
ទិដ្ឋភាពរោងចក្រផលិតស៊ីម៉ងត៍ជីបម៉ុង ដែលបានបើកដំណើរការកាលពីថ្ងៃម្សិលមិញ។ រូបថត ហ៊ឹន ពិសី
កំពតៈ រោងចក្រផលិតស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) នៅខេត្តកំពតបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកាលពីម្សិលមិញ ដោយមានសមត្ថភាពផលិតស៊ីម៉ងត៍ ៥០០០ តោនក្នុងមួយថ្ងៃ ឬស្មើនឹង ១,៧ លានតោនក្នុងមួយឆ្នាំ ក្រោមទុនវិនិយោគសរុបចំនួន ២៦២ លានដុល្លារ។
ពិធីបើកសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រោងចក្រនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំជាង ១១០ ហិកតា នៅភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស។ រោងចក្រនេះគឺជាការសហការវិនិយោគរវាងក្រុមហ៊ុនក្នុងស្រុកគឺ ក្រុមហ៊ុនជីបម៉ុង គ្រុប ដែលកាន់កាប់ភាគហ៊ុន ៦០ ភាគរយ និងក្រុមហ៊ុនស្យ៉ាម ស៊ីធី ស៊ីមេន របស់ថៃ ដែលមានភាគហ៊ុន ៤០ ភាគរយ។
លោក Aidan Lynam នាយកប្រតិបត្តិក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានលើកឡើងកាលពីម្សិលមិញថា ផលិតផលស៊ីម៉ងត៍ពីរោងចក្រថ្មីនេះនឹងរួមចំណែកឆ្លើយតបនឹងតម្រូវការស៊ីម៉ងត៍នៅកម្ពុជាដែលកំពុងកើនឡើងដែលត្រូវបានប៉ាន់ប្រមាណថាមានជាង ៦ លានតោនកាលពីឆ្នាំ ២០១៧។ លោកបន្តថា ផលិតផលស៊ីម៉ងត៍របស់ CMIC អាចរួមចំណែកបំពេញតម្រូវការស៊ីម៉ងត៍នៅលើទីផ្សារបានប្រមាណ ២៥ ភាគរយ។
លោកថ្លែងថា៖ «យើងយល់ថា តម្រូវការស៊ីម៉ងត៍នៅប្រទេសកម្ពុជានាពេលខាងមុខនឹងបន្តកើនឡើងខ្លាំង ដោយសារកំណើនដ៏លឿនរហ័សនៃទំហំសេដ្ឋកិច្ច និងកំណើនចំនួនប្រជាជនដែលជួយគាំទ្រដល់កំណើនវិស័យសាងសង់»។
យោងតាមលោក Lynam ផលិតផលស៊ីម៉ងត៍ចេញពី CMIC បានប្រើប្រាស់វត្ថុធាតុដើមល្អៗក្នុងប្រទេសរួមមានថ្មកំបោរ ដីក្រហម បុកសាយ និងដីឥដ្ឋ និងវត្ថុធាតុដើមផ្សេងទៀតត្រូវបាននាំចូលពីប្រទេសថៃ។
CMIC គឺជារោងចក្រផលិតស៊ីម៉ងត៍ទី ៣ ដែលកំពុងដំណើរការផលិតកម្មនៅកម្ពុជា ក្នុងចំណោមរោងចក្រផលិតស៊ីម៉ងត៍ ៥ ដែលត្រូវបានរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណវិនិយោគនៅកម្ពុជា។
រោងចក្រផលិតស៊ីម៉ងត៍ដែលកំពុងដំណើរការរួមមាន Kampot Cement រោងចក្រផលិតស៊ីម៉ងត៍ Chakrey Ting។ រោងចក្រផលិតស៊ីម៉ងត៍ ២ ផ្សេងទៀតដែលនឹងដំណើរការនាពេលខាងមុខ មានរោងចក្រផលិតស៊ីម៉ងត៍ Thai Boon Roong និង រោងចក្រផលិតស៊ីម៉ង់ Battambang Conch Cement។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រ CMIC កាលពីម្សិលមិញ លោក ហ៊ុន សែន បានលើកឡើងថា វត្តមានរោងចក្រផលិតស៊ីម៉ងត៍កាន់តែច្រើនឡើងគឺឆ្លើយតបនឹងកំណើនសកម្មភាពវិនិយោគក្នុងវិស័យសំណង់របស់កម្ពុជា និងកំពុងឆ្លុះបញ្ចាំងពីលទ្ធភាពកម្ពុជាដែលកំពុងងើបឡើងជាបណ្តើរៗនៃប្រភេទរោងចក្រឧស្សាហកម្មធុនធ្ងន់។
លោកថ្លែងថា៖ «តម្រូវការកាន់តែច្រើនទៅៗ ឥឡូវនេះការសាងសង់ផ្លូវថ្នល់ខ្លះមិនបានសាងសង់ដោយកៅស៊ូទៀតទេ ត្រូវចាប់ផ្តើមដោយសាងសង់ជាបេតុងដែលមានកម្រាស់ ២ ទៅ ៣ តិក ដែលអាចនឹងត្រូវការប្រើប្រាស់ស៊ីម៉ងត៍កាន់តែច្រើនទៅ»។
លោកបន្តថា៖ «[រោងចក្រ] នេះ ជាប្រភេទឧស្សាហកម្មធុនធ្ងន់មួយនៅប្រទេសកម្ពុជា បន្ទាប់ពីវិស័យឧស្សាហកម្មធុនធ្ងន់មួយចំនួន បានដំណើរការរួចមកហើយ»៕