ភ្នំពេញ: រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​តម្លៃ ៣៨០ លាន​ដុល្លារ​ ដែលមាន​អានុភាព​សរុប​ ៤០០ ​មេហ្គាវ៉ាត់​ ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ដំណាក់កាល​ដំបូង​ ១០០ ​មេហ្គាវ៉ាត់​នឹងត្រូវ​ពន្យារពេល​បន្តទៀត ដោយសារ​ឧបសគ្គ​នៃ​ការសាងសង់​បណ្តាលមកពី​កូវីដ​ ១៩ ប៉ុន្តែ​ការពន្យារពេល​នេះ​នឹង​មិន​ប៉ះ​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​នោះទេ​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដំណើរការ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​នឹង​បន្ត​ពន្យារពេល​រហូតដល់​មាន​ការបើក​ឲ្យ​ហោះហើរ​ឡើងវិញ​។ លោក​បន្តថា ការពន្យារ​ពេលនេះ​នឹង​មិន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​នោះទេ​។

លោក​ថ្លែងថា​៖ «​យើង​ពន្យារពេល​ទៀត ព្រោះ​អ្នកបច្ចេកទេស​ពី​ប្រទេស​ហ្វាំងឡង់ និង​អាល្លឺម៉ង់​មិន​អាច​ហោះហើរ​មក​យើង​បាន​ដោយសារ​ជំងឺ​កូវីដ​ ១៩​។ ខ្ញុំ​គិតថា នៅ​ខែក្រោយ​ (​កក្កដា​) ​អាច​មាន​ការហោះហើរ​ឡើងវិញ ដូច្នេះ​អ្នកបច្ចេកទេស​របស់​ហ្វាំងឡង់ និង​អាល្លឺម៉ង់​អាចមក​វិញ​»​។

លោក​បន្តថា​៖ «​សព្វថ្ងៃនេះ​ការផ្គត់ផ្គង់​យើង​លើស​តម្រូវការ​ហើយ បើ​ការសាងសង់​វា​ចប់​ដាក់​ដំណើរ​បាន ក៏​យើង​មិនទាន់​បញ្ឆេះ​វា​ដែរ ព្រោះ​រោងចក្រ​ដើរ​ដោយ​ប្រេង​ថ្លៃដើម​ផលិត​យើង​វា​ខ្ពស់​ជាង​វារីអគ្គិសនី យើង​គ្រាន់តែ​ទុក​ត្រៀម​សម្រាប់​ពេល​មាន​តម្រូវការ​អគ្គិសនី​ខ្ពស់​នៅ​រដូវប្រាំង តែ​ឆ្នាំក្រោយ​វា​មិន​មាន​កង្វះ​អគ្គិសនី​ទៀត​ទេ ឥឡូវ​វារីអគ្គិសនី​ចាប់ផ្តើម​កើន​ទឹក​ពេញ​អាង​ហើយ​»​។

តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​មាន​កំណើន​ជា​មធ្យម​ចន្លោះ​ពី ១៦ ​ទៅ​ ១៨ ភាគរយ ​ក្នុង​ ១ ​ឆ្នាំ​ លើកលែង​តែ​ក្នុង​ឆ្នាំ ២០១៨-២០១៩ ដែល​មាន​កំណើន​ជា​គំហុក​រហូត​ដល់​ ២៥ ​ភាគរយ​។ បច្ចុប្បន្ន​កម្ពុជា​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​ចន្លោះ​ ៧០ ​ទៅ​ ៨០ ​ភាគរយ​នៃ​តម្រូវការ​ប្រើប្រាស់​សរុប​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល​។

របាយការណ៍​ក្រសួង​រ៉ែ និង​ថាមពល​បង្ហាញ​ថា​ចាប់ពី​ឆ្នាំ​ ២០០៦ ដល់​ដំណាច់ឆ្នាំ​ ២០១៩ ការវិនិយោគ​លើ​វិស័យ​អគ្គិសនី​មាន​តម្លៃ​សរុប ៦,១ ពាន់​លាន​ដុល្លារ​ ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​កើនឡើង​នៃ​វិស័យ​ថាមពល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។

របាយការណ៍​ប្រចាំឆ្នាំ ២០១៨ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) បង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​បាន​បង្កើន​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដល់ ២ ៨៧០, ៦៥ មេហ្គាវ៉ាត់​ នៅ​ឆ្នាំ​ ២០១៩ កើន​ពី ២ ៦៥០,២៦ មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ​ ២០១៨៕LA