ភ្នំពេញ: កម្ពុជាបានជំរុញឲ្យក្រុមហ៊ុនផលិតមីក្នុងស្រុកបង្កើនការផលិតឲ្យបានជិត ៧០ ម៉ឺនកេស ដើម្បីរក្សានិរន្តរភាពស្បៀងឲ្យបានគ្រប់គ្រាន់ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ ១៩ ដែលនេះជាយន្តការមួយរបស់រដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពថ្លៃលើទីផ្សារ។
ការជំរុញនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៥ ខែមេសាបានអំពាវនាវឲ្យក្រុមហ៊ុនផលិតមី និងក្រុមហ៊ុនផលិតទឹកបរិសុទ្ធបង្កើនការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ នេះ។
លោកថ្លែងថា៖ «[ខ្ញុំ] ចាត់ចែងរោងចក្រផលិតមីក្នុងប្រទេស ដើម្បីផលិតមីជូនរាជរដ្ឋាភិបាលសម្រាប់ផ្គត់ផ្គង់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលអត់ស្បៀង ហើយ [ខ្ញុំ] ក៏បានត្រៀមរៀបចំឲ្យរោងចក្រផលិតទឹកបរិសុទ្ធក្នុងប្រទេសត្រៀមផលិតទឹកស្អាតដើម្បីបម្រុងទុកសម្រាប់ជួយផ្គត់ផ្គង់ដោះស្រាយជូនប្រជាពលរដ្ឋ»។
បើយោងតាមទិន្នន័យដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីរដ្ឋាភិបាល ក្រុមហ៊ុនផលិតមីទាំង ៣ រោងចក្រនៅកម្ពុជាបាននិងកំពុងធ្វើការបង្កើនការផលិតរបស់ខ្លួនឲ្យបាន ៦៧ ម៉ឺនកេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុកនាអំឡុងពេលនេះ។ ក្នុងចំណោមនោះ ក្រុមហ៊ុនផលិតមីត្រូវត្រៀមបម្រុងសម្រាប់ជាស្តុកបង្វិលចំនួន ១៥ ម៉ឺនកេស និងត្រូវមានអាយុកាលប្រើប្រាស់មិនឲ្យលើសពី ៦ ខែ។
លោក ឡាវ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន One More Manufacturing Co., Ltd ដែលជាក្រុមហ៊ុនផលិតមីជាតិ (Mee Chiet) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា រោងចក្ររបស់លោកកំពុងបង្កើនការផលិតមីទ្វេដង ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការរក្សានិរន្តរភាពស្បៀង និងរក្សាតម្លៃមិនឲ្យឡើងថ្លៃលើទីផ្សារ។
លោកថ្លែងថា៖ «ស្របពេលប្រទេស កម្ពុជា កំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក្រុមហ៊ុន មីជាតិ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចំណែកគាំទ្រយុទ្ធសាស្ត្រ និងវិធានការរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ពិសេសការបង្កើនការផលិតដើម្បីធានាផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកក្នុងកាលៈទេសៈដ៏លំបាកនេះ»។
លោកអះអាងថា៖ «ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក្នុងការត្រៀមស្បៀងបម្រុង ក្រុមហ៊ុនសូមគាំទ្រចំពោះការអំពាវនាវនេះ»។
លោកបន្តថា ទន្ទឹមនេះក្រុមហ៊ុនក៏បានធ្វើការកុម្ម៉ង់ទិញវត្ថុធាតុដើមបន្ថែមដើម្បីធានាឲ្យបានគ្រប់គ្រាន់ទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។
លោកឲ្យដឹងថា៖ «ក្រុមហ៊ុនបានធ្វើការសិក្សាពីហានិភ័យនៃជំងឺកូវីដ១៩ ហើយក៏បានកំពុងរៀបចំយុទ្ធសាស្ត្រដើម្បីត្រៀមឆ្លើយតបនឹងស្ថានការណ៍នេះ។ ចំពោះសមត្ថភាពនៃការផលិត យើងបានអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល និងបន្តការផលិតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ ក្នុងលក្ខខណ្ឌ មានការផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់ យើងនឹងបន្តការផលិតនេះដើម្បីចែកចាយក្នុងទីផ្សារ»។
កាលពីថ្មីៗនេះរដ្ឋាភិបាលបានសម្រេចឲ្យផ្អាកការនាំចេញអង្ករស ស្រូវ និងត្រីដើម្បីរក្សានិរន្តរភាពស្បៀងក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។
ជាមួយគ្នានេះក្រុមហ៊ុន ហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានបញ្ចេញស្តុកអង្កររាប់ម៉ឺនតោនលក់រាយលើទីផ្សារក្នុងស្រុកដោយរក្សាតម្លៃថេរ ដើម្បីទប់កុំឲ្យជនឆ្លៀតឱកាសដំឡើងថ្លៃអង្ករក្នុងអំឡុងពេលនេះ។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីសប្តាហ៍មុនបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការផ្គត់ផ្គង់ផលិតផលកសិកម្មរួមមានបន្លែ ត្រី និងសាច់នឹងគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុកក្នុងពេលរដ្ឋាភិបាលធ្វើការទប់ស្កាត់ការរីករាលដាលកូវីដ១៩។
លោកបន្តថា ក្រសួងបានត្រៀមស្តុកសាច់ជ្រូកប្រមាណ ១៣០ តោន ក្នុង ១ ថ្ងៃ សម្រាប់រយៈពេល ៣ ខែនៃការរីករាលដាលកូវីដ ១៩ ខណៈលទ្ធភាពក្នុងការផ្គត់ផ្គង់សាច់សត្វក្នុងស្រុកសរុបប្រចាំឆ្នាំមានជាង ២៣៩ ពាន់តោន នៃតម្រូវការសាច់សរុបប្រចាំឆ្នាំចំនួន ២៩០ ពាន់តោន។ ចំណែកលទ្ធភាពផ្គត់ផ្គង់បន្លែក្នុងស្រុកប្រចាំឆ្នាំ ២០២០ មានប្រមាណ ៧១៦ ១១៣ តោន ស្មើនឹង ៦៨ ភាគរយ នៃតម្រូវការបន្លែសរុបជាង ១ លានតោន៕ LA