ភ្នំពេញ៖ ក្រុមហ៊ុន រ៉ៃ ​ឃែភីថល ​ខេមបូឌា​ ឯក (Rai Capital (Cambodia) Co.) ដែល​បាន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា និង​ក្រុមហ៊ុន ​Goldbell Financial ​Services វិនិយោគ​​រួម​គ្នា ​ដើម្បី​បង្កើត​ ''APP'' Platform ​មួយ​​ ដែល​អនុញ្ញាត​ផ្ដល់​កម្ចី​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​​ម្នាក់​ទៀត (P2P) ​​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​​។ នេះ​បើ​យោង​តាម​ PR Newswire។

PR Newswire បាន​ឲ្យ​ដឹង​ពី​​ថ្ងៃទី ២៦​ ខែ​វិច្ឆិកា ​​ថា​ វេទិកា​ផ្ដល់​កម្ចី P2P របស់​ក្រុមហ៊ុន​ រ៉ៃ ឃែភីថល បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​នេះ​​នៅ​​កម្ពុជា ​ដើម្បី​​​បំពេញ​ចន្លោះ​ប្រហោង​​សម្រាប់​​ដំណោះស្រាយ​ហិរញ្ញប្បទាន​​ដែល​អាច​បត់បែន​​បាន​។ ការ​បង្កើត​កម្មវិធី ​(App)នេះ ​ឡើង ​គឺ​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​​សម្រាប់​សហគ្រាស​ខ្នាត​តូច​ និង​បុគ្គល​ក្នុង​ការ​ទទួល​​បាន​ហិរញ្ញវត្ថុ​​ ដើម្បី​ជំរុញ​បរិយាប័ន្ន​​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។​ យោង​សេចក្តី​ប្រកាស។

ក្រុមហ៊ុន​ រ៉ៃ ​ឃែភីថល បាន​បង្កើត​ឡើង​​កាល​ពី​ឆ្នាំ​ ​២០១៨​ បន្ទាប់​​ពី​ការ​ទទួល​ស្គាល់​គម្លាត​រីក​ចម្រើន​រហ័ស​នៅ​ក្នុង​ទីផ្សារ​ផ្ដល់​​កម្ចី​​សម្រាប់​លទ្ធភាព​​ទទួល​​បាន​ហិរញ្ញប្បទាន​ដោយ​ត្រឹមត្រូវ ​និង​ងាយ​ស្រួល​​នៅ​​កម្ពុជា​។

លទ្ធភាព​ទទួល​បាន​កម្ចី​​ខ្នាត​តូច​​​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ចល័ត​កម្មវិធី (App) របស់​​​ក្រុមហ៊ុន ​រ៉ៃ ​ឃែភីថល បាន​លុប​បំបាត់​ការ​ធ្វើ​ដំណើរ​ចម្ងាយ​ឆ្ងាយ​ដែល​ពួក​គេ​ធ្លាប់​​ធ្វើ​ពី​មុន​មក ជា​ថ្នូរ​​ទទួល​បាន​ហិរញ្ញប្បទាន​ពី​​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។

ថ្លែង​នៅ​​ពេល​ដាក់​​ឲ្យ​ដំណើរការ​​វេទិកា​នេះ លោក Eddie Lee សហស្ថាបនិក​ និង​អគ្គនាយក​​​ក្រុមហ៊ុន​ រ៉ៃ ឃែភីថល​ បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​បង្កើត​​កម្មវិធី​​​នេះ ដោយ​មើល​ឃើញ​ឱកាស​​ចន្លោះ​ប្រហោង​នៃ​ការ​ទទួល​បាន​​ហិរញ្ញវត្ថុ​​នៅ​កម្ពុជា​។

លោក​​បាន​កត់​សម្គាល់​ថា កង្វះ​​បរិយាប័ន្ន​ហិរញ្ញវត្ថុ​​ ដោយសារ​តែ​កង្វះ​អ្នក​ផ្ដល់​ហិរញ្ញប្បទាន SMEs ​និង​ SMEs ​ខ្នាត​តូច​ជា​ច្រើន​ ​ដែល​​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ការ-​គាំទ្រ​​ដែល​​បាន​ផ្ដល់​ដោយ​ធនាគារ ឬ​គ្រឹះស្ថាន​​ហិរញ្ញវត្ថុ​។​

លោក​បញ្ជាក់៖ «​ជាមួយ​ការ​ប្រឈម​របស់​​អ្នក​ខ្ចី​រូបវន្ត​នៅ​ពេល​​ទទួល​ហិរញ្ញប្បទាន ​គឺ​ត្រូវ​ការ​រយៈពេល​ជា​ច្រើន​ម៉ោង​ ឬ​រហូត​​ដល់​រយៈពេល​ ១ ថ្ងៃ​ ក្នុង​ការ​ធ្វើ​ដំណើរ​ពី​តំបន់​ជនបទ​ទៅ​ទីក្រុង​​ គ្រាន់​តែ​ចំណាយ​​ពេល​ ​២ ទៅ​ ៣ សប្ដាហ៍​ រង់ចាំ​ការ​ដាក់​ពាក្យ​សុំ​កម្ចី​ត្រូវ​អនុម័ត​»។

លោក​​ Eddie Lee បន្ត​ថា​៖ «​ក្រុមហ៊ុន​ រ៉ៃ​ ឃែភីថល ​ត្រូវ​បាន​​កើត​ចេញ​ពី​​ការ​មើល​ឃើញ​​ការ​ពិបាក​នោះ​។ ​រយៈពេល​ជា​ច្រើន​​ឆ្នាំ​ប្រទេស​សិង្ហបុរី បាន​​នាំ​មុខ​​ក្នុង​ការ​ក្លាយ​ជា​​មជ្ឈមណ្ឌល​​​សម្រាប់​បច្ចេកវិទ្យា​នវានុវត្តន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech)​។​ យើង​​នឹង​រួម​ចំណែក​ក្នុង​ការ​នាំយក​ FinTech ទៅ​ក្នុង​អាស៊ាន ដែល​ចាប់​ផ្ដើម​ជាមួយ​ប្រទេស​កម្ពុជា​​»។

នៅ​ប្រទេស​កម្ពុជា ​សហគ្រាស​​ធុន​តូច​បំផុត​ តូច​ និង​មធ្យម​ (MSMEs)​​ មាន​ចំនួន ​៩៩ ​ភាគរយ ​នៃ​ពាណិជ្ជកម្ម​សរុប ដោយ​ពាណិជ្ជកម្ម​ភាគ​ច្រើន ​គឺ​សហគ្រាស​តូចៗ​ ដោយ​មាន​បុគ្គលិក​តិច​ជាង ​១០ ​នាក់​។ នេះ​​បើ​យោង​តាម​គណៈកម្មការ​សេដ្ឋកិច្ច និង​​សង្គម​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក។

របាយការណ៍​របស់​គណៈកម្មការ​នេះ​ក៏​​បាន​ឲ្យ​ដឹង​ដែរ​ថា ខណៈ​ដែល​កម្ចី P2P ឬ​​ហិរញ្ញប្បទាន​ជំនួស​ផ្សេង​ទៀត​ ​មិនមែន​ជា​​គំនិត​ថ្មី​ទាំង​ស្រុង​នោះ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ​ប្រទេស​កម្ពុជា ​នៅ​តែ​មាន​ឱកាស​​​ក្នុង​ការ​បំពេញ​សេវា​បែប​នោះ ដោយ​មាន ​MSME ៦៦ ​ភាគរយ ​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​ទទួល​បាន​ទុន​បង្វិល៕ LA