ភ្នំពេញៈ ការវិនិយោគលើរោងចក្រវេចខ្ចប់ផ្លែឈើស្រស់មានតម្លៃ ១០ លានដុល្លារ របស់ក្រុមហ៊ុន Hyundai Mao Legacy បានបើកដំណើរការហើយកាលពីថ្ងៃពុធ ដោយបានត្រួសត្រាយផ្លូវសម្រាប់ការនាំចេញផ្លែស្វាយលើកដំបូងរបស់កម្ពុជាទៅទីផ្សាររបស់ប្រទេស កូរ៉េខាងត្បូង ខណៈវានឹងបង្កើនផលិតផលមានស្លាកយីហោផលិតនៅកម្ពុជាទៅទីផ្សារពិភពលោកផងដែរ។
ក្រុមហ៊ុន Hyundai Mao Legacy ជាការវិនិយោគរវាងក្រុមហ៊ុន Hyundai Corporation របស់ប្រទេស កូរ៉េខាងត្បូង ជាមួយក្រុមហ៊ុនក្នុងស្រុក Mao Legacy។ ក្រុមហ៊ុននេះបានបង្កើតឡើងកាលពីឆ្នាំ ២០១៦ និងដាំដុះស្វាយលើផ្ទៃដីទំហំ ២ ៤០០ ហិកតា នៅក្នុងខេត្តកំពង់ស្ពឺ។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជាដែលបានធ្វើជាអធិបតីនៅក្នុងការដាក់ឲ្យដំណើរការរបស់រោងចក្រនេះនៅខេត្តកំពង់ស្ពឺបានឲ្យដឹងថា រោងចក្រនេះគឺជាការរួមចំណែកផ្សេងទៀតនៃការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជាដែលវាអាចវេចខ្ចប់ផ្លែឈើស្រស់មានការគ្រប់គ្រងគុណភាពគោរពតាមស្ដង់ដាអន្តរជាតិ។ លោកបន្តថា៖ «រោងចក្រនេះគឺជាការរួមចំណែកក្នុងការលើកកម្ពស់ផលិតផល ផលិតនៅកម្ពុជានៅលើឆាកអន្តរជាតិ»។
លោកថ្លែងថា៖ «រោងចក្រនេះតួនាទីដ៏សំខាន់ក្នុងការសហការជាដៃគូជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម បង្កើនជីវភាពរស់នៅនៅក្នុងវិស័យកសិកម្ម ពិសេសដើម្បីបង្កើនវិស័យកសិឧស្សាហកម្មឲ្យវាកាន់តែមានស្ដង់ដា ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារអន្តរជាតិ»។
លោក ម៉ៅ គុណពិសី តំណាងឲ្យក្រុមហ៊ុន Hyundai Mao Legacy Co.Ltd បានឲ្យដឹងថា ការបង្កើតក្រុមហ៊ុននេះកើតចេញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង ២។ លោកបានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្មជាច្រើន រួមមានពោត ផ្សិត សណ្ដែកសៀង ប្រេងដូង គ្រាប់ស្វាយចន្ទី ម្រេច និងស្ករស ហើយក៏មានផលិតផលឧស្សាហកម្មដូចជាសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើងផងដែរ។
លោក Park Heung-Kyeoug ឯកអគ្គរាជទូតកូរ៉េប្រចាំកម្ពុជាបានឲ្យដឹងថា ផែនការនេះបណ្ដាលមកពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងកូរ៉េខាងត្បូងបានបង្កើនទំនុកចិត្តសម្រាប់វិស័យឯកជនប្រទេសទាំង ២។
លោកបន្តថា៖ «វាគឺជាការវិនិយោគរួមរវាងក្រុមវិនិយោគិនកូរ៉េខាងត្បូង និងក្រុមវិនិយោគិនកម្ពុជាក្នុងការតភ្ជាប់ផលិតផលកសិកម្មកម្ពុជាជាមួយទីផ្សារបរទេសផ្សេងទៀត»។
លោក ងិន ឆាយ អគ្គនាយកកសិកម្មនៅក្រសួងកសិកម្មបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាអាចផ្ដល់ទិន្នផលផ្លែស្វាយប្រហែល ៤ លានតោនក្នុង ១ ឆ្នាំ លើផ្ទៃដីដាំដុះ ១០ ម៉ឺនហិកតា។ លោកបន្ថែមថាកាលពីឆ្នាំមុន កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ៥៨ ១៦២ តោន។ លោកថ្លែងថា៖ «តាមផែនការ បន្ទាប់ពីយើងធ្វើការនាំចេញជាលើកដំបូងទៅប្រទេសកូរ៉េខាងត្បូង យើងនឹងសម្រេចបានកិច្ចព្រមព្រៀងនាំចេញផ្លែស្វាយទៅចិននៅឆ្នាំនេះផងដែរ»៕LA