ភ្នំពេញៈ ​ក្រុមហ៊ុន ​Royal ​Group ​របស់​លោក ​គិត​ ម៉េង ​កាល​ពី​ម្សិលមិញ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ​(MoU​)​ ជាមួយ​ក្រសួង​ប្រៃសណីយ៍ ​និង​​ទូរគមនាគមន៍ ​(MPTC)​ ដើម្បី​គាំទ្រ​​វិស័យ​ឌីជីថល​របស់​ប្រទេស ​​កម្ពុជា​។ ​នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។​

ការ​ចុះ​ហត្ថលេខា​ដែល​ត្រូវ​បាន​ធ្វើ​ជា​អធិបតីភាព​ដោយ​លោក ​គិត​ ម៉េង ​អគ្គនាយក​ក្រុមហ៊ុន ​Royal Group និង​លោក ​ត្រាំ ​អ៊ីវតឹក ​រដ្ឋមន្ដ្រី​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ នឹង​បង្កើន​កិច្ច​សហការ​រវាង​​គ្នា​ ក៏​ដូច​ជា​ការ​បង្កើត​​ផែនការ​សម្រាប់​ការ​ដាក់​ឲ្យ​​ប្រើប្រាស់​លើ​បច្ចេកវិទ្យា​​ជំនាន់​ក្រោយ​ទំហំ​ធំ​ ដូចជា​កម្មវិធី​​​អេឡិចត្រូនិក សម្រាប់​រដ្ឋាភិបាល​ បច្ចេកវិទ្យា ​(AI)​ បច្ចេកវិទ្យា ​IoT ​មជ្ឈមណ្ឌល​ការ​បង្កើត​ថ្មី​ និង​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​ជា​ដើម​​។​

លោក ​គិត ​ម៉េង បាន​ឲ្យ​ដឹង​ក្នុង​អំឡុង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កាល​ពី​ម្សិលមិញ​ថា ​ភាគី​ទាំង ​២ ​នេះ​ នឹង​បង្កើត​​ក្រុម​ការងារ​រួម​មួយ​ដែល​ធ្វើ​ការ​លើ​ប្រព័ន្ធ​ឌីជីថល​ ដើម្បី​ជំរុញ​របៀបវារៈ​នេះ​។​

លោក​ថ្លែង​ថា​៖ «​​ក្រុមហ៊ុន ​Royal ​Group ​នឹង​ធ្វើ​ការងារ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ ដើម្បី​ដំណើរការ​​លើ​បច្ចេកវិទ្យា​ 5G នៅ​ក្នុង​ប្រទេស ​កម្ពុជា​»។ ​

លោក​បន្ត​ថា៖​ «​យើង​មាន​គម្រោង​ជា​​ច្រើន​ ដែល​កំពុង​​ដំណើរការ​ ហើយ​យើង​ជឿជាក់​ថា ​យើង​នឹង​អាច​ក្លាយ​ទៅ​ជា​អ្នក​តំណាង​​ឈាន​មុខ​គេ​របស់​​ប្រទេស ​កម្ពុជា ​​​នៅ​ក្នុង​វិស័យ​នេះ​»។​

MoU នេះ​ក៏​បាន​បញ្ជាក់​ពី​វិធានការ​ពង្រឹង​សន្ដិសុខ​ផ្សេងៗ​​ទាក់ទង​នឹង​បច្ចេកវិទ្យា​​ដូច​ជា​​ការ​ទាញ​យក​ឯកសារ​ដែល​បាត់បង់​ និង​​សុវត្ថិភាព​អ៊ីមែល​របស់​រដ្ឋាភិបាល​។​

លោក ​គិត ​ម៉េង ​ឲ្យ​ដឹង​ថា ​កម្ពុជា ​នឹង​​ក្លាយ​ជា​ឧទាហរណ៍​មួយ​​ក្នុង​​តំបន់​សម្រាប់​ការ​វិវត្ត​បច្ចេកវិទ្យា​ស្រប​តាម​កំណើន​សេដ្ឋកិច្ច ​និង​ពាណិជ្ជកម្ម​៕ ​LA