ភ្នំពេញ៖ ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន Conch KT Cement ដែល​កំពុង​វិនិយោគ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ​ក្នុង​ខេត្ត​បាត់ដំបង នៅ​ពេល​នេះ​កំពុង​ឈាន​ឆ្ពោះ​ទៅ​វិនិយោគ​លើ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ១ កន្លែង​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ក្រោម​ទុន​វិនិយោគ​ប្រមាណ ២៦៣ លាន​ដុល្លារ ដែល​រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ជិត ២ លាន​តោន​ក្នុង ១ ឆ្នាំ។ នេះ​បើ​តាម​លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ។

រោងចក្រ​ផលិត​ស៊ីម៉ងត៍​បាត់ដំបង ខនស៍ ស៊ីមេន បាន​បើក​ដំណើរការ​កាល​ពី​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ គឺ​ជា​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន Conch International Holding (HK) Limited ជាមួយ​នឹង​ក្រុមហ៊ុន Battambang KT Cement Co.,Ltd ក្រោម​ទុន​វិនិយោគ​ប្រមាណ ២៣០ លាន​ដុល្លារ។ រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ជិត ២ លាន​តោន ​ក្នុង ១ ឆ្នាំ។

ថ្លែង​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មីនា លោក វ៉ី សំណាង ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ការ​សិក្សា​លម្អិត​របស់​ក្រុមហ៊ុន​លើ​គម្រោង​កសាង​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ក្នុង​ខេត្ត​កំពង់ស្ពឺ ជិត​បញ្ចប់ ១០០ ភាគរយ​ហើយ ខណៈ​នៅ​ពេល​នេះ​ក្រុមហ៊ុន​ក៏​បាន​និង​កំពុង​រៀបចំ​ឯកសារ​សុំច្បាប់​ពី​ផ្នែក​ពាក់ព័ន្ធ និង​ការ​សម្រេច​ពី​រាជរដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​សង់រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​ទី១ ក្នុង​ខេត្ត​កំពង់ស្ពឺ។

លោក​បន្ត​ថា​ គម្រោង​នេះ​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ហោង​សំណំ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដែល​ជា​តំបន់​មាន​សក្តានុពល​ខ្លាំង​សម្រាប់​ការ​ផលិត​ស៊ីម៉ងត៍។

លោក​ថ្លែង​ថា៖ «ខ្ញុំ​រំពឹង​ថា រោងចក្រ​នេះ​នឹង​ចាប់​ដំណើរការ​ក្នុង​ពេល​ឆាប់ៗ ដែល​នឹង​ធ្វើ​ឱ្យ​ខេត្ត​កំពង់ស្ពឺ​ក្លាយ​ទៅ​ជា​ទីតាំង​ផលិត​ស៊ីម៉ងត៍​ថ្មី​មួយ​ទៀត​នៅ​កម្ពុជា»។ លោក​បន្ត​ថា៖ «រោងចក្រ​នេះ​នឹង​ផ្តល់​នូវ​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​កំណើន​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ ជាពិសេស​វា​នឹង​ជួយ​កាត់​បន្ថយ​ការ​នាំចូល​ស៊ីម៉ងត៍​ពី​ក្រៅ​ប្រទេស»។

លោក​បន្ថែម​ទៀត​ថា ភាព​អំណោយផល​ទីតាំង​ភូមិសាស្ត្រ និង​ស្ថិរភាព​នយោបាយ​បាន​ធ្វើ​ឱ្យ​ខេត្ត​កំពង់ស្ពឺ ​ទទួល​បាន​កំណើន​ការ​ចូល​មក​បណ្តាក់​ទុន​ជា​បន្តបន្ទាប់ ទោះ​ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​រាលដាល​ជំងឺ​ផ្លូវ​ដង្ហើម​សកល​កូវីដ ១៩។

បើ​តាម​លោក សំណាង នៅ​ពេល​រោងចក្រ​នេះ​ដំណើរការ វា​នឹង​អាច​បង្កើត​ការងារ​បាន​ពី ៤០០-៥០០ កន្លែង។ រោងចក្រ​នេះ​នឹង​ក្លាយ​ជា​ចំណែក​មួយ​ក្នុង​ការ​បំពេញ​តម្រូវ​ការ​ស៊ីម៉ងត៍​នៅ​កម្ពុជា ដែល​ត្រូវ​រំពឹង​ថា នឹង​មាន​សម្ទុះ​ខ្លាំង​ឡើង​វិញ​បន្ទាប់​ពី​កូវីដ ១៩ ត្រូវ​បាន​បញ្ចប់។

