
ខេត្ត ព្រះសីហនុៈ រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មដំបូងនៅ កម្ពុជា ដែលមានអានុភាពផលិតថាមពល ១០០ មេហ្គាវ៉ាត់ ត្រូវបានបើកសម្ពោធដំណើរការជាផ្លូវការហើយកាលពីម្សិលមិញ។
វាជាប្រភពថាមពលសំខាន់មួយអាចដោះស្រាយបញ្ហាកង្វះអគ្គិសនីនៅ ភ្នំពេញ នាពេលបច្ចុប្បន្ន។
រោងចក្រនេះមានទីតាំងនៅភូមិ ២ ឃុំ កំពេញ ស្រុក ស្ទឹងហាវ ខេត្ត ព្រះសីហនុ ត្រូវបានវិនិយោគអស់ទឹកប្រាក់ ១៩៥ លានដុល្លារដោយក្រុមហ៊ុន ម៉ាឡេស៊ី Leader Universal Ltd (LU) ហើយដំណើរការនៅ កម្ពុជា ដោយប្រើឈ្មោះ Cambodia Energy Ltd។
LU ទទួលបានគម្រោងសម្បទានវិនិយោគរយៈពេល ៣៣ឆ្នាំ ក្នុងទម្រង់សាងសង់ដំណើរការ និងផ្ទេរ (BOT) ដោយក្នុងនោះការសាងសង់ចំណាយពេលបីឆ្នាំ និងការដំណើរការរយៈពេល ៣០ឆ្នាំ។ ក្រុមហ៊ុនក៏វិនិយោគលើគម្រោងតភ្ជាប់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុល ភ្នំពេញ-កំពង់ចាម ក្នុងគម្រោងសម្បទានរយៈពេល ២៨ឆ្នាំ ផងដែរ។
ថ្លែងក្នុងពិធីបើកសម្ពោធស្ថានីយអគ្គិសនីដុតធ្យូងថ្ម និងខ្សែបណ្តាញបញ្ជូនអគ្គិសនីនេះ កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា តម្រូវការអគ្គិសនីនៅ ភ្នំពេញ ពេលនេះមានប្រមាណ ៤០០ មេហ្គាវ៉ាត់ គឺកើនឡើងជាង ១០ ដងពីទសវត្សរ៍ឆ្នាំ ១៩៨០ ដែលមានតែ ៣០ មេហ្គាវ៉ាត់។
លោកបន្តថា កង្វះខាតការផ្គត់ផ្គង់អគ្គិសនីកាលពីឆ្នាំមុនគឺជាបញ្ហាធំពិសេសនារដូវប្រាំងឆ្នាំមុនខណៈទីក្រុង ភ្នំពេញ នាពេលនោះកង្វះអគ្គិសនីប្រមាណជា ៤០ មេហ្គាវ៉ាត់ក្នុងរដូវប្រាំង។
លោកថ្លែងថា៖ «ចាប់ពីឆ្នាំនេះទៅប្រហែលជាអ្នកភ្នំពេញមិនមានការត្អូញត្អែរទៀតទេអំពី [ការដែលត្រូវ] កាត់ភ្លើងនៅតំបន់ខ្លះៗដើម្បីប្តូរវេនគ្នា [ដាច់] ហើយអាចនឹងអ្នក កំពង់ចាម ក៏មិនខ្វះ»។
លោកបន្តថា ការមានវារីអគ្គិសនីដើរដោយកម្លាំងទឹកតែមួយមុខមិនអាចផ្គត់ផ្គង់អគ្គិសនីបានគ្រប់គ្រាន់នោះទេ ដែលកត្តានេះទាមទារឲ្យមានការផ្គត់ផ្គង់អគ្គិសនីដើរដោយធ្យូងថ្ម។ លើសពីនេះទៅទៀតវារីអគ្គិសនី អាតៃ ដែលមានអានុភាពផលិតអគ្គិសនី ១២០ មេហ្គាវ៉ាត់ ដែលនឹងបើកដំណើរការនៅខែ មីនា នឹងរួមចំណែកពង្រឹងសមត្ថភាពផ្គត់ផ្គង់អគ្គិសនីបានកាន់តែប្រសើរ។
លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួង រ៉ែ និងថាមពល បានឲ្យដឹងថា រហូតមកទល់ពេលនេះ កម្ពុជា បានចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ប្រភពអគ្គិសនីចំនួន ១១ រួចហើយ ដោយមិនបានរាប់បញ្ចូលស្ថានីយអគ្គិសនីដើរដោយប្រេងខ្មៅដែលមានស្រាប់នោះទេ។
