The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោកស្រី Lagarde ថា មូលនិធិ IMF ត្រៀមខ្លួនគាំទ្រដល់ប្រទេស ប៉ាគីស្ថាន

លោកស្រី Lagarde ថា មូលនិធិ IMF ត្រៀមខ្លួនគាំទ្រដល់ប្រទេស ប៉ាគីស្ថាន

Content image - Phnom Penh Post
លោក Khan ​ក្នុង​កិច្ចប្រជុំ​កំពូល​រដ្ឋាភិបាល​ពិភពលោក។ រូប AFP

លោកស្រី Lagarde ថា មូលនិធិ IMF ត្រៀមខ្លួនគាំទ្រដល់ប្រទេស ប៉ាគីស្ថាន

ក្រុង​ឌូបៃៈ លោកស្រី​ ​ Christine Lagarde ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​មុន​ បាន​ជួប​​លោក​ Imran Khan នាយក​រដ្ឋមន្ដ្រី​ប្រទេស ​ប៉ាគីស្ថាន និង​បាន សន្យា​ជា​មួយ​លោក​ថា ​​មូលនិធិ IMF ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​ដើម្បី​គាំទ្រ​​ប្រទេស​នេះ។​

ទាំង​មូលនិធិ​ IMF និង​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​ថា ​ជំនួប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្រៅ​​កិច្ច​ប្រជុំ​កំពូល​រដ្ឋាភិបាល​ពិភព​លោក ​(WGS) នៅ​ទីក្រុង​ឌូបៃ ដែល​បាន​រៀបចំ​ឡើង​ដោយ​​ប្រទេស ​​អេមីរ៉ាតអារ៉ាប់រួម​។

លោកស្រី​ Lagarde បាន​ឲ្យ​ដឹង​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ បន្ទាប់​ពី​​ជួប​ជា​​​មួយ​លោក​ Khan ថា​៖ «​ខ្ញុំ​បាន​បញ្ជាក់​ជា​ថ្មី​ថា IMF ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​គាំទ្រ​​ប្រទេស ​ប៉ាគីស្ថាន​​»។​

ក្រុម​ការងារ​​មួយ​របស់​​​មូលនិធិ​ IMF ដែល​បាន​ទស្សន​កិច្ច​​ប្រទេស ​ប៉ាគីស្ថាន ​កាល​ពី​ខែ ​វិច្ឆិកា ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​​ផ្តល់​ជំនួយ​សង្គ្រោះ​​ជា​មួយ​មន្ដ្រី​នានា​របស់​ប៉ាគីស្ថាន​ ទោះ​បី​ជា​ការ​ចរចា​នេះ​បាន​បញ្ចប់​ដោយ​​មិន​មាន​កិច្ច​ព្រមព្រៀង​ក៏​ដោយ​ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មក មន្ដ្រី​រដ្ឋាភិបាល​ប៉ាគីស្ថាន​​​បាន​​ឲ្យ​ដឹង​ថា ការចរចា​​​ស្ដីពី​លទ្ធភាព​ផ្តល់​​​ជំនួយ​សង្គ្រោះ​​​​នៅ​តែ​កំពុង​ដំណើរការ។​

ប្រទេស ​ប៉ាគីស្ថាន ដែល​​បាន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ IMF ជា​បន្ត​​បន្ទាប់​ចាប់​តាំង​ពី​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ មក​នោះ កំពុង​​ប្រឈម​នឹង​វិបត្តិ​​តុល្យភាព​​នៃ​វិ​ជញ្ជីង​​ទូទាត់។​

លោកស្រី​ Lagarde ដែល​ហៅ​​ជំនួប​នេះ​ថា «ល្អ​ និង​មាន​លក្ខណៈ​ស្ថាបនា» នោះ បាន​មាន​ប្រសាសន៍​​ថា៖ «​​ខ្ញុំ​បាន​បញ្ជាក់​ថា គោល​នយោបាយ​ ចុង​ក្រោយ និង​កញ្ចប់​កែ​ទម្រង់​សេដ្ឋកិច្ច​ដ៏​រឹងមាំ​មួយ​ នឹង​អាច​ឲ្យ​ប្រទេស ​ប៉ាគីស្ថាន​ ​ស្ដារ​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​​វិញ និង​​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់​​កំណើន​សេដ្ឋកិច្ច​កាន់​តែ​រឹងមាំ និង​កំណើន​​​បរិយាប័ន្ន​​​កាន់​តែ​ខ្លាំង»។​​

ប៉ាគីស្ថាន ដែល​ជា​ប្រទេស​ខ្ចី​ប្រាក់​ទៀង​ទាត់​ពី​មូលនិធិ IMF ចាប់​តាំង​ពី​​ទសវត្សរ៍​ឆ្នាំ ១៩៨០ មក​នោះ បាន​ទទួល​​ជំនួយ​សង្គ្រោះ​របស់ IMF ចុង​ក្រោយ​កាល​ពី​ឆ្នាំ ​២០១៣ ចំនួន ៦,៦ ​ពាន់​លាន​ដុល្លារ។​

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​រដ្ឋាភិបាល​ពិភព​លោក លោក​នាយក​រដ្ឋមន្ដ្រី Khan បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​របស់​លោក​បាន​ចាប់​ផ្ដើម​កម្មវិធី​កែ​ទម្រង់​មួយ​ និង​កំពុង​ព្យាយាម​​កែ​លម្អ​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​ខ្លួន៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