ភ្នំពេញ: កម្ពុជា​បានបង្ហាញ​ពី​សមិទ្ធផល​ធំៗ​ដែល​សម្រេចបាន​កាលពី​ឆ្នាំ​ ២០១៩ ខណៈ​ការរាតត្បាត​របស់​ជំងឺ​កូវីដ​១៩ កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​នៅក្នុង​ឆ្នាំ​ ២០២០ ​នេះ​។

បើទោះជា​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ត្រូវបាន​ប្រកាស​ពន្យារ​ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សារ​ដែល​បាន​ផ្ញើជូន​ជនរួមជាតិ​ខ្មែរ​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ​ក៏​បាន​រៀបរាប់​ពី​កំណើន​សេដ្ឋកិច្ច​ដ៏រឹងមាំ​របស់​កម្ពុជា​ដែល​សម្រេចបាន​រង្វង់​ ៧ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩​។ លោក​បាន​ឲ្យ​ដឹងថា កំណើន​ដ៏រឹងមាំ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​ក្នុង​វិស័យ​ឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម និង​សេវាកម្ម ព្រមទាំង​វិស័យ​ទេសចរណ៍​ផងដែរ​។

លោក​ថ្លែងថា​៖ «​កម្ពុជា​កំពុងតែ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ទៅ​ជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​»​។ លោក​បន្តថា​៖ «​កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ប្រកបដោយ​ការប្រុងប្រយ័ត្ន និង​ធ្វើឲ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ដោយ​ជំរុញ និង​លើកកម្ពស់​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ភាព​ប្រកួតប្រជែង ព្រមទាំង​ជំរុញ​ការផលិត និង​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​»​។

ទោះបីជា​បែបនេះ​ក្តី​ធនាគារអភិវឌ្ឍន៍អាស៊ី​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​មក​នៅត្រឹម ២,៣ ​ភាគរយ​នៅ​ឆ្នាំ​ ២០២០ ​នេះ​បន្ទាប់ពី​កំណើន​ដ៏រឹងមាំ​ក្នុង​រង្វង់ ៧ ​ភាគរយ​នា​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ ខណៈ​ធនាគារពិភពលោក​បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន ២,៥ ​ភាគរយ​នៅ​ឆ្នាំនេះ ប៉ុន្តែ​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់ ៥,៩ ​ភាគរយ​នៅ​ឆ្នាំ​ ២០២១​។

លោក​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំមុន​រដ្ឋាភិបាល​សម្រេច​បាន​សមិទ្ធផល​ធំៗ​ជាច្រើន​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ថាមពល និង​ហេដ្ឋាសម្ព័ន្ធ​ផ្លូវថ្នល់​ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កំណើន​សេដ្ឋកិច្ច​រឹងមាំ​របស់​កម្ពុជា​។

លោក​បន្តថា ចំណែក​វិស័យ​សំណង់​កំពុង​រីកលូតលាស់​យ៉ាងខ្លាំង​ដោយ​គិត​មកដល់​ពេល​នេះ​នៅ​កម្ពុជា​មាន​អគារ​កម្ពស់​ចាប់ពី ៥ ​ទៅ​ ៤០ ​ជាន់​ឡើង​ចំនួន ១ ៧០០ ​អគារ​។

ដោយឡែក​ចំណូល​ពី​វិស័យ​ទេសចរណ៍​អន្តរជាតិ​សម្រេចបាន ៤៩១៩ ​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​កើន​ជាង ១២ ​ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០១៨​។ ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុជា​មាន​ចំនួន​ ៦,៦១ ​លាន​នាក់​។

លោក​លើកឡើង​ទៀតថា​ថ្មីៗ​នេះ​រដ្ឋាភិបាល​ក៏បាន​ដាក់​ឲ្យ​ដំណើរការ​ផ្លូវជាតិ និង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ និង​ផ្លូវ​ល្បឿនលឿន​ដែលមាន​ប្រវែង ១៩០ ​គីឡូម៉ែត្រ​ពី​ភ្នំពេញ​ទៅ​ក្រុង​​ព្រះសីហនុ​ផងដែរ​។

បើ​តាម​លោកនាយក​រដ្ឋមន្ត្រី​កាលពី​ឆ្នាំ​មុន​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​សម្រេច​បាន​ ៣៤,៥៩ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ការនាំចេញ​ទំនិញ​សម្រេចបាន ១៤,៩១ ​ពាន់​លាន​ដុល្លារ​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា​ក៏ដោយ ក៏​រដ្ឋាភិបាល​នៅតែ​បន្ត​ខំប្រឹងប្រែង​ដើម្បី​បង្កើន​ការសម្របសម្រួល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អន្តរជាតិ​ឲ្យ​បាន​កាន់តែ​ខ្លាំង​បន្ថែមទៀត​តាមរយៈ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​។

លោក​ថ្លែងថា​៖ «​ក្រុមការងារ​របស់​ក្រសួង​កំពុង​ធ្វើការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន កូរ៉េ​និង​រុស្ស៊ី ខណៈ​ក្រុមការងារ​នេះ​កំពុង​សិក្សា​កិច្ចព្រមព្រៀង​នេះ​ជាមួយ​ឥណ្ឌា អង់គ្លេស និង​ជប៉ុន​ផងដែរ​»៕