លោកបន្តថា៖ «ប្រភពអគ្គិសនីដែលចុះកិច្ចព្រមព្រៀងរួចហើយនេះ មួយចំនួនបានដាក់ឲ្យដំណើរការរួចហើយមួយចំនួនទៀតកំពុងតែស្ថិតក្នុងដំណាក់ការសាងសង់»។
អ្នកស្រី ង៉ែត នាវ អាយុ ៤៥ ឆ្នាំរស់នៅភូមិ កោងកាង ឃុំ ទំនប់លលក ស្រុក ស្ទឹងហាវ ដែលមានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីរោងចក្រនេះរំពឹងថា បន្ទាប់ពីរោងចក្រអគ្គិសនីនេះដាក់ឲ្យដំណើរការ តម្លៃអគ្គិសនីក្នុងភូមិអ្នកស្រីនឹងអាចចុះទាបដល់រង្វង់ ៧០០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងខណៈតម្លៃបច្ចុប្បន្នមាន ១ ០៥០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង។
បើទោះបីនេះជាដំណឹងល្អក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋក្នុងតំបន់នោះបារម្ភពីផលប៉ះពាល់បរិស្ថានសុខភាព ពិសេសកាកសំណល់ពីរោងចក្រអាចបង្កផលប៉ះពាល់ដល់ផលនេសាទ។ អ្នកស្រីបន្តថា៖ «យើងក៏មានការបារម្ភខ្លាចប៉ះពាល់ដល់សុខភាព និងបរិស្ថានដែលយើងត្រូវការរស់នៅជារៀងរាល់ថ្ងៃផងដែរ»។
លោក ញិន ហេង អាយុ ៥៨ ឆ្នាំជាប្រជានេសាទនៅភូមិ មួយ ឃុំ ទំនប់លលក ស្រុក ស្ទឹងហាវ ដែលបានចូលរួមអបអរពិធីបើកសម្ពោធរោងចក្រអគ្គិសនីកាលពីម្សិលមិញក៏លើកឡើងពីក្តីបារម្ភ ដែលប៉ះពាល់ពីគម្រោងនេះផងដែរ បើទោះបីជាលោកមិនដែលឃើញអ្នកការប៉ះពាល់ជាក់ស្តែងក្តី។
លោកបន្តថា៖ «យើងចេះតែបារម្ភ ព្រោះវាថ្មី ហើយយើងខ្លាចកាកសំណល់ដែលហូរចេញ [ពីរោងចក្រ] ប៉ះពាល់ដល់ត្រី ហើយធ្វើឲ្យយើងនេសាទលែងបាន»។
លោក Tan Chin Jeen អ្នកនាំពាក្យក្រុមហ៊ុន Cambodia Energy Ltd(CEL) បានឲ្យដឹងថា ធ្យូងថ្មសម្រាប់រោងចក្រ ព្រះសីហនុ ថ្មីកំពុងត្រូវបាននាំចូលពីប្រទេស ឥណ្ឌូនេស៊ី។
លោក Chin Jeen បានបំបាត់ការបារម្ភរបស់អ្នកភូមិដោយនិយាយថា CEL បានភ្ជាប់តម្រូវការទាំងអស់នៅក្នុងការវាយតម្លៃអំពីផលប៉ះពាល់បរិស្ថានរបស់ពួកគេនិងបានដាក់វិធានការដើម្បីធានាថា រោងចក្រថ្មីនេះនឹងមានផលប៉ះពាល់តិចតួចដល់បរិស្ថាននៅជុំវិញនេះ។
លោកបានលើកឡើងថា៖ «យើងបានដំឡើងឧបករណ៍សម្អាតខ្យល់ដែលយកចេញកម្ទេចផេះទាំងអស់ពីផ្សែងដែលអ្នកនឹងមើលឃើញជាធម្មតាកើតចេញពីកំពូលបំពង់ផ្សែង»។
អ្នកនាំពាក្យ CEL ឲ្យដឹងថា ក្រុមហ៊ុនបានបង្កើនចំណាប់អារម្មណ៍ពាណិជ្ជកម្មដ៏សំខាន់នៅក្នុងការទិញសំណល់កម្ទេចផេះដែលយកចេញពីផ្សែងកាកសំណល់ ព្រោះវាគឺជាធាតុផ្សំដ៏មានតម្លៃនៅក្នុងការផលិតស៊ីម៉ងត៍។
លោកបានបញ្ជាក់ថា៖ «យើងទទួលសំណើសុំឲ្យទិញកម្ទេចផេះជាច្រើនពីអ្នកស្នាក់នៅអគាររបស់ក្រុមហ៊ុន។ ហេតុដូច្នេះហើយបំពង់ផ្សែងរបស់យើងមិនបញ្ចេញសារធាតុកាបូនបំភាយក្នុងបរិយាកាសឡើយ»៕