បាត់ដំបងៈ រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដំបូង​ដែល​វិនិយោគ ២៣០ ​លាន​ដុល្លារ នៅ​ក្នុង​ខេត្ត​បាត់ដំបង​បាន​បើក​ដំណើរការ​ពី​ថ្ងៃ​ម្សិលមិញ​ដែល​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​រំពឹង​ថា​នឹង​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅ​ប្រទេស​កាន់តែ​ច្រើន​។

រោងចក្រ​ផលិត​ស៊ីម៉ងត៍ Battambang Conch Cement ដែល​មាន​សមត្ថភាព​ផលិត​ ៥ ​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ត្រូវ​បាន​បើក​ដាក់​ឲ្យ​ដំណើរការ​ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

រោងចក្រ​ដែល​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ ៣១៦ ហិកតា គឺជា​ការវិនិយោគ​រួម​រវាង​ក្រុមហ៊ុន Conch International Holding (HK) Limited និង​ក្រុមហ៊ុន Battambang KT Cement Co., Ltd ។

លោក វិញ ហួរ អគ្គនាយក​ក្រុមហ៊ុន Battambang Conch Cement បាន​ថ្លែង​ថា វត្តមាន​នៃ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នេះ​នឹង​ធ្វើឲ្យ​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា​កាត់​បន្ថយ​ស៊ីម៉ងត៍​នាំ​ចូល​ពី​ក្រៅ​ប្រទេស​។

លោក​ថ្លែង​ថា​៖ «​ចាប់ពី​ពេល​នេះ​តទៅ​រោងចក្រ​ស៊ីម៉ងត៍​របស់​យើង​រួម​នឹង​រោងចក្រ​ស៊ីម៉ងត៍​ផ្សេង​ទៀត​នៅក្នុង​ឧស្សាហកម្ម​នេះ​នឹង​អាច​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ហើយ​យើង​នឹង​ប្រកួត​ប្រជែង​ជាមួយ​ស៊ីម៉ងត៍​នាំចូល​លើ​គុណភាព និង​តម្លៃ​»​។

លោក វិញ ហួរ បន្ត​ថា​រោងចក្រ​ថ្មី​នេះ​ក៏​នឹង​ជំរុញ​ឲ្យ​តម្លៃ​ស៊ីម៉ងត៍​ក្នុង​ស្រុក​ធ្លាក់​ចុះ​ផង​ដែរ​។

យោង​តាម​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ការបើក​ដំណើរការ​រោងចក្រ​ស៊ីម៉ងត៍​ថ្មី​នេះ​បាន​ធ្វើឲ្យ​រោងចក្រ​ស៊ីម៉ងត៍​ក្នុង​ស្រុក​សរុប​កើនឡើង​ដល់​ ៤ ​រោងចក្រ ខណៈ​ការផលិត​សរុប​កើនឡើង​ដល់​ ៧ ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។

លោក​បង្ហាញ​ថា​៖ «​ទាំងនោះ​គឺជា​តម្រូវការ​ដែល​កម្ពុជា​កំពុង​អភិវឌ្ឍន៍​ដោយសារ​កំណើន​នៃ​ការសាងសង់​ដូចជា​សាលារៀន និង​អគារ​»​។ លោក​បន្ត​ថា​៖ «​កម្ពុជា​មិន​គ្រាន់​តែ​ផ្គត់ផ្គង់​ស៊ីម៉ងត៍​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​បំណង​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​»​។

តាម​លោក​នាយក​រដ្ឋមន្ត្រី រោងចក្រ​ផលិត​ស៊ីម៉ងត៍​នេះ​នឹង​ផ្គត់ផ្គង់​ទៅ​កាន់​ខេត្ត​មួយ​ចំនួន​ដូចជា​ខេត្ត​បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ និង សៀមរាប​។ ទោះ​យ៉ាង​នេះ​ក្តី​លោក​បញ្ជាក់​ថា​កម្ពុជា​នៅ​មាន​តម្រូវការ​ច្រើន ដែល​ទាមទារ​ឲ្យ​មាន​ការ​វិនិយោគ​បន្ថែម​នៅក្នុង​ឧស្សាហកម្ម​នេះ​៕LA