ភ្នំពេញៈ រោងចក្រ​ផលិត​ស្រាបៀរ​ថ្មី​មួយ​របស់​ក្រុមហ៊ុន Vattanac Brewery Co.,Ltd ដែលមាន​តម្លៃ​វិនិយោគ ៨៧ ​លាន​ដុល្លារ ​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ផ្លូវការ​កាលពី​ថ្ងៃទី​ ១០ ខែ មិថុនា ឆ្នាំ​ ២០២០ កន្លង​មក​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC បាន​ឲ្យ​ដឹងថា គម្រោង​ដែល​បាន​អនុម័ត​នេះ​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយ​អាច​បង្កើត​ការងារ​បាន​ ៨៩៩ ​កន្លែង​។

អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​លោក ហេង សុខគង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នេះ​ជា​រោងចក្រ​ផលិត​ស្រាបៀរ​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន Vattanac Brewery Co., Ltd បន្ទាប់ពី​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​នៅក្នុង​រោងចក្រ​ផលិត​ស្រាបៀរ​ទី​ ១ ដែល​កំពុង​ផលិត​ស្រាបៀរ​ម៉ាក​ល្បីៗ​ជាច្រើន​ដូចជា Tiger, Heineken និង Black panther ជាដើម​។

លោក​ថ្លែងថា​៖ «​រោងចក្រ​ថ្មី​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ពង្រឹង​សមត្ថភាព​ផលិតកម្ម​ក្នុង​ស្រុក​ក៏ដូចជា ជួយ​បង្កើត​ការងារ​ថ្មីៗ ការប្រើប្រាស់​វត្ថុ​ធាតុដើម​ក្នុងស្រុក និង​ប្រាក់​ចំណូល​ពន្ធ​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ច​ជាតិ​»​។

បើ​តាម​លោក សុខគង់ ក្នុង​ ១ ​ឆ្នាំៗ ប្រាក់ចំណូល​ពន្ធ​ដែល​កម្ពុជា​ទទួល​បាន​ពី​ឧស្សាហកម្ម​ផលិត​ស្រាបៀរ​អាច​មាន​តម្លៃ​រាប់សិប​លាន​ដុល្លារ​។

បើទោះបី​មិន​បាន​ប្រាប់​ពី​ចំនួន​ផលិតកម្ម​ស្រាបៀរ​សរុប​ដែល​ផលិត​បាន​នៅ​កម្ពុជា ប៉ុន្តែ​លោក សុខគង់ បាន​អះអាង​ថា សមត្ថភាព​ក្នុង​ការផលិត​ស្រាបៀរ​នៅ​កម្ពុជា​មាន​កំណើន​ជា​លំដាប់​សម្រាប់​ការផ្គត់ផ្គង់​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ប្រទេស​ជាច្រើន ពិសេស​ជប៉ុន​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​និយាយថា គម្រោង​វិនិយោគ​លើ​រោងចក្រ​ស្រាបៀរ​នេះ គឺ​បង្ហាញ​ពី​ភាពរឹងមាំ និង​ទំនុកចិត្ត​របស់​អ្នក​វិនិយោគ​ចំពោះ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ព្រោះ​មុន​នឹង​សម្រេចចិត្ត​បោះទុន​វិនិយោគ​លើ​អ្វីមួយ ក្រុមហ៊ុន​តែងតែ​បាន​ធ្វើការ​សិក្សា​យ៉ាងលម្អិត​ពី​ស្ថានភាព​ទីផ្សារ​ក្នុង​ស្រុក និង​នាំចេញ​រួចហើយ​។ លោក​បន្តថា ម្យ៉ាង​ទៀត​ផលិតផល​ស្រាបៀរ​ផលិត​នៅ​កម្ពុជា​នាពេល​នេះ​ក៏​កំពុងមាន​ការនាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មួយចំនួន​ផងដែរ​។

លោក​ប្រាប់ថា​៖ «​ទន្ទឹមនឹង​កំណើន​នៃ​ការបណ្តាក់ទុន​លើ​រោងចក្រ​ផលិត​ស្រាបៀរ​ជា​បន្តបន្ទាប់​នេះ កម្ពុជា​ក៏ត្រូវ​ខំ​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស ជំនាញ និង​គុណភាព​ផលិតផល​របស់ខ្លួន​ឲ្យ​បាន​រឹតតែ​ខ្លាំង​ផងដែរ ពិសេស​សម្រាប់​ទីផ្សារ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​»​។

នេះ​ជា​គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​ស្រាបៀរ​ទី​ ២ ហើយ ដែល CDC អនុម័ត​ក្នុង​ឆ្នាំ​ ២០២០ នេះ ដោយ​គម្រោង​វិនិយោគ​ទី​ ១ ជា​របស់​ក្រុមហ៊ុន Hanuman Beverages Co., Ltd ដែល​រោងចក្រ​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ ស្ថិត​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ក្រោម​ទុនវិនិយោគ ១៦០,៦ លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១ ៥៤៥ ​កន្លែង​។

យោងតាម​របាយការណ៍​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ខែ​មេសា​បាន​បង្ហាញថា នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ចំនួន ១០ រួមមាន ក្រុមហ៊ុន Ana Water and Smiler Beverage Co.,Ltd ក្រុមហ៊ុន Asian Sunrise Co.,Ltd ក្រុមហ៊ុន Cambodia Brewery Ltd (CBL) ក្រុមហ៊ុន Cambrew Ltd ក្រុមហ៊ុន Daun Penh Food & Beverage Co., Ltd ក្រុមហ៊ុន Khmer Beverage Co.,Ltd ក្រុមហ៊ុន Far East Import Export Co.,Ltd ក្រុមហ៊ុន Kingdom Breweries (Cambodia) Limited ក្រុមហ៊ុន Media G.B Enterprise Co.,Ltd និង​ក្រុមហ៊ុន Phnom Penh Beer Co., Ltd៕ LA