ភ្នំពេញៈ រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​ចំនួន ២ ដែល​មាន​ទុនវិនិយោគ​ប្រមាណ ១ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ព្រះសីហនុ​នាពេល​នេះ​សម្រេចការ​សាងសង់​បាន​ ៣៥ ​ភាគរយ​ហើយ បន្ទាប់ពី​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ខែធ្នូ ឆ្នាំ​ ២០១៩​។

គម្រោង​នេះ​ជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក Cambodia International Investment and Development Group (CIIDG) និង​ក្រុមហ៊ុន China Huadian Hongkong Company Limited (CHDHK) មាន​អនុភាព​សរុប ៧០០ ​មេហ្គាវ៉ាត់​។

តាម​ផែនការ​គម្រោង​សាងសង់​រោងចក្រ​ទាំង ២ ដែល​មាន​ផ្ទៃដី ៥៤,៩ ​ហិកតា ស្ថិតនៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០២២ ហើយ​អាច​ផ្គត់ផ្គង់​អគ្គិសនី​នា​ដើមឆ្នាំ​ ២០២៣​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាម​របាយការណ៍​ចុងក្រោយ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​កាលពី​ថ្ងៃទី​ ៣០ ខែធ្នូ ឆ្នាំ​ ២០២០ បង្ហាញថា ដំណើរការ​សាងសង់​រោងចក្រ​អគ្គិសនី​ទាំង​ ២ ​នេះ​សម្រេចបាន ៣៥ ​ភាគរយ​ហើយ​។

លោក​បាន​ថ្លែងថា​៖ «​អ្នកវិនិយោគ​របស់​យើង​គាត់​មាន​ទុន​គ្រប់គ្រាន់ និង​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការអភិវឌ្ឍ​គម្រោង​។ ខ្ញុំ​ឃើញថា ក្រុមហ៊ុន​ដែល​ទទួល​បាន​សម្បទាន​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​រោងចក្រ​ផលិត​ថាមពល​នានា​សុទ្ធតែ​មាន​ដំណើរការ​ទៅមុខ​ជានិច្ច​»​។

គម្រោង​នេះ​ត្រូវបាន​គណៈរដ្ឋមន្ត្រី​កម្ពុជា​អនុម័ត​កាលពី​ខែឧសភា ឆ្នាំ​ ២០១៨ ជា​ប្រភេទ​គម្រោង​សម្បទាន​អាជីវកម្ម​ស្ថិតក្រោម​ទម្រង់​សាងសង់ ប្រតិបត្តិការ ធ្វើ​ជា​ម្ចាស់ និង​ផ្ទេរ​ដែល​មាន​រយៈពេល ៣៥ ​ឆ្នាំ​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹងថា ដំណើរការ​អភិវឌ្ឍន៍​រោងចក្រ​ផលិត​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ទាំង​ ២ ​នេះ​ដំណើរការ​យ៉ាង​រលូន​ដោយ​សម្រេច​បាន​ចន្លោះ​ពី ១០ ​ទៅ​ ១៥ ​ភាគរយ​ហើយ​នៃ​ផ្នែក​សំណង់​ដោយ​លោក​សង្ឃឹមថា គម្រោង​នេះ​នឹង​ចប់​តាម​ផែនការ​កំណត់​។

លោក​បន្ថែមថា​៖ «​នៅពេល​រោងចក្រ​នេះ​ភ្ជាប់​ទៅ​បណ្តាញ​ជាតិ​វា​នឹង​ចែកចាយ​ទៅគ្រប់​សេចក្តីត្រូវការ​នៅ​កម្ពុជា​»​។

ការផ្គត់ផ្គង់​ថាមពល​ប្រចាំខែ​ក្នុង​ខេត្ត​ព្រះសីហនុ​ជា​មធ្យម​គឺ​ចន្លោះ​ពី ៨៣ ទៅ ៨៥ ​មេហ្គាវ៉ាត់​នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ​។

សព្វថ្ងៃនេះ ក្រុមហ៊ុន CIIDG ក៏​កំពុង​ដំណើរការ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ទី​ ១ មាន​តម្លៃ ៣៨៣ ​លាន​ដុល្លារ និង​មាន​អនុភាព ២៧០ ​មេហ្គាវ៉ាត់ នៅ​ខេត្ត​ព្រះសីហនុ ហើយ​ក្រុមហ៊ុន​ក៏​គ្រោង​បើក​ដំណើរការ​ដំណាក់​ទី​ ២ ចំនួន ១៣៥ មេហ្គាវ៉ាត់​នៅ​ឆ្នាំ​ ២០២១ ​នេះ​។

ថាមពល​អគ្គិសនី​ដែល​កំពុង​ប្រើប្រាស់​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ប្រភព​មកពី​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម ៣២ ​ភាគរយ វារីអគ្គិសនី​ពី ៣៦-៤០ ​ភាគរយ ក្រៅពីនោះ គឺ​មកពី​ប្រភព​ថាមពល​ពន្លឺព្រះអាទិត្យ និង​ការនាំ​ចូល​ពី​ប្រទេស​ជិតខាង​។ នេះ​បើតាម​លោក ហ្សូនា​៕LA