ភ្នំពេញៈ ទីផ្សារសេវា 4G នៅកម្ពុជាបានបន្តឆ្ពោះទៅមុខ ដោយចំណុចមួយចំនួនកំពុងវិវឌ្ឍលឿនជាងប្រទេសមួយចំនួនក្នុងតំបន់។ នេះបើយោងតាមរបាយការណ៍ស្តីពី «បទពិសោធបណ្តាញចល័ត» របស់ក្រុមហ៊ុន Opensignal។
របាយការណ៍ខែ សីហា ឆ្នាំ ២០១៩ បង្ហាញថា ល្បឿន Download របស់កម្ពុជានៅយឺតបើគិតពីចំណាត់ថ្នាក់ល្បឿន download សកល ដោយឈរនៅលេខរៀងទី ១០ រាប់ពីក្រោម។
ទោះបីជាយ៉ាងនេះក្តី កម្រិតនៃការប្រើប្រាស់សេវា 4G របស់កម្ពុជា គឺដូចគ្នាទៅនឹងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមរបាយការណ៍។
របាយការណ៍បន្តថា៖ «នេះមិនមែនមានន័យថា បណ្តាញ 4G របស់អ្នកលឿនប៉ុនណាទេ ប្រសិនបើអ្នកមិនអាចស្វែងរកសញ្ញា 4G បាននោះ កម្រិតនៃការទទួលបានសេវា 4G របស់កម្ពុជាខ្ពស់ជាងបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប បើទោះបីល្បឿនតភ្ជាប់អាចរអាក់រអួល ប៉ុន្តែយ៉ាងហោចណាស់លទ្ធភាពទទួលបាន គឺមានភាគច្រើន»។
ក្រុមហ៊ុនទូរស័ព្ទចល័ត Smart Axiata នៅតែជាប្រតិបត្តិករដែលមានលទ្ធភាពផ្តល់សេវា 4G ដល់អ្នកប្រើប្រាស់រហូតដល់ជាង ៨០ ភាគរយ ខណៈគូប្រជែង Cellcard និង Metfone កំពុងមានការវិវឌ្ឍ។
របាយការណ៍បង្ហាញថា៖ «ប្រតិបត្តិករទាំង ២ បានមើលឃើញពីការកើនឡើង ៣ ភាគរយ នៃការអាចរកបានសេវា 4G របស់ពួកគេ ដែលធ្វើឲ្យគម្លាតកាន់តែជិតនឹងក្រុមហ៊ុន Smart»។
ពិន្ទុល្បឿន download របស់ប្រតិបត្តិករកម្ពុជាស្ថិតនៅក្នុងកម្រិតទាបជាង ១០ Mbps។ របាយការណ៍បន្តថា៖ «ប៉ុន្តែនេះមិនមែនមានន័យថា កម្ពុជាព្រងើយកន្តើយនឹងសេវា 4G ឡើយ ដូចនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីដែរ កម្ពុជាហាក់បានផ្តោតកិច្ចប្រឹងប្រែងរបស់ខ្លួនលើការពង្រីកលទ្ធភាពទទួលបាន 4G»។
យោងតាមរបាយការណ៍ នៅក្នុងការវិភាគជាសកល កម្ពុជាសម្រេចបានលទ្ធភាពទទួលបាន 4G ច្រើនជាងប្រទេសមួយចំនួននៅអឺរ៉ុប។
កូរ៉េខាងត្បូងជាប្រទេសតែមួយគត់ដែលពិន្ទុនៃល្បឿន Download មានរហូតដល់ ៥០ Mbps ខណៈប្រទេសភាគច្រើនស្ថិតចន្លោះ ១០ ទៅ ២០ Mbps។ នេះបើតាមរបាយការណ៍។
ក្រុមហ៊ុន Opensignal គឺជាក្រុមហ៊ុនវិភាគទិន្នន័យចល័ត ដែលធ្វើការដើម្បីបង្កើនការតភ្ជាប់បណ្តាញចល័តទូទាំងពិភពលោក៕