ភ្នំពេញៈ រោងចក្រ​ផលិត​ស៊ីម៉ងត៍​ថ្មី​មួយ​ទៀត​ដែល​មាន​​ទីតាំង​នៅ​ខេត្ត​បាត់ដំបង​នឹង​ចាប់ផ្តើម​ដំណើរការ​ផលិតកម្ម​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ដោយ​មាន​សមត្ថភាព​ផលិត ១,៧ លាន​តោន​ក្នុង​មួយ​ឆ្នាំ​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក ស៊ុយ សែម រដ្ឋមន្ត្រី​​ក្រសួង​រ៉ែ និង​ថាមពល​។

ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូក​សរុប​សមិទ្ធផល​នៃ​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​វិស័យ​រ៉ែ និង​ថាមពល​កាលពី​សប្តាហ៍​មុន​លោក ស៊ុយ សែម បញ្ជាក់​ថា​នៅពេល​ដែល​រោងចក្រ​ស៊ីម៉ងត៍​ថ្មី​មួយ​ទៀត​នេះ​ដំណើរការ កម្ពុជា​នឹង​មាន​លទ្ធភាព​ផលិត និង ​ផ្គត់ផ្គង់​ស៊ីម៉ងត៍​ស្រប​តាម​តម្រូវការ​ក្នុង​ស្រុក​។ លោក​ថ្លែង​ថា​៖ «​យើង​នឹង​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ពេញលេញ​ ៤ ដែល​ឲ្យ​ដំណើរការ​ដែល​អាច​ផលិត​ស៊ីម៉ងត៍​បាន ៧ លាន​តោន​ក្នុង​មួយ​ឆ្នាំ​»​។

ខណៈ​រដ្ឋមន្ដ្រី​មិន​បាន​លើកឡើង​ពី​ឈ្មោះ​ជាក់លាក់​របស់​រោងចក្រ​ស៊ីម៉ងត៍​ដែល​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​សប្ដាហ៍​នេះ តែ​រោងចក្រ​ ១ ​គត់​ដែល​មាន​សមត្ថភាព​គឺ​ក្រុមហ៊ុន Battambang Conch Cement Co Ltd ដែល​ជា​ការវិនិយោគ​រួម​រវាង​ក្រុមហ៊ុន​ចិន Conch International Holdings (HK) Ltd និង​ក្រុមហ៊ុន​ស៊ីម៉ងត៍​ក្នុង​ស្រុក Battambang KT Cement Co Ltd ។

ការសាងសង់​រោងចក្រ​នេះ​បាន​ចាប់ផ្ដើម​កាលពី​ខែ​តុលា​ឆ្នាំ​ ២០១៦ នៅលើ​ផ្ទៃដី​ទំហំ ១០០ ​ហិកតា​នៅ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ជាមួយ​នឹង​ការវិនិយោគ​ប្រហែល​ ២៣០ ​លាន​ដុល្លារ​។

លោក យស មុនីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​យល់ស្រប​ថា ប្រទេស​នេះ​នៅពេល​នេះ​នឹង​អាច​ផ្គត់ផ្គង់​តម្រូវការ​ស៊ីម៉ងត៍​ដោយ​ខ្លួនឯង​បាន ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា​មាន​ការ​ពិបាក​ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​ច្បាស់លាស់​លើ​តម្រូវការ​ស៊ីម៉ងត៍​នៅ​កម្ពុជា​។

អ្នក​នាំពាក្យ​រូប​នេះ​បាន​កត់សម្គាល់​ថា ដោយ​មាន​កំណើន​ប្រកប​ដោយ​ស្ថិរភាព​នៅក្នុង​វិស័យ​សំណង់ ការ​វិនិយោគ​កាន់តែ​ច្រើន​លើ​ការផលិត​ស៊ីម៉ងត៍​អាច​នៅ​តែ​ចាំបាច់​នៅ​ពេល​អនាគត​។ លោក​ថ្លែង​​ថា​៖ «​តម្រូវការ​ស៊ីម៉ងត៍ និង​សម្ភារ​សំណង់​ផ្សេង​ទៀត​កំពុង​រីកចម្រើន​ខ្លាំង​»​។

លោក​បន្ត​ថា​៖ «​នៅពេល​នេះ​ប្រសិន​បើ​រោងចក្រ​ដែល​មាន​ស្រាប់​ប្រតិបត្តិការ​ពេញលេញ រោងចក្រ​ទាំង​នោះ​អាច​ផ្គត់ផ្គង់​តម្រូវការ​បច្ចុប្បន្ន​បាន ប៉ុន្តែ​ប្រសិនបើ​ល្បឿន​តម្រូវការ​បន្ត​កើនឡើង​កាន់តែ​ច្រើន​ឡើងៗ យើង​គិត​ថា យើង​នឹង​ត្រូវការ​ការវិនិយោគ​បន្ថែម​លើ​រោងចក្រ​ស៊ីម៉ងត៍​»​។

កាលពី​ខែ​កុម្ភៈ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) នៅ​ខេត្ត​កំពត​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ដោយ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍ ៥០០០ តោន​ក្នុង​មួយ​ថ្ងៃ ឬ​ស្មើនឹង ១,៧ លាន​តោន​ក្នុង​មួយ​ឆ្នាំ​ក្រោម​ទុនវិនិយោគ​សរុប​ចំនួន ២៦២ លាន​ដុល្លារ​។

រោងចក្រ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃដី​ទំហំ​ជាង ១១០ ហិកតា​នៅ​ភូមិ​ព្រៃ​តាព្រិត ឃុំ​ស្តេចគង់​ខាង​លិច ស្រុក​បន្ទាយមាស​។ រោងចក្រ​នេះ​គឺជា​ការសហការ​វិនិយោគ​រវាង​ក្រុមហ៊ុន​ក្នុងស្រុក​គឺ ក្រុមហ៊ុន​ជីបម៉ុង គ្រុប ដែល​កាន់កាប់​ភាគហ៊ុន ៦០ ភាគរយ និង​ក្រុមហ៊ុន​ស្យ៉ាម ស៊ីធី ស៊ីមេន របស់​ថៃ ដែល​មាន​ភាគហ៊ុន ៤០ ភាគរយ​។

លោក Aidan Lynam នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ផលិតផល​ស៊ីម៉ងត៍​ពី​រោងចក្រ​ថ្មី​នេះ​នឹង​រួម​ចំណែក​ឆ្លើយតប​នឹង​តម្រូវការ​ស៊ីម៉ងត៍​នៅ​កម្ពុជា​ដែល​កំពុង​កើនឡើង​ដែល​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ជាង ៦ លាន​តោន​កាលពី​ឆ្នាំ ២០១៧​។

លោក​បន្ត​ថា ផលិតផល​ស៊ីម៉ងត៍​របស់ CMIC អាច​រួម​ចំណែក​បំពេញ​តម្រូវការ​នៅលើ​ទីផ្សារ​ប្រមាណ​ ២៥ ភាគរយ​៕ LA