ភ្នំពេញៈ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) កាលពី​ថ្ងៃអាទិត្យ​បាន​បដិសេធ​ព័ត៌មាន​ដែល​អះអាង​ថា គណៈកម្មការ​អឺរ៉ុប បាន​ច្រានចោល​ការស្នើសុំ​ការពន្យារពេល​ ១២ ​ខែ​ជុំវិញ​ការដក​ផែនការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ​ (EBA) លើ​ឧស្សាហកម្ម​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​។

កាសែត Nikkei Asian Review របស់​ប្រទេស​ជប៉ុន​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា ឧស្សាហកម្ម​សម្លៀកបំពាក់​របស់​ប្រទេស​កម្ពុជា​ ដែល​រង​ផលប៉ះពាល់​រួចហើយ​ដោយ​ការរីក​រាលដាល​វីរុស​កូរ៉ូណា​នឹង​រង​ផលប៉ះពាល់​ជា​លើក​ទី​ ២ បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​ផ្ដល់​សញ្ញា​ថា ខ្លួន​នឹង​មិន​ព្យួរ​ការសម្រេចចិត្ត​របស់​ខ្លួន​ក្នុង​ការទប់ស្កាត់​សិទ្ធិ​ពាណិជ្ជកម្ម​សម្រាប់​វិស័យ​សំខាន់ៗ​នោះទេ​។

នៅក្នុង​អ៊ីមែល​មួយ​ផ្ញើ​ទៅ​កាសែត Nikkei Asian Review គណៈកម្មការ​អឺរ៉ុប បាន​ឲ្យ​ដឹងថា ដំណើរ​ផ្លូវ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការរក្សា​ឋានៈ EBA ​ពេញលេញ​របស់​ខ្លួន​គឺ​តាមរយៈ​ការបង្ហាញ​ «​ការរីកចម្រើន​សំខាន់ៗ​» ​នៅក្នុង​ការកែលម្អ​សិទ្ធិ​នយោបាយ និង​ស៊ីវិល​។

បើ​បញ្ហា​នោះ​កើតឡើង​ «​គណៈកម្មការ​នេះ​អាច​ពិនិត្យ​សេចក្ដី​សម្រេចចិត្ត​របស់​ខ្លួន​ឡើងវិញ និង​ធ្វើឲ្យ​មាន​ឡើងវិញ​នូវ​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម ស្ថិតក្រោម​កិច្ចព្រមព្រៀង​ EBA»​។

កាសែត​នេះ​បាន​ឲ្យ​ដឹងថា ការបារម្ភ​ដ៏សំខាន់​របស់ EU រួមបញ្ចូល​ទាំង​ការធ្វើ​ឲ្យ​ដូចដើម​ឡើងវិញ​នៃ​គណបក្សប្រឆាំង​ដែល​បាន​ហាមឃាត់​ការធ្វើ​នយោបាយ​នាពេល​នេះ និង​ការទម្លាក់​ការចោទប្រកាន់​ក្បត់ជាតិ​ប្រឆាំង​នឹង​​មេដឹកនាំ​របស់​គណបក្ស​មួយ​នេះ​។

លោក ខេន លូ អគ្គលេខាធិការ GMAC បាន​បញ្ជាក់ថា លោក​មិន​បានទទួល​ពេញលេញ​នូវ​របាយការណ៍​ដែល​ត្រូវបាន​រាយការណ៍​ដោយ​កាសែត Nikkei Asian Review ដោយបាន​និយាយថា ដោយសារ​តែ​អត្ថបទ​ដែល​បាន​សរសេរ​ដោយ​កាសែត Nikkie មិនបាន​បញ្ជាក់​ប្រភព​ច្បាស់លាស់​គឺ​ដោយ​គ្រាន់តែ​ដកស្រង់​សម្ដី​ប្រភព​អនាមិក​តែប៉ុណ្ណោះ ដែល​មិនបាន​តំណាង​ឲ្យ​ការសន្និដ្ឋាន​ដោយ គណៈកម្មការ​អឺរ៉ុប​នោះទេ​។

