ភ្នំពេញៈ ការប្រមូលចំណូលពន្ធដារនៅកម្ពុជាក្នុងឆ្នាំ ២០២០ ត្រូវបានរំពឹងថានឹងសម្រេចបានលទ្ធផលកាន់តែល្អប្រសើរ និងមានតម្លាភាព នៅពេលដែលមន្ត្រីពន្ធដារយល់ដឹងកាន់តែច្បាស់ពីច្បាប់ប្រឆាំងនឹងអំពើពុករលួយ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពេញលេញ។ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារ។
ថ្លែងក្នុងបាឋកថា ស្តីអំពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារនៅសណ្ឋាគារសូហ្វីតែលកាលពីម្សិលមិញលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបាននិយាយថា ការពង្រឹងប្រព័ន្ធច្បាប់ និងប្រព័ន្ធបច្ចេកវិទ្យា គឺជាផ្នែកដ៏សំខាន់ដើម្បីជំរុញឲ្យចំណូលពន្ធដារនៅកម្ពុជាកើនឡើង ពិសេសវានឹងកាន់តែប្រសើរនៅពេលដែលប្រព័ន្ធបច្ចេកវិទ្យាត្រូវបានដាក់ឲ្យអនុវត្តពេញលេញនៅឆ្នាំ ២០២០ ខាងមុខ។
លោកថ្លែងថា៖ «ការយល់ដឹងពីច្បាប់ប្រឆាំងនឹងអំពើពុករលួយគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីពន្ធដារ។ សព្វថ្ងៃនេះយើងកំពុងខិតខំធ្វើការកែទម្រង់ផ្នែកពន្ធដារទៅលើកត្តាជាច្រើន ពិសេសការពង្រឹងអភិបាលកិច្ចល្អ តម្លាភាពក្នុងការបង់ពន្ធ និងឲ្យការប្រកួតប្រជែងធ្វើដោយស្មើភាពដែរ»។
លោកបន្តថា៖ «តាមរយៈការពង្រឹងច្បាប់ពន្ធដារ ក្រមសីលធម៌ អភិក្រម និងច្បាប់ប្រឆាំងអំពើពុករលួយ ខ្ញុំមានជំនឿថានឹងធ្វើឲ្យមន្ត្រីពន្ធដារមានស្មារតីកាន់តែខ្ពស់ក្នុងការទទួលខុសត្រូវ»។
តាមលោក គង់ វិបុល អំពើពុករលួយក្នុងវិស័យពន្ធដារគឺជាបញ្ហាប្រឈមមួយដែលធ្វើឲ្យការប្រមូលពន្ធដារជួបបញ្ហាដោយកន្លងមកមានមន្ត្រីពន្ធដារមួយចំនួនបានធ្វើការចរចាក្រៅផ្លូវការជាមួយអ្នកជាប់ពន្ធ និងធ្វើការងារដោយមិនឆ្លងកាត់ ឬកត់ត្រាទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា ដែលទង្វើនេះបានធ្វើឲ្យមានការលំបាកនៅពេលធ្វើសវនកម្ម។
លោកថ្លែងថា៖ «មានអ្នកខ្លះខ្ចីដៃពន្ធដារ ធ្វើលិខិតក្លែងក្លាយដោយបន្លំជាមន្ត្រីពន្ធដារទៅធ្វើសវនកម្ម ហើយហៅមកចរចាទើបបានរួចខ្លួន។ តែឥឡូវនេះអត់ទេ រាល់លិខិតធ្វើបេសកកម្មនឹងមានលិខិតជូនដំណឹងគឺចេញពីប្រព័ន្ធដែលអ្នកជាប់ពន្ធ ឬសហគ្រាសអាចទាញយកកម្មវិធី (App) ពីអគ្គនាយកដ្ឋានពន្ធដារ ហើយចម្លង QR code ដោយពិនិត្យមើលលិខិតបេសកកម្មហ្នឹង។ មានន័យថា (ដឹង) ក្លែងក្លាយ ឬមិនក្លែងក្លាយហើយ»។
