ភ្នំពេញ: រោងចក្រផលិតអគ្គិសនីដើរដោយប្រេងខ្មៅដែលមានសមត្ថភាពផលិតថាមពលអគ្គិសនី ៤០០ មេហ្គាវ៉ាត់ ដែលមានតម្លៃសាងសង់ ៣៨០ លានដុល្លារ នៅស្រុកល្វាឯម ខេត្តកណ្តាលនឹងត្រូវដាក់ឲ្យដំណើរការពេញលេញនៅខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។
លោក វ៉ិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គិតមកដល់ពេលនេះការសាងសង់រោងចក្រអគ្គិសនីនេះសម្រេចបានប្រមាណ ៩០ ភាគរយ ហើយគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ។
លោកថ្លែងថា៖ «យើងកំពុងដំណើរការសាងសង់ស្ថានីយ និងធ្វើតេស្តមុននឹងតភ្ជាប់មកបណ្តាញជាតិ ខណៈអនុស្ថានីយយើងបានធ្វើរួចរាល់ ១០០ ភាគរយហើយ»។
លោកបន្ថែមថា រោងចក្រអគ្គិសនីនេះនឹងដំណើរការពេញលេញពេលមានតម្រូវការអគ្គិសនីខ្ពស់ប៉ុណ្ណោះ។
លោកនិយាយថា៖ «សព្វថ្ងៃយើងអត់ខ្វះភ្លើងផ្គត់ផ្គង់ទេ ហើយតម្រូវការថាមពលយើងកំពុងធ្លាក់ចុះជាបន្តបន្ទាប់ដោយសារជំងឺកូវីដ ១៩»។
លោក តេង សុខុមាល នាយកប្រតិបត្ដិអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានថ្លែងក្នុងសិក្ខាសាលាមួយកាលពីខែមិថុនា ថា កំណើនតម្រូវការថាមពលអគ្គិសនីនៅក្នុងឆ្នាំនេះរងផលប៉ះពាល់ដោយសារការថយចុះចង្វាក់ផលិតកម្មនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងទេសចរណ៍ បន្ទាប់ពីការព្យួរការងារបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩។
បើតាមលោក ហ្សូនា កម្ពុជាមានតម្រូវការថាមពលអគ្គិសនីជាមធ្យមជាង ២ ០០០ មេហ្គាវ៉ាត់ ក្នុង ១ ឆ្នាំ ប៉ុន្តែតម្រូវការនឹងធ្លាក់មកត្រឹម ១ ៨០០ មេហ្គាវ៉ាត់នៅឆ្នាំនេះ៕ LA