ភ្នំពេញៈ រោងចក្រ​ផលិត​ស៊ីម៉ងត៍​ក្រោម​ការវិនិយោគ​ ១១០ ​លាន​ដុល្លារ​ នៅ​ខេត្ត​កំពត​បាន​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​អាច​ផលិត​បាន ១ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ​។

រោងចក្រ​នេះ​ក្លាយជា​រោងចក្រ​ស៊ីម៉ងត៍​ទី​ ៥ នៅក្នុង​ប្រទេស ​កម្ពុជា ដើម្បី​ជាការ​ឆ្លើយតប​ទៅ​នឹង​ការអភិវឌ្ឍ​យ៉ាង​រហ័ស​នៃ​វិស័យ​សំណង់​។

លោក​ ស៊ុយ សែម រដ្ឋមន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ដែល​ចូលរួម​បើក​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា គម្រោង​វិនិយោគ​នេះ​ត្រូវ​បាន​អភិវឌ្ឍ​លើ​ផ្ទៃដី ៦៧៨,៤ ហិកតា​ ក្នុង​ស្រុក​ដងទុង ខេត្ត​កំពត​ដោយ​រោងចក្រ​នេះ​ស្ថិត​លើ​ផ្ទៃដី​ទំហំ​ ៩១ ​ហិកតា​ ជាមួយ​នឹង​ទុនវិនិយោគ​ប្រហែល​ ១១០ ​លាន​ដុល្លារ​ ជា​ការវិនិយោគ​រួម​រវាង​ក្រុមហ៊ុន​ក្នុងស្រុក ថៃ ប៊ុនរ៉ុង ស៊ីម៉ងត៍ និង​វិនិយោគិន​ចិន​។

រោងចក្រ​នេះ​អាច​ផលិត​ស៊ីម៉ងត៍​បាន​ប្រហែល ២ ៥០០ ​តោន​ ក្នុង​ ១ ​ថ្ងៃ ឬ​ស្មើនឹង​ ១ ​លាន​តោន ក្នុង​ ១ ​ឆ្នាំ​។ រោងចក្រ​នេះ​ផលិត​ស៊ីម៉ងត៍​ចំនួន​ ២ ​ប្រភេទ គឺ​ស៊ីម៉ងត៍​បាវ និង​ស៊ីម៉ងត៍​សម្រាប់​បូក​។

លោក ស៊ុយ សែម បាន​ថ្លែងថា​៖ «​ពិត​ហើយ យើង​មាន​ការផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ឆ្នាំ​ ២០១៨ និង​ឆ្នាំ ​២០១៩ ប៉ុន្តែ​ចំនួន​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ កំពុង​កើនឡើង​យ៉ាងខ្លាំង​ចាប់ពី​ឆ្នាំ​ ២០១៨ រហូត​ដល់​ចុង​ឆ្នាំ​ ២០១៩ ដែល​ធ្វើ​ឲ្យ​តម្រូវការ​ស៊ីម៉ងត៍​ផលិត​នៅក្នុង​ស្រុក​មិន​គ្រប់គ្រាន់ និង​តម្រូវ​ឲ្យ​មាន​ការនាំចូល​មួយ​ចំនួន​ពី​ប្រទេស​ជិតខាង ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​»​។

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដែល​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​នេះ​បាន​ឲ្យ​ដឹងថា រោងចក្រ​ស៊ីម៉ងត៍​ថ្មី​នេះ​គឺជា​សមិទ្ធផល​ថ្មី​របស់​រដ្ឋាភិបាល​ក្នុង​ការទាក់ទាញ​ការវិនិយោគ​មក​ប្រទេស​នេះ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ក៏​ចង់​ប្រកាស​ថា យើង​នឹង​ប្រើប្រាស់​ស៊ីម៉ងត៍​កាន់តែ​ច្រើន ដើម្បី​សាងសង់​ផ្លូវថ្នល់​ផ្សេង​ទៀត​នៅក្នុង​ប្រទេស​នេះ ទាំង​នៅ​ទីក្រុង និង​តំបន់​ជនបទ​»​។

លោកនាយក​រដ្ឋមន្ដ្រី​បន្តថា​៖ «​ខ្ញុំ​សូម​សរសើរ​ដល់​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង សម្រាប់​ការសាសង់​រោងចក្រ​ស៊ីម៉ងត៍​នៅទីនេះ​ក្នុង​ការរួម​ចំណែក​សម្រាប់​ការប្រើប្រាស់ និង​កំណើន​សេដ្ឋកិច្ចជាតិ​។ ខ្ញុំ​សូម​កោតសរសើរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​ខេត្ត​កំពត​ក្នុង​ការជួយ​សម្រួល​ដល់​ការបង្កើត​រោងចក្រ​ស៊ីម៉ងត៍​នៅ​ថ្ងៃនេះ​»​។

លោក​បន្ថែមថា​៖ «​រោងចក្រ​ស៊ីម៉ងត៍​ថ្មី​នេះ​នឹង​មិន​គ្រាន់តែ​រួមចំណែក​ដល់​កំណើន​តម្រូវការ​បច្ចុប្បន្ន​សម្រាប់​វិស័យ​សំណង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ការបង្កើត​ការងារ​សម្រាប់​ប្រជាជន​របស់​យើង​ផងដែរ​»​។

លោក ហឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន VTrust Appraisal បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅពេល​ថ្មីៗ​នេះ​ថា ការកើនឡើង​ផ្នែក​សំណង់​បង្កើត​តម្រូវការ​ជាច្រើន​លើ​សម្ភារៈ​សំណង់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ លោក​បញ្ជាក់ថា​៖ «​យើង​មើលឃើញ​វិស័យ​សំណង់​យើង កំពុង​រីកដុះដាល​ដូច​ផ្សិត​គ្រប់​ទីកន្លែង​នៅពេល​នេះ ពិសេស​នៅ​ទីក្រុង​ភ្នំពេញ​ដែល​មាន​ខុនដូ ផ្ទះល្វែង និង​លំនៅឋាន​ជាច្រើន​ដែល​ត្រូវការ​តម្រូវការ​ជាច្រើន​លើ​ទីផ្សារ​សម្ភារ​សំណង់​»​។

លោក ស៊ុយ សែម ឲ្យ​ដឹងថា ត្រឹម​ចុង​ឆ្នាំ​ ២០១៩ កម្ពុជា​មាន​រោងចក្រ​ស៊ីម៉ងត៍​៥ ដែល​ស្រូប​យក​បុគ្គលិក​ប្រហែល ២ ៧០០ ​នាក់ និង​អាចមាន​សមត្ថភាព​ការផលិត ៨​ ​លាន​តោន ​ជាមួយ​នឹង​ទុនវិនិយោគ​ចំនួន​ ៨០០ ​លាន​ដុល្លារ​៕ LA