការរួមចំណែកយ៉ាងធំធេងពីវិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសវិស័យសំណង់ក្នុងខេត្តឱ្យមានកំណើនឡើងជាលំដាប់ ហើយក៏បានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នេះ ដែលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង»។
លោកក៏បានណែនាំឱ្យម្ចាស់ក្រុមហ៊ុនផលិតឥដ្ឋ ត្រូវរៀបចំធ្វើយ៉ាងណាឱ្យផលិតផលរបស់ខ្លួនធានាបាននូវគុណភាពកម្រិតស្តង់ដា ការបង្កើតឱ្យមានឈ្មោះ និងដាក់រូបឡូហ្គោនៅលើផលិតផលរបស់ខ្លួនឱ្យបានច្បាស់លាស់ផងដែរ។
ម្ចាស់រោងចក្រផលិតឥដ្ឋខាងលើលោក លី គីមវុន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃចន្ទថា នេះជារោងចក្រផលិតឥដ្ឋធំទី ១ ក្នុងខេត្តកំពត ដែលប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ខណៈរោងចក្រនេះនឹងផ្តល់ផលវិជ្ជមានជាច្រើនសម្រាប់សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ និងជួយបំពេញតម្រូវការក្នុងស្រុក។
លោកបន្តថា ជាមួយនឹងវត្ថុធាតុដើមនៅក្នុងស្រុកផ្ទាល់ លោករំពឹងថា ដំណើរការផលិត គុណភាព និងការចែកចាយលើទីផ្សារនឹងមានភាពទូលំទូលាយ ពិសេសក្នុងខេត្តកំពត និងខេត្តជិតខាង។
លោកនិយាយថា៖ «បច្ចុប្បន្នរោងចក្រអាចផលិតឥដ្ឋបាន ៨០ ម៉ឺនដុំ ក្នុង ១ ថ្ងៃ ប៉ុន្តែបើមានតម្រូវការខ្ពស់ យើងនឹងបង្កើនការផលិតបន្ថែមទៀត»។
លោក ហ៊ុយ វណ្ណា អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានស្វាគមន៍ចំពោះការបើកដំណើរការរោងចក្រផលិតឥដ្ឋដ៏ធំនេះដោយលោកនិយាយថា ការស្ទុះឡើងនៃវិស័យសំណង់បានជំរុញឱ្យប្រទេសកម្ពុជានាំចូលសម្ភារសំណង់ស្ទើរគ្រប់មុខពីបរទេសក្នុងនោះក៏មានឥដ្ឋផងដែរ។
លោកបន្ថែមថា ខណៈវិស័យសំណង់នៅកម្ពុជានឹងនៅបន្តមានកំណើនជាបន្តទៀតនោះ ការជំរុញឱ្យមានការបង្កើតរោងចក្រផលិតក្នុងស្រុកកាន់តែច្រើន វានឹងជួយរួមចំណែកយ៉ាងច្រើនដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។
លោកនិយាយថា៖ «បច្ចុប្បន្នកម្ពុជានាំចូលឥដ្ឋពីក្រៅប្រទេសក្នុងបរិមាណច្រើនគួរសមយកមកបំពេញតម្រូវការក្នុងស្រុក ដូច្នេះបើយើងមានរោងចក្រដែលអាចផលិតក្នុងស្រុកបានច្រើននោះ គឺជាការល្អណាស់។ ម្យ៉ាងទៀតការផលិតក្នុងស្រុក គឺមិនត្រឹមតែអាចបង្កើតការងារសម្រាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចមានតម្លៃធូរថ្លៃផងដែរ»៕ LA