លោក វិបុល លើកឡើងថាការមិនគោរពច្បាប់ និងគេចវេះមិនបង់ពន្ធ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ចំណូលជាតិ និងសេដ្ឋកិច្ចជាតិទាំងមូលនោះទេ ប៉ុន្តែវាថែមទាំងធ្វើឲ្យមានបាត់តម្លាភាពក្នុងការបង់ពន្ធទៀតផង។
លោកបានបញ្ជាក់បន្ថែមថា៖ «ទាំងនេះគឺជាយុទ្ធសាស្ត្រស្នូលរបស់អគ្គនាយកដ្ឋានដែលបានកែទម្រង់ ដើម្បីធ្វើឲ្យវិស័យពន្ធដារមានសុក្រឹតភាព និងគ្មានអំពើពុករលួយ ខណៈការប្រមូលពន្ធមិនល្អនឹងធ្វើឲ្យប៉ះពាល់ដល់ការប្រើប្រាស់ថវិការបស់រដ្ឋ»។
នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០១៩ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានជាង ១,៥ ពាន់លានដុល្លារ កើនឡើងចំនួន ៣២៤ លានដុល្លារពីឆមាសទី ១ ឆ្នាំ ២០១៨។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មិនហ៊ានវាយតម្លៃចំពោះការអះអាងរបស់លោក គង់ វិបុល ក្នុងការលុបបំបាត់អំពើពុករលួយក្នុងវិស័យពន្ធដារនេះទេ ដោយលោកគ្រាន់តែនិយាយថា ប្រសិនបើកម្ពុជាអាចធ្វើបានមែននោះ វាជារឿងអច្ឆរិយៈ ខណៈនៅលើពិភពលោកមិនទាន់មានប្រទេសណាមួយអាចលុបបំបាត់អំពើពុករលួយក្នុងវិស័យពន្ធដារនេះបានទាំងស្រុងទេ។
លោកអះអាងថា៖ «គ្រាន់តែយើងទទួលស្គាល់ថាគាត់ប្រមូលពន្ធដារបានច្រើនជាងមុន ព្រោះរៀងរាល់ឆ្នាំការប្រមូលពន្ធដាររបស់គាត់បានកើនពី ១៨ ទៅ ២០ ភាគរយ។ អ៊ីចឹងការកើនឡើងនេះគឺជាការរីកចម្រើនកើតចេញពីការធ្វើកំណែទម្រង់»។
យ៉ាងណាលោក ព្រាប កុល បានផ្តល់ជាអនុសាសន៍ថា បើចង់លុបបំបាត់អំពើពុករលួយ អាជ្ញាធរត្រូវធានាចំពោះការប្រកាសពន្ធរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងពិតប្រាកដ និងត្រូវមានអ្វីមកវាស់វែង ដោយពួកគេទាំងនោះភាគច្រើនជាមន្ត្រីមានងារធំ និងមានខ្នងក្រាស់ ចំណែកការធានាចំពោះការប្រកាសទ្រព្យសម្បត្តិក៏ជារឿងសំខាន់ផងដែរក្នុងការលុបបំបាត់អំពើពុករលួយក្នុងវិស័យពន្ធដារនៅប្រទេសកម្ពុជា។
នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះអគ្គនាយកដ្ឋានពន្ធដារសម្រេចបានកំណើនចំណូលពន្ធក្នុងរង្វង់ ២០ ភាគរយក្នុង ១ ឆ្នាំក្នុងនោះឆ្នាំ ២០១៤ ប្រមូលចំណូលបាន ១,០៦ ពាន់លានដុល្លារ ឆ្នាំ ២០១៥ បានជាង ១,៣ ពាន់លានដុល្លារ ឆ្នាំ ២០១៦ បានជាង ១,៥ ពាន់លានដុល្លារ ឆ្នាំ ២០១៧ បានជាង ១,៩៧ ពាន់លានដុល្លារ និងឆ្នាំ ២០១៨ បានជាង ២,១៩ ពាន់លានដុល្លារ៕LA