លោក ជីវ ស៊ីវផេង ប្រធាន​អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា បាន​ប្រាប់​ថា ទោះបី​ការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ បាន​ធ្វើ​ឱ្យ​វិស័យ​សំណង់​នៅ​កម្ពុ​ជានា​រយៈពេល​ជាង ១ ឆ្នាំ​មក​នេះ​ធ្លាក់​ចុះ ប៉ុន្តែ​វិស័យ​សំណង់​ពិត​ជា​ស្វាគមន៍​ចំពោះ​ព័ត៌មាន​នេះ ព្រោះ​ការ​បង្កើត​រោងចក្រ​ផលិត​ស៊ីម៉ងត៍​វា​មិន​ត្រឹមតែ​អាច​ធ្វើ​ឱ្យ​តម្លៃ​ស៊ីម៉ងត៍​ទាប​ជាង​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ផ្តល់​នូវ​ផល​វិជ្ជមាន​ជា​ច្រើន​ទៀត​រាប់​តាំង​ពី​ការ​បង្កើត​ការងារ​ថ្មីៗ និង​ការ​ប្រមូល​ចំណូល​ពន្ធ​របស់​រដ្ឋ​ផង​ដែរ។ លោក​បន្ត​ថា បើ​គម្រោង​នេះ​លេច​ចេញ​ជា​រូបរាង វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​មាន​ឧត្តមភាព​សម្រាប់​ផលិតផល​ក្នុង​ស្រុក និង​ជា​ការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​នាំចូល​ស៊ីម៉ងត៍​ពី​បរទេស។

លោក​បន្ថែម​ថា៖ «ក្នុង​នាម​ជា​អ្នក​សាងសង់​យើង​ពិត​ជា​ចង់​ឱ្យ​មាន​ផលិតផល​ស៊ីម៉ងត៍​កាន់​តែ​ច្រើន ពិសេស​ផលិតផល​ក្នុង​ស្រុក ព្រោះ​អាច​មាន​តម្លៃ​សមរម្យ​ជាង​ផលិតផល​នាំចូល និង​មាន​គុណ​ភាព​ល្អ​ជាង​ផលិតផល​នាំចូល»។

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ​នៃ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ងត៍​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន ៥ ដោយ​រោងចក្រ​ទាំង​នេះ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​សរុប ៧,៩ លាន​តោន ​កាល​ពី​ឆ្នាំ ២០២០ កើន​ឡើង ៧ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ ២០១៩។ ប្រសិន​បើ​រោងចក្រ​ទាំង ៥ ដំណើរការ​ពេញលេញ​វា​អាច​មាន​សមត្ថភាព​ផលិត​បាន​សរុប​រហូត​ដល់ ១០ លាន​តោន ​ក្នុង ១ ឆ្នាំ។

លោក​បាន​បន្ថែម​ថា កំណើន​ផលិតផល​ស៊ីម៉ងត៍​ក្នុង​ស្រុក​កំពុង​ដើរ​តួនាទី​កាន់​តែ​សំខាន់ ​ដើម្បី​ជំនួស​ការនាំ​ចូល ខណៈ​បច្ចុប្បន្ន​កម្ពុជា​បាន​នាំចូល​ស៊ីម៉ងត៍​ពី​ប្រទេស​មួយ​ចំនួន​ដូចជា ប្រទេស​ថៃ វៀតណាម និង​ប្រទេស​ចិន ជា​ដើម។

លោក​និយាយ​ថា៖ «ខ្ញុំ​រំពឹង​ថា ការ​ផលិត​ស៊ីម៉ងត៍​របស់​រោងចក្រ​នៅ​កម្ពុជា​ក្នុង​ឆ្នាំនេះ​ នឹង​កើន​ឡើង​បន្ថែម​ទៀត ដើម្បី​ជា​ចំណែក​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ចជាតិ»។

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ៥ កំពុង​ដំណើរការ​រួម​មាន​ក្រុមហ៊ុន​ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន, ក្រុមហ៊ុន​កំពត​ស៊ីមេន, ក្រុមហ៊ុន​ស៊ីម៉ងត៍​ចក្រីទីង, ក្រុមហ៊ុន​បាត់ដំបង ខនស៍ ស៊ីមេន និង​ក្រុមហ៊ុន​ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត។ ទុន​វិនិយោគ​សរុប​របស់​រោង​ចក្រ​ទាំង ៥ នេះ​ប្រមាណ ៨០០ លាន​ដុល្លារ៕ LA