ភ្នំពេញៈ គម្រោង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​តម្លៃ​ជិត ១,៣ ​ពាន់​លាន​ដុល្លារ​​ នៅក្នុង​ខេត្ត​ព្រះសីហនុ​អាច​នឹង​ចាប់ផ្តើម​សាងសង់​ក្នុងពេល​ឆាប់ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​រួចរាល់​។

រោងចក្រ​អគ្គិសនី​ដែល​មាន​កម្លាំង ៧០០ ​មេហ្គាវ៉ាត់​នេះ​ គឺជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) ​ជាមួយ​នឹង​ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd​។

គម្រោង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៨ ​ជា​ប្រភេទ​គម្រោង​សម្បទាន​អាជីវកម្ម​ក្រោម​ទម្រង់​សាងសង់ ប្រតិបត្តិការ​ធ្វើ​ជា​ម្ចាស់ និង​ផ្ទេរ​ដែល​មាន​រយៈពេល ៣៥ ​ឆ្នាំ​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការសិក្សា​ផលប៉ះពាល់​បានបញ្ចប់​ហើយ បន្ទាប់ពី​អាជ្ញាធរខេត្ត និង​ក្រុមហ៊ុន​បាន​ជួប​ពិភាក្សាគ្នា​លើ​លទ្ធផល​នៃ​ការសិក្សា​ផលប៉ះពាល់​កាលពី​ថ្ងៃ​ចន្ទ​។ លោក​បន្តថា រដ្ឋបាលខេត្ត​គាំទ្រ​ឲ្យ​មាន​ការអភិវឌ្ឍ​គម្រោង​នេះ ដើម្បី​រួមចំណែក​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​ថាមអគ្គិសនី​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ជា​តំបន់​មាន​សក្តានុពល​ខ្ពស់​ក្នុង​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​។

លោក​ថ្លែង​ថា​៖ «​គម្រោង​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​តាមរយៈ​ការបង្កើត​ការងារ​ថ្មីៗ ហើយ​វា​ក៏​ជួយ​កាត់បន្ថយ​ការនាំចូល​អគ្គិសនី​ពី​ប្រទេស​ជិតខាង​ផងដែរ​»​។

បើ​យោង​តាម​លោក ភារម្យ កិច្ចប្រជុំ​នៅ​កម្រិត​ថា្នក់​ជាតិ​អាច​នឹង​ធ្វើ​ឡើង​ក្នុងពេល​ឆាប់ៗ​នេះ​។

គម្រោង​នេះ​នឹង​សាងសង់​លើ​ផ្ទៃដី ៥៤,៩ ​ហិកតា​ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំ​ ២០២២​។

លោក​និយាយ​ថា​៖ «​ពិតណាស់​ថាមពល​អគ្គិសនី គឺជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​រោងចក្រ​សហគ្រាស​។ រោងចក្រ​នេះ​អាច​នឹង​ផ្គត់ផ្គង់​សម្រាប់​ខេត្ត​ព្រះសីហនុ និង​ទៅ​តាម​បណ្តា​ខេត្ត និង​ភ្នំពេញ​ផងដែរ​»​។

តាម​ផែនការ​គម្រោង​នេះ​នឹង​ធ្វើ​ឡើង​ជា ២ ​ដំណាក់កាល​ដោយ​ដំណាក់កាល​នីមួយៗ​មាន​កម្លាំង ៣៥០ ​មេហ្គាវ៉ាត់​។ ដំណាក់កាល​ទី ១ ​រំពឹង​ថា​អាច​នឹងដាក់​បញ្ចូល​ក្នុង​បណ្តាញ​ជាតិ​នា​ឆ្នាំ​ ២០២៣ និង​ដំណាក់កាល​ទី​ ២ នឹង​ត្រូវ​ដាក់បញ្ចូល​នៅ​ឆ្នាំ​បន្ទាប់​។

បច្ចុប្បន្ន​ក្រុមហ៊ុន CIIDG បាននិង​កំពុង​ដំណើរការ​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ទី​ ១ ដែល​មាន​តម្លៃ​ ៣៨៣ លាន​ដុល្លារ និង​មាន​អានុភាព ២៧០ ​មេហ្គាវ៉ាត់​នៅ​ខេត្ត​ព្រះសីហនុ​។ នៅក្នុង​គម្រោង​នេះ​ក្រុមហ៊ុន​ក៏​បែងចែក​ជា​ ២ ​ដំណាក់កាល​ដែរ ខណៈ​ដំណាក់កាល​ទី​ ២ ដែលមាន​កម្លាំង ១៣៥ ​មេហ្គាវ៉ាត់ ​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​ ២០២១​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់ថា នៅ​កម្ពុជា​រោងចក្រ​ផលិត​ថាមពល​ដើរ​ធ្យូងថ្ម​បាន​ផ្គត់ផ្គង់​ថាមពល​ប្រមាណ ៣២ ​ភាគរយ ​វារីអគ្គិសនី​ចន្លោះ​ពី ៣៦ ទៅ ៤០ ​ភាគរយ ក្រៅពីនេះ​ថាមពល​បាន​មកពី​ប្រភព​សូឡា និង​ពី​ប្រភព​នាំចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិតខាង​កម្ពុជា​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​នឹង​ដំណើរការ​ទៅ​តាម​ផែនការ ហើយ​នឹង​មានតម្លៃ​សមរម្យ​អាច​ទទួល​បាន​ស្រប​តាម​គោលនយោបាយ​បញ្ចុះ​ថ្លៃ​អគ្គិសនី​របស់​រដ្ឋាភិបាល​»​។

កម្ពុជា​បាន​បង្កើន​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់ ២ ៨៧០,៦៥ ​មេហ្គាវ៉ាត់​នៅ​ឆ្នាំ​ ២០១៩ កើនឡើង​ពី ២ ៦៥០,២៦ ​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​របាយការណ៍​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ (EAC)៕ LA