ភ្នំពេញៈ លោក សូរ ឃុន អតីតរដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាតំណាងរាស្ដ្រខេត្តតាកែវរបស់គណបក្សប្រជាជនកម្ពុជាទទួលមរណភាពហើយកាលពីម្សិលមិញ ក្នុងអាយុ៧១ឆ្នាំ ដោយសារតែរោគាពាធ។
មរណភាពរបស់លោក សូរ ឃុន គឺប៉ុន្មានថ្ងៃបន្ទាប់ពីអតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងជាតំណាងរាស្ដ្រខេត្តកំពង់ស្ពឺនៃ គណបក្សសង្គ្រោះជាតិត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសសិង្ហបុរីកាលថ្ងៃអាទិត្យដោយជម្ងឺដាច់សរសៃឈាមខួរក្បាល។
លោក សូរ ឃុន បានធ្វើជារដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជិត ២០ ឆ្នាំ ចាប់ពីឆ្នាំ១៩៩៣ រហូតដល់ខែ កញ្ញា ឆ្នាំ ២០១៣ ដែលក្រោយមកត្រូវបានដាក់ជំនួសដោយលោក ប្រាក់ សុខុន អតីតរដ្ឋលេខាធិកានៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា លោក សូរ ឃុនបានធ្លាក់ខ្លួនឈឺអស់រយៈពេលជិតមួយឆ្នាំមកហើយ ហើយលោកបានទទួលមរណភាពនៅម៉ោង ១១:១១ នាទីព្រឹកនៅព្រឹកនេះ (ម្សិលមិញ)។
លោកបានសរសេរមកកាន់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំសុំបញ្ជាក់អំពីដំណឹងមរណភាព [របស់លោកសូរ ឃុន]។ លោកមានជំងឺជិតមួយឆ្នាំមកហើយ»។
លោកបន្តថា៖ «ប៉ុន្តែជាអកុសលខ្ញុំមិនមានប្រវត្តិរូបរបស់លោកទេ»។
លោក ភូ លីវូដ ទីប្រឹក្សារដ្ឋាភិបាល និងជាអតីតប្រធានបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាជាតិ (NiDA) បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោកសូរ ឃុន។
លោកបានថ្លែងថា៖ «យើងបានបាត់បង់បុគ្គលល្អមួយរូបដែលបានព្យាយាមអភិវឌ្ឍវិស័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT) នៅក្នុងប្រទេសកម្ពុជាចាប់ពីបាតដៃទទេក្រោយឆ្នាំ ១៩៧៩»។
យោងតាមទិន្នន័យបានពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួនស៊ីមកាតដែលបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ជាង ២០ លានកាលពីឆ្នាំ ២០១៣ ក្នុងនោះ ២០,២ លានជាស៊ីមប្រើទូរស័ព្ទចល័តដែលកើនឡើងពី ១៩,១ លាន ខណៈអ្នកប្រើប្រាស់ទូរស័ព្ទមានខ្សែបានថយចុះ២៨ភាគរយពី ៥៨៤ ៤៧៥ មកនៅត្រឹម ៤២០ ៩៤២ នាក់។អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងមានខ្សែ និងទូរស័ព្ទចល័តបានកើនឡើងពី២,៧លានដល់៣,៨លាននាក់៕