លោក​ថ្លែងថា​៖ «​យើង​ទើបតែ​បាន​អំពាវនាវ​ដល់​គណៈកម្មការ​អឺរ៉ុប (EC) ហើយ​រហូត​មក​ដល់ពេល​នេះ យើង​មិន​បានទទួល​ការឆ្លើយតប​ណាមួយ​ពី EC ​នោះទេ​។ ការអំពាវនាវ​របស់​យើង​ត្រូវបាន​ពឹង​ផ្អែកលើ​មូលហេតុ​សេដ្ឋកិច្ច និង​សង្គម និង​ផលប៉ះពាល់​។ មិន​បាន​ពឹងផ្អែក​លើ​កត្តា​ផ្សេងទៀត​នោះទេ​»​។

លោកស្រី Carmen Moreno ឯកអគ្គរាជទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា មិន​បាន​ឆ្លើយតប​ភ្នំពេញ​ប៉ុស្ដិ៍ តាមរយៈ​អ៊ីមែល​កាលពី​ថ្ងៃអាទិត្យ​នោះទេ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមមួយ​រវាង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ​(GMAC) សមាគម​ស្បែកជើង​កម្ពុជា​ (CFA) និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham) ដែល​បាន​ផ្ញើ​ទៅ EC កាលពី​ថ្ងៃទី​ ២ ខែ​មិថុនា រោងចក្រ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ​របស់​ប្រទេស​កម្ពុជា​ប្រហែល​ ២៥០ ត្រូវ​ផ្អាក​ប្រតិបត្តិការ​ទាំងស្រុង និង​កម្មករ​ជាង ១៣០ ០០០ ​នាក់​នៅក្នុង​វិស័យនេះ​។

លិខិត​នេះ​បន្ត​ថា នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២០ ចំនួន​អ្នកទិញ​បាន​លុបចោល​ការបញ្ជាទិញ បន្ទាប់ពី​ការបញ្ជាទិញ​ទាំងនោះ​ត្រូវបាន​បញ្ចប់ ឬ​ខណៈ​ដែល​កំពុង​ផលិត​។ វា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ ទំនង​ជា​នឹង​ធ្លាក់​ចុះមក​នៅត្រឹម​ ៥០ និង​ ៦០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

EU ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​របស់​កម្ពុជា​ដែល​ស្រូប​យក​ ៤៥ ​ភាគរយ​នៃ​ការនាំចេញ​សរុប​កាលពី​ឆ្នាំ​ ២០១៨​។ ការនាំ​ចេញ​ទៅ​ទីផ្សារ​ចាយប្រាក់​អឺរ៉ូ​របស់​ EU ​សម្រេច​បាន​ ៤,៩ ​ពាន់​លាន​អឺរ៉ូ​កាលពី​ឆ្នាំ​ ២០១៨ ដែល​កើនឡើង​ជិត​ ២ ​ដង​ ២,៥ ​ពាន់​លាន​អឺរ៉ូ​ដែល​បាន​កត់ត្រា​កាលពី​ឆ្នាំ​ ២០១៣​។ ៩៥,៧ ​ភាគរយ​នៃ​ការនាំចេញ​ទាំងនេះ​បាន​ចូល​ទៅ​ទីផ្សារ​ EU​ ស្ថិតក្រោម​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA​។ ជារួម ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ប្រើប្រាស់​ការអនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA ឈានមុខ​គេ​ទី​ ២ បន្ទាប់ពី​ប្រទេស​បង់ក្លាដែស​។

កាលពី​ខែកុម្ភៈ​គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​ការដក​ ១ ​ផ្នែក​នៃ​ផែនការ​អ្វីៗ​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ (EBA) នឹង​ប៉ះពាល់​ ១ ​ភាគ​ ៥ ឬ​ ១ ​ពាន់​លាន​អឺរ៉ូ (​ជាង​ ១,០៨ ​ពាន់​លាន​ដុល្លារ​) នៃ​ការនាំចេញ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​កម្ពុជា​ទៅ​ប្លុក​នៃ​ប្រទេស​អ្នកមាន​ដែលមាន​ ២៧ ​ប្រទេស​ចាយប្រាក់​អឺរ៉ូ​នេះ​៕LA

វីដេអូ៖