ភ្នំពេញ: រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ប្រេង​ខ្មៅ​ដែល​មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​ចំនួន​ ៤០០ មេហ្គាវ៉ាត់​ ក្នុង​ស្រុក​ល្វាឯម​នឹង​ត្រូវ​ពន្យារ​ការ​ដំណើរការ​សាកល្បង​ត្រឹម​កម្លាំង​ ១០០ ​មេហ្គាវ៉ាត់​ នៅ​ខែ​មេសា​នេះ​រហូត​ដល់​ខែមិថុនា ដោយសារ​ភាពយឺតយ៉ាវ​នៃ​ការដឹកជញ្ជូន​សម្ភារ​ផលិត​បណ្តាលមកពី​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​ភាពយឺតយ៉ាវ​នេះ​មិន​បង្ក​ការរំខាន​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​នោះ​​ទេ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។

លោក វិចទ័រ ហ្សូនា អ្នកនាំពាក្យ និង​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការពន្យារ​ពេល​នេះ​ដោយសារ​ដំណើរការ​សាងសង់​រោងចក្រ​មាន​សភាព​យឺត​មិន​ឆ្លើយតប​ទៅតាម​ផែនការ​កំណត់ ខណៈ​សម្ភារ​គ្រឿងចក្រ​នាំចូល​បម្រើ​ដល់​ដំណើរការ​សាងសង់​មិន​មក​តាម​ការកំណត់​ដោយ​សារ​ការបិទ​ជើងហោះហើរ​ដែល​ជា​វិធានការ​ទប់ស្កាត់​ការឆ្លង​វីរុស​។

លោក​បន្ថែម​ថា រោងចក្រ​អគ្គិសនី​ដំណើរការ​ដោយ​ប្រេង​ខ្មៅ​តម្លៃ​ ៣៨០ លាន​ដុល្លារ​នេះ​ គឺជា​រោងចក្រ​មួយ​សម្រាប់​ត្រៀម​បញ្ចេញ​ថាមពល​អគ្គិសនី​មក​ប្រើប្រាស់​នៅពេល​មាន​តម្រូវការ​ឡើង​ខ្ពស់​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ដំណាក់កាល​ដំបូង​យើង​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ដែលមាន​អានុភាព​ ១០០ ​មេហ្គាវ៉ាត់​ នៅក្នុង​ខែមេសា​នេះ​នឹង​ត្រូវ​ពន្យារពេល​រហូត​ដល់​ខែមិថុនា​វិញ ព្រោះ​ការសាងសង់​នឹង​ចប់សព្វគ្រប់​នៅពេលនោះ​»​។

លោក​ថ្លែងថា​៖ «​តម្រូវការ​ប្រើប្រាស់​អគ្គិសនី​ក្នុងឆ្នាំនេះ​មិនសូវ​កើន​ខ្លាំង​ប៉ុន្មាន​នោះ​ទេ​។ ការណ៍​នេះ​ទំនងជា​មកពី​តម្រូវ​ថាមពល​ក្នុង​ចង្វាក់​ផលិតកម្ម​តាម​បណ្តា​រោងចក្រ​ជាច្រើន​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​១៩»៕ LA