ភ្នំពេញ: ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈថ្មីមួយទៀតរបស់ក្រុមហ៊ុន អ៊ិនធើ ម៉ាទ្រីត បេវើរីច (ខេមបូឌា) ឯ.ក [Inter-Mattrid Beverage (Cambodia) Co., Ltd] ដែលមានទុនវិនិយោគ ៧៨ លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាផ្លូវការកាលពីថ្ងៃទី ៤ ខែធ្នូ។
សេចក្តីប្រកាសព័ត៌មាន CDC បានឱ្យដឹងថា គម្រោងបង្កើតរោងចក្រនេះមានទីតាំងនៅស្រុកកៀនស្វាយ ខេត្តកណ្តាលដោយបង្កើតឱកាសការងារដល់ប្រជាជនបាន ៥៥០ កន្លែង។
បុគ្គលិកផ្នែកលក់ក្រុមហ៊ុន អ៊ិនធើ ម៉ាទ្រីត បេវើរីច (ខេមបូឌា) ឯ.ក សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ក្រុមហ៊ុនលោកកំពុងដំណើរការសាងសង់រោងចក្រ ប៉ុន្តែលោកពុំដឹងថានឹងសាងសង់រួចរាល់នៅពេលណាទេ។ លោកបន្តថា សព្វថ្ងៃបុគ្គលិកទាំងអស់កំពុងទទួលការបណ្តុះបណ្តាលពីក្រុមហ៊ុនដើម្បីត្រៀមចូលបម្រើការងារ។
លោកនិយាយថា៖ «ស្រាបៀរគេពេញនិយមខ្លាំងនៅស្រុកយើង គេចូលចិត្តផឹកមិនថាកម្មវិធីអ្វីក៏ដោយត្រូវតែមានស្រាបៀរ ពិសេសកម្មវិធីជប់លៀងធំៗ»។
កាលពីខែមេសា និងខែកក្កដា ឆ្នាំនេះ CDC បានអនុម័តគម្រោងបង្កើតរោងចក្រស្រាបៀរ និងភេសជ្ជៈថ្មីចំនួន ២ គឺ ក្រុមហ៊ុន ហនុមាន ប៊ែវរីជីស ឯ.ក (Hanuman Beverages Co., Ltd) មានតម្លៃវិនិយោគ ១៦០,៦ លានដុល្លារ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល និងរោងចក្ររបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក (Vattanac Brewery Co., Ltd) ដែលមានតម្លៃវិនិយោគ ៨៧ លានដុល្លារស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ហេង នឿន បុគ្គលិកផ្នែកគណនេយ្យនៃក្រុមហ៊ុនភ្នំពេញបៀរ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបង្កើតក្រុមហ៊ុនថ្មីបន្ថែមទៀតនឹងផ្តល់ជម្រើសកាន់តែច្រើនដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារកំពុងតែរួមតូចមួយនេះ។
លោកថ្លែងថា៖ «វិស័យនេះវានៅតែអាចមានចំណែកទីផ្សារខ្លះសម្រាប់អ្នកចូលថ្មី ព្រោះតាមនិន្នាការគេហូបស្រាបៀរអាស្រ័យលើការផ្តល់រង្វាន់ ការធ្វើពាណិជ្ជកម្មផ្សព្វផ្សាយខ្លាំង ហើយសម្រាប់រសជាតិគេមិនផ្តោតប៉ុន្មានទេ ដូច្នេះក្រុមហ៊ុនបង្កើតថ្មីៗនៅតែអាចទាញយកចំណែកទីផ្សារខ្លះនៅក្នុងស្រុក»។
លោក នឿន បានឱ្យដឹងថា សព្វថ្ងៃស្រាបៀរម៉ាកភ្នំពេញ និងស្ពេស្យ៉ាល់ មានលក់នៅលើទីផ្សារតិចតួចប៉ុណ្ណោះ ដោយក្រុមហ៊ុនផ្តោតលើការនាំចេញទៅប្រទេសថៃ និងមីយ៉ាន់ម៉ា។
លោកប្រាប់ថា៖ «ការនាំចេញរបស់យើងប៉ះពាល់ខ្លាំង។ ការនាំចេញធ្លាក់ចុះដោយសារការបិទច្រកព្រំដែនក្នុងអំឡុងពេលជំងឺកូវីដ ១៩»។
អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហេង សុខគង់ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីខែកក្កដាថា ការបង្កើតរោងចក្រថ្មីៗនេះ រដ្ឋនឹងទទួលបានចំណូលពន្ធរាប់សិបលានដុល្លារក្នុង ១ ឆ្នាំៗពីឧស្សាហកម្មស្រាបៀរ។
លោកថ្លែងថា៖ «រោងចក្រថ្មីនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុកក៏ដូចជា ជួយបង្កើតការងារថ្មីៗ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងប្រាក់ចំណូលពន្ធយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិ»។
របាយការណ៍ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីខែមេសា បង្ហាញថា នៅកម្ពុជាមានក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈចុះបញ្ជីនៅក្រសួងចំនួន ១០៕LA