ក្រុងតូក្យូៈ មិនមានស្រាបៀរជប៉ុនសូម្បីតែមួយដបត្រូវបាននាំចេញទៅប្រទេស កូរ៉េខាងត្បូង កាលពីខែមុន ខណៈពេលដែលការធ្វើយុទ្ធនាការពហិកាប្រឆាំងនឹងជប៉ុនជុំវិញជម្លោះជាប្រវត្ដិសាស្ដ្របានបញ្ចប់តម្រូវការស្រាបៀរជប៉ុន។ នេះបើយោងតាមតួលេខផ្លូវការដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ការនាំចេញស្រាបៀរជប៉ុនទៅប្រទេសកូរ៉េខាងត្បូងមានតម្លៃ ៧,៩ ពាន់លានយ៉េន (៧២ លានដុល្លារ) កាលពីឆ្នាំមុនដែលមានចំណែងជាង ៦០ ភាគរយ នៃការនាំចេញស្រាបៀបសរុបរបស់ប្រទេសជប៉ុននៅទូទាំងពិភពលោក។
ប៉ុន្តែក្រសួងហិរញ្ញវត្ថុនៅទីក្រុងតូក្យូបានឲ្យដឹងថា ការនាំចេញបានធ្លាក់ចុះដល់សូន្យ ដោយសារតែប្រទេសទាំងពីរនៅតែជាប់គាំងនៅក្នុងជម្លោះមួយជុំវិញពាណិជ្ជកម្ម និងភាពឃោរឃៅសម័យសង្គ្រាមជប៉ុន។
កាលពីខែកញ្ញាការនាំចេញធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនបានធ្លាក់ចុះ ៩៩ ភាគរយ ដែលជាការវាយប្រហារដល់ដល់ក្រុមហ៊ុនស្រាបៀរជប៉ុនដូចជាក្រុមហ៊ុនស្រាបៀរ Kirin ស្រាបៀរ Asahi និងស្រាបៀរ Sapporo ជាដើម។
អ្នកនាំពាក្យក្រុមហ៊ុនស្រាបៀរ Kirin Holdings បានបដិសេធអត្ថាធិប្បាយ ដោយលើកឡើងថា៖ «យើងកំពុងឃ្លាំមើលកាវិវឌ្ឍនានា»។
ការនាំចេញមី និងស្រាសាកេ (sa-ke) របស់ជប៉ុនទៅប្រទេសកូរ៉េខាងត្បូង ក៏បានធ្លាក់ចុះផងដែរ។
ទំនាក់ទំនងបានចាប់ផ្ដើមធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីសេចក្ដីសម្រេចរបស់តុលាការប្រទេសកូរ៉េខាងត្បូងជាបន្តបន្ទាប់បញ្ជាឲ្យក្រុមហ៊ុនជប៉ុនសងជំងឺចិត្តដល់ជនរងគ្រោះពីការប្រើពលកម្មដោយបង្ខំក្នុងសម័យសង្គ្រាម។
ការបញ្ជានេះបានធ្វើឲ្យទីក្រុងតូក្យូខឹងសម្បាជាមួយនឹងការបញ្ជាក់របស់ប្រទេសជប៉ុនថា បញ្ហានេះត្រូវបានដោះស្រាយនៅក្នុងសន្ធិសញ្ញាឆ្នាំ ១៩៦៥ ជាពេលដែលមានការធ្វើឲ្យទំនាក់ទំនងការទូតមានលក្ខណៈធម្មតាឡើងវិញរវាងប្រទេសទាំង ២ ដែលបានរួមបញ្ចូលទាំងសំណងដ៏ច្រើន។
ជម្លោះជាប្រវត្ដិសាស្ដ្រនេះបានផ្លាស់ប្តូរទៅជាជម្លោះពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចទីផ្សារទាំង ២ នេះ ដោយសារតែប្រទេសជប៉ុនបានលុបចោលប្រទេសកូរ៉េខាងត្បូងចេញពីអ្វីដែលហៅថា «បញ្ជីស» ដែលប្រទេសស្ថិតក្នុងបញ្ជីនេះនឹងទទួលបាននីតិវិធីគ្រប់គ្រងការនាំចេញកាន់តែល្អប្រសើរ។
ប្រទេសកូរ៉េខាងត្បូងបានតបតជាមួយនឹងការរឹតបន្តឹងពាណិជ្ជកម្មស្រដៀងគ្នា និងបានសម្រេចចិត្តបោះបង់ចោលកិច្ចព្រមព្រៀងចែករំលែក ព័ត៌មានចារកម្ម ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកវិភាគដែលបានគិតថា ទំនាក់ទំនងការពារជាតិនឹងមិនរងផលប៉ះពាល់ពីជម្លោះការទូតនេះ។
ប៉ុន្តែកាលពីសប្ដាហ៍មុនប្រទេសកូរ៉េខាងត្បូងបានសម្រេចចិត្តលុបចោលការសម្រេចចិត្តបោះបង់ចោលកិច្ចព្រមព្រៀងយោធានេះវិញ ហើយប្រទេសទាំង ២ បានយល់ព្រមគ្នារៀបចំកិច្ចប្រជុំកំពូលមួយនៅក្នុងប្រទេសចិននៅខែក្រោយ៕ LA