
បន្ទះសូឡាជាច្រើនដែលគេបានដំឡើង ដើម្បីទាយយកថាមពលអគ្គិសនីនៅឯប្រទេស មិចស៊ីកូ។ AFP
ភ្នំពេញៈ រោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យ (សូឡា) ធំជាងគេនៅកម្ពុជា ដែលវិនិយោគ ៥៨,២៣ លានដុល្លារនឹងចាប់ផ្តើមបំពាក់ផ្ទាំងសូឡាចំនួន ២០០ ០០០ ផ្ទាំងនៅខែមករា ឆ្នាំ ២០១៩ ខណៈប្រតិបត្តិការនឹងចាប់ផ្តើមនៅចុងឆ្នាំ ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ JinkoSolar Holding Co., Ltd. ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផ្ទាំងសូឡា។
JinkoSolar Holding Co., Ltd ដែលជាក្រុមហ៊ុនផលិតបន្ទះសូឡាធំជាងគេលើពិភពលោក និងបានចុះបញ្ជីក្នុងផ្សារហ៊ុនទីក្រុងញូវយ៉ក បានឲ្យដឹងថា ក្រុមហ៊ុនបានធ្វើកិច្ចសហការជាមួយនឹងក្រុមហ៊ុន SchneiTec Group ដើម្បីសាងសង់រោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យ ដែលមានអានុភាព ៦០ មេហ្គាវ៉ាត់នៅក្នុងខេត្តកំពង់ស្ពឺ។
លោក Gener Miao អនុប្រធានផ្នែកទីផ្សារ និងលក់ពិភពលោកនៃក្រុមហ៊ុន JinkoSolar បាននិយាយថា៖ «យើងមានកិត្តិយសណាស់ដែលបានធ្វើការជាមួយក្រុមហ៊ុន SchneiTec Group លើគម្រោងដ៏សំខាន់នេះ។ ការដំឡើងផ្ទាំងសូឡាដែលអាចផលិតអគ្គិសនីបាន ៦០ មេហ្គាវ៉ាត់នេះជាជំហានដំបូងឆ្ពោះទៅរកអនាគតថាមពលកកើតឡើងវិញដ៏សម្បូរបែប និងរស់រវើកនៅកម្ពុជា»។
លោកបន្តទៀតថា៖ «យើងមានក្តីរំពឹងទុកដ៏ខ្ពស់សម្រាប់តំបន់ទាំងមូល។ កំណើនប្រជាជន កំណើនសេដ្ឋកិច្ចដ៏ខ្លាំង និងពន្លឺព្រះអាទិត្យដ៏ច្រើនរបស់តំបន់នេះ បានបង្ហាញពីឱកាសដ៏ល្អសម្រាប់ថាមពលសូឡា និងសម្រាប់ក្រុមហ៊ុន JinkoSolar»។
គម្រោងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Schneitec Renewable Co.Ltd ដែលជាការវិនិយោគរួមគ្នារវាងវិនិយោគិនកម្ពុជា និងវិនិយោគិនចិន លើផ្ទៃដីទំហំ ២០០ ហិកតានៅជាប់នឹងផ្លូវជាតិលេខ ៥១ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ គម្រោងនេះត្រូវបានអនុម័តដោយទីស្ដីការគណៈរដ្ឋមន្ដ្រីកាលពីខែឧសភា និងទទួលបានការយល់ព្រមដោយ CDC កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០១៨។
លោក សយ សុធារ៉ា ប្រធានគម្រោងនៃក្រុមហ៊ុន SchneiTec Group បាននិយាយថា ក្រុមហ៊ុនសម្រេចជ្រើសរើសយកផ្ទាំងកញ្ចក់របស់ក្រុមហ៊ុន JinkoSolar ព្រោះវាមានភាពធន់ជាមួយនឹងសីតុណ្ហភាពក្តៅ និងមានសំណើមនៅតំបន់អាស៊ីអាគ្នេយ៍។ លោកថ្លែងថា៖ «យើងនឹងធ្វើការជាមួយ JinkoSolar សម្រាប់គម្រោងនេះហើយសង្ឃឹមថា វាគឺជាគម្រោងថាមពលអគ្គិសនីធំជាងគេនៅកម្ពុជា»។
របាយការណ៍វឌ្ឍនភាពវិស័យអគ្គិសនីឆ្នាំ ២០១៨ ដែលផ្សព្វផ្សាយកាលពីសប្តាហ៍មុន ឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ ២០១៨ ប្រភពថាមពលអគ្គិសនីនៅកម្ពុជាមាន ២ ៦៥០,២៦ មេហ្គាវ៉ាត់ ក្នុងនោះ នាំចូលពីប្រទេសជិតខាងចំនួន ៤៤២,៥០ មេហ្គាវ៉ាត់។ នៅឆ្នាំ ២០១៩ កម្ពុជាគ្រោងនឹងបង្កើនលទ្ធភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យដល់ ២ ៨៧០,៦៥ មេហ្គាវ៉ាត់ ក្នុងនោះថាមពលកកើតឡើងវិញគ្រោងបង្កើនដល់ ១៦៣,៧៧ ម៉េហ្គាវ៉ាត់ ដោយកើនពី ៦៤,៧៧ មេហ្គាវ៉ាត់ ក្នុងឆ្នាំ ២០១៧ និង ២០១៨។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីម្សិលមិញបានឲ្យដឹងថា លោកមិនមានព័ត៌មានលម្អិតអំពីសកម្មភាពនៃការសាងសង់រោងចក្រសូឡានេះទេ ដោយលោកគ្រាន់តែដឹងថា ការសាងសង់បានចាប់ផ្តើមដំណើរការតាំងពីដើមខែវិច្ឆិកាមកម្ល៉េះ បន្ទាប់ពីបានវាយតម្លៃផលប៉ះពាល់បរិស្ថាន(EIA) រួចមក។
ប៉ុន្តែលោកបានអះអាងថា រោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យនឹងចូលរួមចំណែកយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ច និងកិច្ចការពារបរិស្ថាន។ លោកបានថ្លែងថា៖ «ជាការល្អណាស់ដែលប្រទេស កម្ពុជា មានរោងចក្រផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ ព្រោះរោងចក្រនេះមិនត្រឹមតែជួយបំពេញនូវតម្រូវការអគ្គិសនីដែលកំពុងតែកើនឡើងដ៏ច្រើននៅកម្ពុជានោះទេ តែវាថែមទាំងជួយការពារបរិស្ថានទៀតផង»។
លោកបន្តថា កំណើនសេដ្ឋកិច្ច និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា បានធ្វើឲ្យតម្រូវការថាមពលអគ្គិសនីកើនឡើងយ៉ាងច្រើននាពេលនេះ។ លោកថ្លែងថា៖ «ប្រសិនបើកម្ពុជាសម្បូរអគ្គិសនីប្រើប្រាស់ វាក៏នឹងជួយកាត់បន្ថយការកាប់ឈើធ្វើអុសផងដែរ»៕ LA