
ភ្នំពេញៈ គម្រោងសាងសង់រោងចក្រផលិតប្រេងឆានៅកម្ពុជារបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប នឹងត្រូវពន្យារពេលរហូតដល់ឆ្នាំ២០១៦ ក្រោយពីពន្យារពេលសាងសង់ពីឆ្នាំ២០១២។
ការពន្យារពេល នេះត្រូវបានលោក ម៉ុង ឫទ្ធី ប្រាប់ឲ្យដឹងថាដោយសារសមត្ថភាពចម្រាញ់ប្រេងដូងឆៅដែលជាវត្ថុ ធាតុដើមសម្រាប់ចម្រាញ់ប្រេងឆានេះ នៅមានកម្រិត។
កាលពីឆ្នាំ ២០១១ ភ្នំពេញប៉ុស្តិ៍បានរាយការណ៍អំពីការចុះកិច្ចព្រមព្រៀងនៃការ វិនិយោគរួមគ្នាសាង់សង់រោងចក្រផលិតប្រេងឆាមួយនៅកម្ពុជារវាង ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប និង ក្រុមហ៊ុនវិនិយោគថៃមួយដែលមិនបញ្ចេញឈ្មោះ ក្នុងទឹកប្រាក់៣២ លានដុល្លារ។ រោងចក្រផលិតប្រេងឆានេះត្រូវបានគេរំពឹងថានឹងអាចផលិតប្រេងឆាបាន១០០តោនក្នុងមួយថ្ងៃត្រឹមឆ្នាំ២០១២។
លោក ម៉ុង ឫទ្ធី ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា៖ «ការពន្យារ នេះគឺមកពីប្រេងឆៅរបស់យើងមិនគ្រប់។ទាល់តែប្រេងឆៅក្នុងមួយ ថ្ងៃផលិតបានលើសពី១០០តោនទើបអាចធ្វើរោងចក្រប្រេងឆាបាន»។
បច្ចុប្បន្ន ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប មានរោងចក្រចម្រាញ់ប្រេងដូងឆៅដែលមានសមត្ថភាពផលិតបាន៣០តោន ក្នុងមួយម៉ោង តាំងពីឆ្នាំ២០០២។ ប៉ុន្តែដោយសារទិន្នផលដូងប្រេងនៅមានចំនួនតិច ក្រុមហ៊ុនអាចចម្រាញ់ប្រេងឆៅបានត្រឹមប្រហែលជា២ម៉ឺនតោន ប៉ុណ្ណោះក្នុងមួយឆ្នាំ។ បច្ចុប្បន្នទិន្នផលដូងប្រេងកំពុងមានការកើនឡើង ហើយក្រុមហ៊ុនក៏កំពុងសាងសង់រោងចក្រចម្រាញ់ប្រេងឆៅមួយទៀត ដែលមានសមត្ថភាពផលិតបាន៤៥តោនក្នុងមួយម៉ោងដើម្បីបង្កើនការផលិត ប្រេងឆៅ។ លោកមានប្រសាសន៍ថា៖ «យើងសង់រោងចក្រប្រេងឆៅមួយទៀតសិន ហើយវាដំណើរការនៅខែសីហា ឆ្នាំ២០១៤ ខាងមុខនេះ បន្ទាប់មកបានយើងចាប់ផ្តើមសង់រោងចក្រប្រេងឆា»។
រោងចក្រចម្រាញ់ប្រេងដូងឆៅ ដែលមានសមត្ថភាពអាចផលិត៤៥តោនក្នុងមួយម៉ោងនេះ ត្រូវចំណាយទឹកប្រាក់ប្រមាណជិត២០លានដុល្លារ។ លោករំពឹងថា នឹងអាចផលិតប្រេងឆៅបានគ្រប់ចំនួននៅឆ្នាំ២០១៦។
លោក កែ សុធា នាយកប្រតិបត្តិក្រុមហ៊ុនតាំងឡាយស៊ីអ៊ីមផតអិចផត ដែលនាំចូលប្រេងឆាពីក្រៅប្រទេសដើម្បីផ្គត់ផ្គងទីផ្សារក្នុង ស្រុកមានប្រសាសន៍ថា សព្វថ្ងៃតម្រូវការប្រេងឆាក្នុងទីផ្សារមានច្រើន ហើយកម្ពុជានៅតែពឹងផ្អែកច្រើនលើការផ្គត់ផ្គង់ប្រេងឆាពីអ្នក ផលិតនៅក្រៅស្រុក។ លោកបន្តថា ការបង្កើតរោងចក្រផលិតប្រេងឆានេះ នឹងអាចផ្គត់ផ្គង់ដល់តម្រូវការទីផ្សារក្នុងស្រុក ហើយថែមទាំងជួយកាត់បន្ថយការនាំចូលប្រេងឆាពីក្រៅប្រទេស។ លោកថ្លែងថា៖ «វាជាការល្អ ប្រសិនបើយើងមានរោងចក្រផលិតក្នុងស្រុក។ ម៉្យាងទៀត តម្លៃប្រេងឆា យើងអាចធូរថ្លៃជាង ប្រេងឆានាំចូលដែរ។ បើប្រេងឆានោះគេផលិតបានជាស្តង់ដារមួយល្អ ប្រជាជនអាចនឹងងាកទៅប្រើប្រាស់ប្រេងឆាដែលផលិតក្នុងស្រុកវិញ »។
បើតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ កម្ពុជាបានចំណាយ៤,២លានដុល្លារ ក្នុងការនាំចូលប្រេងឆា ចំនួន ៨ ២០៤ តោនក្នុងរយៈពេល ១១ខែដំបូងនៅឆ្នាំ២០១២ និងប្រមាណ៥,២៨លានដុល្លារកាលពីឆ្នាំ២០១១ ក្នុងការនាំចូលប្រេងឆាចំនួន១៣ ០២០តោន។
ប្រេងដូងត្រូវបានគេយកទៅកែច្នៃជា ប្រេងឆា ជីវឥន្ធនៈ និងជាវត្ថុផ្សំក្នុងការផលិតសាប៊ូ និងគ្រឿងសម្អាងផ្សេងៗ។
ទិន្នផលដូងប្រេងរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប ត្រូវបាននាំចេញទៅប្រទេស ម៉ាឡេស៊ី ស្វ៊ីស ហូឡង់ ឥណ្ឌា និងបារាំង។
បើតាមការឲ្យដឹងពី លោក ម៉ុង ឫទ្ធី ការនាំចេញប្រេងឆៅដែលមានជាប្រេងដូងចម្រាញ់ និងជាគ្រាប់ដូងប្រេងរបស់ក្រុមហ៊ុនសរុបក្នុងឆ្នាំ២០១៣ មានតម្លៃប្រមាណជា២០លានដុល្លារអាមេរិក៕