The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រោងចក្រ​គ្រឿង​បន្លាស់​រថយន្ត​បើក​ចុង​ខែ​នេះ​

រោងចក្រ​គ្រឿង​បន្លាស់​រថយន្ត​បើក​ចុង​ខែ​នេះ​

រោងចក្រ​គ្រឿង​បន្លាស់​រថយន្ត​បើក​ចុង​ខែ​នេះ​

DSC_2329
រាជធានីភ្នំពេញ សំបូរដោយហាងលក់រថយន្តជាច្រើន ប៉ុន្តែបច្ចុប្បន្ននៅខ្វះគ្រឿងបន្លាស់នៅឡើយ ផា លីណា

កោះកុងៈ ក្រុមហ៊ុនYazaki Corporation​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​គ្រឿង​បន្លាស់​រថយន្ត​របស់​ជប៉ុន​គ្រោង​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ត​នៅ​ចុង​ខែ​នេះ។

អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា រោងចក្រ​នេះ​នឹង​ជួយ​ធ្វើ​ពិពិធកម្ម​ក្នុង​វិស័យ​នាំ​ចេញ​របស់​កម្ពុជា​។

លោក Yasuhiko Yazaki ប្រធាន​ក្រុមហ៊ុន Yazaki Corporation ដែល​បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​ថា រោងចក្រ​ដែល​សាង​សង់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ក្នុង​ខេត្ត​កោះកុង បាន​បញ្ចប់​ការ​សាង​សង់​ហើយ ហើយ​គ្រោង​នឹង​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី១៧ ខែ​នេះ។

រោងចក្រ​នេះ​ត្រូវ​បាន​បំពាក់ និង​ដំឡើង​គ្រឿង​បច្ចេក​ទេស​ទំនើប ហើយ​ផលិត​ផល​គ្រឿង​ចក្រ​ទាំង​អស់​នឹង​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ទៀត នៅ​ជុំវិញ​ពិភពលោក។ ទោះបី​យ៉ាង​នេះ​ក្តី លោក Yasuhiko Yazaki មិន​បាន​បង្ហើប​ឲ្យ​ដឹង​អំពី​ទឹក​ប្រាក់​ដែល​បាន​វិនិយោគ​និង​សមត្ថភាព​ផលិត​នៅ​ក្នុង​រោង​ចក្រ​នេះ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សាទរ​ចំពោះ​ក្រុមហ៊ុន​នេះ​ដែល​បាន​សម្រេច​ចិត្ត​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ដោយ​លោក​លើក​ឡើង​ថា រដ្ឋាភិបាល​នឹង​ធានា​ថា ក្រុមហ៊ុន​នេះ​មិន​មាន​ហានិភ័យ​គ្រោះ​មហន្តរាយ ឬ បញ្ហា​នយោបាយ​ឡើយ។

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន​មាន​ការ​កើន​ឡើង​ជា​បណ្តើរ​ៗ។

លោក Suzuki Hiroshi អគ្គ​នាយក និង​ជា​ប្រធាន​អ្នក​សេដ្ឋកិច្ច​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ដោយ​សារ​ថ្លៃ​ពលកម្ម​ថោក និង​ទី​តាំង​ល្អ​នៅ​ចន្លោះ​បាងកក និង​ហូជីមិញ។

លោក​ថ្លែង​ថា៖ «ថ្លៃ​ពលកម្ម​ជា​កត្តា​សំខាន់​ណាស់​ដោយ​សារ​ផលិត​កម្ម​ខ្សែ​ភ្លើង ត្រូវ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន។ ការ​ដឹក​ជញ្ជូន​ងាយ​ស្រួល​ទៅ​កាន់​ច្រក​សមុទ្រ​ខាង​កើត​ប្រទេស​ថៃ ហើយ​ជា​កត្តា​ដ៏​សំខាន់​ដោយ​សារ​ថ្លៃ​និង​ពេល​វេលា​ដឹក​ជញ្ជូន។ ខ្ញុំ​ជឿ​ជាក់​ថា Yazaki នឹង​នាំ​ចេញ​ផលិត​ផល​ទាំង​អស់​ពី​ខេត្ត​កោះកុង ទៅ​ប្រទេស​ថៃ​ពិសេស​ទៅ​កាន់​ច្រក​សមុទ្រ​ខាង​កើត ដែល​នៅ​ទី​នោះ មាន​រោងចក្រ​ផលិត​រថយន្ត​មួយ​ចំនួន​របស់​ជប៉ុន»។

ក្រុមហ៊ុន Yazaki នឹង​ក្លាយ​ជា​គំរូ​ដ៏​ល្អ​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ឈ្នះ ឈ្នះ​រវាង​កំណើន​សេដ្ឋកិច្ច​កម្ពុជា និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ជប៉ុន ហើយ​ការ​វិនិយោគ​របស់ Yazaki នឹង​ផ្តល់​ការ​ងារ​ល្អ​ៗ និង​ឥទ្ធិពល​ល្អ​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា ដោយ​ជួយ​ធ្វើ​ពិពិធកម្ម​វិស័យ​នាំចេញ និង​គោល​ដៅ​នាំ​ចេញ​របស់​កម្ពុជា។ នេះ​បើ​តាម​លោក Suzuki Hiroshi។

លោក គង់ នួន ប្រធាន​ក្រុមហ៊ុន​ចែក​ចាយ​រថយន្ត​តូយ៉ូតា​ពី​ជប៉ុន មក​កម្ពុជា បាន​ឲ្យ​ដឹង​ថា តម្រូវ​ការ​រថយន្ត​ទំនើប​ៗ​នៅ​កម្ពុជា​មាន​ប្រហែល​២​ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​ក្នុង​នោះ​តូយ៉ូតា​មាន​ចំណែក​ទី​ផ្សារ​៧០​ភាគ​រយ។

កាល​ពី​ខែ​កញ្ញា AEON ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្សារ​ទំនើប​ដ៏​ធំ​ជាង​គេ​នៅ​ជប៉ុន និង​ជា​ប្រតិបត្តិករ​ចែក​ចាយ​ធំ​ជាង​គេ បាន​សម្រេច​ចិត្ត​វិនិយោគ​ទឹក​ប្រាក់​២០០​លាន​ដុល្លារ​ដើម្បី​សាង​សង់​ផ្សារ​ទំនើប​កម្ពស់​៤​ជាន់​នៅ​ភ្នំ​ពេញ ហើយ​ការ​សំណង់​នេះ​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ។

ក្រុមហ៊ុន Minebea បាន​បណ្តាក់​ទុន​៦០​លាន​ដុល្លារ​ដើម្បី​សាង​សង់​រោងចក្រ​វិនិយោគ​គ្រឿង​ម៉ូទ័រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។

ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា បាន​កើន​ឡើង​ដល់​៧៥​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ដោយ​កើន​ឡើង​ពី​៣៥​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១០។ នេះ​បើ​យោង​តាម​ស្ថានទូត​ជប៉ុន៕ CS

 

អត្ថបទគួរចាប់អារម្មណ៍