ភ្នំពេញៈ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​តម្លៃ ៣៨០ ​លាន​ដុល្លារ​ដែលមាន​អានុភាព​ផលិត ៤០០ ​មេហ្គាវ៉ាត់​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល នឹងត្រូវ​ដាក់​ឲ្យ​ដំណើរការ​ដំណាក់កាល​ដំបូង​ចំនួន ១០០ ​មេហ្គាវ៉ាត់​នៅ​ចុងខែ​សីហា​ខាងមុខ​។

រោងចក្រ​អគ្គិសនី​នេះ​បាន​សាងសង់​លើ​ផ្ទៃដី​សរុប ៤៣ ហិកតា​នៅ​ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះរះ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​។ គម្រោង​នេះ​ក៏​នឹង​សាងសង់​អនុស្ថានីយ​ ១ ​កន្លែង​សម្រាប់​ភ្ជាប់​មក​បណ្តាញ​ជាតិ​តាម​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ២៣០ គីឡូវ៉ុល ដើម្បី​ចែកចាយ​ថាមពល​អគ្គិសនី​។

លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល​បាន​អះអាង​កាលពី​ថ្ងៃ​ពុធ​ថា ការសាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​នេះ​សម្រេច​បាន ៩០ ​ភាគរយ​ហើយ​។ រោងចក្រ​នេះ​នឹង​អាចដាក់​ឲ្យ​ដំណើរការ​ក្នុង​ដំណាក់កាល​ដំបូង​នៅ​ខែ​ក្រោយនេះ​។

លោក​ថ្លែងថា​៖ «​រោងចក្រ​នេះ​នឹង​ជួយ​បំពេញ​បន្ថែម​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ទូទាំង​ប្រទេស រួមទាំង​ខេត្តកណ្តាល​ផងដែរ​។ យើង​នឹង​មាន​ថាមពល​អគ្គិសនី​ប្រើ​គ្រប់គ្រាន់​តាម​តម្រូវការ​»​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​មុន​ថា រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​នេះ​នឹង​បញ្ចេញ​ថាមពល​អគ្គិសនី​តែ​នៅពេល​មាន​តម្រូវការ​អគ្គិសនី​ខ្ពស់​ប៉ុណ្ណោះ​។

លោក​បាន​បន្តថា​៖ «​សព្វថ្ងៃនេះ​ការផ្គត់ផ្គង់​អគ្គិសនី​យើង​លើស​តម្រូវការ​ហើយ​។ បើ​ការសាងសង់​ចប់​ដាក់​ដំណើរ​បាន​ក៏​យើង​មិនទាន់​បញ្ឆេះ​វា​ដែរ ព្រោះ​រោងចក្រ​ដើរ​ដោយ​ប្រេង​ថ្លៃដើម​ផលិត​ខ្ពស់ជាង​វារីអគ្គិសនី យើង​គ្រាន់តែ​ទុក​ត្រៀម​សម្រាប់​ពេល​មាន​តម្រូវការ​អគ្គិសនី​ខ្ពស់​នៅ​រដូវប្រាំង​»​។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការអនុវត្ត​កម្មវិធី​ការងារ ឆ្នាំ​ ២០១៩ ថា ការអភិវឌ្ឍ​ប្រភព​អគ្គិសនី​បង្កើន​សមត្ថភាព​ផលិត បញ្ជូន ចែកចាយ និង​ការភ្ជាប់​បណ្តាញ​ឲ្យ​អ្នកប្រើប្រាស់​គឺជា​ការងារ​ចម្បង​ដែល​ក្រសួង​កំពុង​អនុវត្ត​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើឱ្យ​កម្ពុជា​មាន​ប្រភព​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការ​កំណើន​ប្រើប្រាស់​។

លោក​បាន​ថ្លែងថា​៖ «​ជាមួយ​គ្នា​នេះ​ការកែលម្អ​ការផ្តល់​សេវា​អគ្គិសនី​ដល់​អ្នកប្រើប្រាស់ និង​ការបញ្ចុះតម្លៃ​អគ្គិសនី​ក៏បាន​និង​កំពុងផ្តល់​គុណប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​»៕ LA