ភ្នំពេញៈ ក្រុមហ៊ុនជី Nitrogen Chemicals & Fertilizer Cambodia Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខេមបូឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញជីកសិកម្ម ជាមួយក្រុមហ៊ុន Dap Vinchen Limited និងក្រុមហ៊ុន Petrovietnam Fertilizer & Chemicals របស់ប្រទេសវៀតណាមដើម្បីជំរុញវិស័យកសិកម្មនៅ កម្ពុជា។ នេះបើតាមការឲ្យដឹងពីមន្ដ្រីជាន់ខ្ពស់មកពីក្រុមហ៊ុន Nitrogen Chemicals កាលពីម្សិលមិញ។
កិច្ចព្រមព្រៀងនេះត្រូវ បានចុះហត្ថលេខាក្នុងចំណោមកិច្ចព្រមព្រៀង៨ទៀត ក្នុងអំឡុងទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ដ្រី កម្ពុជាទៅកាន់ប្រទេសវៀតណាម ជាប្រទេសក្នុងចំណោមសមាជិកអាស៊ានទាំង១០ បន្ទាប់ពីលោកត្រូវតែងតាំងថ្មីជានាយករដ្ឋមន្ដ្រីក្រោយការ បោះឆ្នោតប្រកបដោយភាពចម្រូងចម្រាស។
លោក ឈុន គីម ប្រធានគ្រប់គ្រងហិរញ្ញវត្ថុ និងទទួលខុសត្រូវផ្នែកចែកចាយជីនៃក្រុមហ៊ុន Nitrogen Chemicals បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ក្រុមហ៊ុននេះគ្រោងនឹងនាំចូលជីបីប្រភេទរួមមាន ជី អ៊ុយរេ ជីDAP និងជីNPK ប៉ុន្តែបដិសេធមិនផ្ដល់ការអត្ថាធិប្បាយពី ចំនួនតោន និងពេលវេលាជាក់លាក់ដែលក្រុមហ៊ុននឹងចាប់ផ្ដើមធ្វើការនាំចូលនោះទេ។ លោកនិយាយថា៖ «មិនប្រាកដទេ! ក្រុមហ៊ុនស្នើអ្នកជំនាញខាងជី មកពីប្រទេសវៀតណាមដើម្បីសិក្សាពីប្រភេទដីអ្វី ត្រូវការជីប្រភេទអ្វី បន្ទាប់មកយើងនឹងសម្រេចចិត្ត។ យើងមិនអាចចេះតែនាំចូលទេ»។ លោក បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យក្រុមហ៊ុននាំចូលជីកសិកម្មចំនួន១៩០ ០០០ តោនក្នុងមួយឆ្នាំៗ។
លោកនិយាយទៀតថា៖ «នៅជំហាន ដំបូងហ្នឹងគឺយើងនាំជីយកមកឲ្យកសិករយើង តាមដេប៉ូចែកទៅដល់កសិករនិងបណ្តាញនៅខេត្ត។ ដំណាក់កាលទីពីរគឺ រ៉ូយ៉ាល់គ្រុប មានគម្រោងកសាងរោងចក្រជីមួយនៅស្ទឹងហាវ។ ខាងក្រុមហ៊ុនវៀតណាមមានការចាប់អារម្មណ៍លើចំណុចហ្នឹង។ គេនឹងមកសិក្សា គេនឹងឲ្យជាគំនិត និងមានការចូលរួមយ៉ាងម៉េចនោះ នៅពេលក្រោយ»។
យោងតាម ស្ថិតិរបស់ក្រសួងកសិកម្ម កាលពីឆ្នាំ២០១២ មានក្រុមហ៊ុនប្រហែល២០ដែល នាំចូលជីកសិកម្មគីមីដើម្បីផ្គត់ផ្គងទីផ្សារនៅកម្ពុជា។
លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាក និយាយថា ជីកសិកម្មគីមីដែលបាននាំចូលនឹងជួយដល់កសិករក្នុងការ បង្កើនទិន្នផល។ ប៉ុន្តែដើម្បីនិរន្តរភាពនៃការរីកចម្រើនក្នុងវិស័យកសិកម្មជា រយៈពេលវែងលោកចង់ឃើញកម្ពុជាមានរោងចក្រផលិតជីកសិកម្មក្នុង ស្រុកដើម្បីផ្តល់តម្លៃទាបដល់កសិករ ឬ គួរតែមានការជំរុញឲ្យកសិករផលិតជីធម្មជាតិសម្រាប់ប្រើប្រាស់ ដោយខ្លួនឯង។ លោកនិយាយថា៖ «ជីកសិកម្មបែបគីមីជាផ្នែក មួយជួយបង្កើនទិន្នផល ប៉ុន្តែកសិករក៏នឹងត្រូវចំណាយប្រាក់ច្រើនផងដែរ។ ការប្រើប្រាស់ជីកសិកម្មធម្មជាតិនឹងជួយពួកគេឲ្យទទួលបាន ប្រាក់ចំណេញកាន់តែច្រើន ហើយទន្ទឹមនឹងនោះក៏ជួយរក្សាគុណភាពដីដែរ»។
ក្នុងឆ្នាំ២០១៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់លិខិតអនុញ្ញាតឲ្យនាំចូលជីកសិកម្ម៣៣៨មុខស្មើនឹង៤៣៤ ៣២៣តោនសម្រាប់ការប្រើប្រាស់ក្នុងស្រុក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីឆ្នាំ២០១១ បានអនុម័តការវិនិយោគរបស់ក្រុមហ៊ុន Nitrogen Chemicals ដែលមានទំហំទឹកប្រាក់២,២ពាន់លានដុល្លារ។
ប្រធានគ្រប់គ្រងនៃ ក្រុមហ៊ុននេះឲ្យដឹងក្នុងបទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍នាពេល នោះថា ក្រុមហ៊ុនគ្រោងនឹងសម្ពោធរោងចក្រផលិតជី អ៊ុយរេ របស់ខ្លួននៅឆ្នាំ២០១៦ ដែលនឹងអាចចែកចាយក្នុងទីផ្សារ ក៏ដូចជានាំចេញទៅក្រៅប្រទេស។
កាលពីខែធ្នូ ឆ្នាំមុន រោងចក្រវៀតណាមមួយមានឈ្មោះថា Five Star International បានបើកដំណើរការនៅកម្ពុជាដែលមានសមត្ថភាពផលិតជីគីមីបានចំនួន ៣៥០ ០០០ តោនក្នុងមួយឆ្នាំៗ៕PB