ភ្នំពេញៈ ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា សេដ្ឋកិច្ច​ប្រទេស​ កម្ពុជា​ នឹងមាន​ភាពល្អប្រសើរ​លើ​គ្រប់​វិស័យ​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន (FTA) សម្រេច​បានជា​ផ្លូវការ​ដោយ​អះអាងថា ចំនួន​រោងចក្រ​ថ្មី​នឹង​កើនឡើង​ជា​បន្តបន្ទាប់​។

ក្នុង​ឱកាស​ចូលរួម «​វេទិកា​ស្តីពី​គយ​កម្ពុជា​លើក​ទី​ ១» ដែល​រៀបចំ​ឡើង​ដោយ​សភាពាណិជ្ជកម្ម​កម្ពុជា​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃ​អង្គារ​លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា ខណៈ​បច្ចុប្បន្ន​មាន​មនុស្ស​ជាច្រើន​កំពុង​និយាយ​ពី​ក្តីបារម្ភ​ចំពោះ​ការបាត់បង់​ភាពអនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​នោះ​អ្វីៗ​នឹងមាន​ភាពល្អប្រសើរ​ឡើងវិញ​នៅពេល​ដែល​កម្ពុជា​អាចឈាន​ទៅ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​កម្ពុជា​កំពុងតែ​ចរចា​ជាមួយ​មិត្ត​ចិន ដើម្បី​ធ្វើ FTA​។ បើសិន​កម្ពុជា​មាន​កិច្ចព្រមព្រៀង FTA ជាមួយ​មិត្ត​ចិន ខ្ញុំ​ជឿថា​រាល់ដង​ដែល​យើង​តែង​និយាយ​ពី EBA នោះ​យើង​នឹង​ឈប់​និយាយ ព្រោះ​ពេល​ដែល​យើង​មាន FTA ជាមួយ​ចិន ខ្ញុំ​ជឿថា​ចំនួន​រោងចក្រ​ថ្មីៗ​នៅ​កម្ពុជា​នឹង​កើន​ឱកាស​ការងារ​ក៏​មាន​ច្រើន​ដែរ​»​។

លោក​បន្តថា នៅពេល​កម្ពុជា​មាន​កិច្ចព្រមព្រៀង FTA ជាមួយ​ប្រទេស​ចិន វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ក៏​នឹង​មាន​សម្ទុះ​ខ្លាំង​ផងដែរ​។ លោក​ថ្លែងថា​៖ «​អ្នក​ដែល​មាន​ដី ឬ​មាន​បំណង​ចង់​លក់​ដី កុំ​ទាន់​អាល​លក់ យក​ទុក​សិន​ទៅ ដើម្បី​ចៀសវាង​ការ​ស្តាយក្រោយ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្តីពី​ «​លទ្ធផល​នៃ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ចិន និង​គោលការណ៍​សម្រាប់​ការចរចា​បន្ត​» កាលពី​ថ្ងៃទី​ ១៣ ខែ​ កុម្ភៈ ឆ្នាំ​ ២០២០ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា ចិន បានបញ្ចប់​ជុំ​ទី​ ១ រួចហើយ​ដោយ​កិច្ចប្រជុំ​នឹងមាន​ជា​បន្តបន្ទាប់​ទៀត​នៅពេល​ខាងមុខ​សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​អាច​បញ្ចប់​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ​ ២០២០ និង​គ្រោង​ចុះហត្ថលេខា​នៅ​ដំណាច់​ឆ្នាំនេះ​តែម្តង​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA នេះ​នឹង​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ភាពកាន់តែ​សម្បូរបែប​ក្នុង​ការនាំចេញ​ផលិតផល​របស់ខ្លួន​ទៅ​ទីផ្សារ​ចិន​ទាំង​បរិមាណ និង​មុខទំនិញ​តាមរយៈ​ការ​ផ្តល់នូវ​ការអនុគ្រោះ​ពន្ធ​ប្រសើរ​ជាង​មុន​។ បន្ថែម​ពីនេះ​កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​កិច្ចសម្រួល​ពាណិជ្ជកម្ម តាមរយៈ​ការជួយ​សម្រួល និង​កាត់​បន្ថយ​បែបបទ នីតិវិធី និង​វិធានការ​នានា​ដែល​មិនចាំបាច់​ដែល​ធ្វើឲ្យ​រាំងស្ទះ​ដល់​លំហូរ​ពាណិជ្ជកម្ម​ទំនិញ​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​ឲ្យ​ដឹងថា ប្រសិនបើ​កម្ពុជា​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA ជាមួយ​ចិន វា​នឹង​ផ្តល់នូវ​ផលប្រយោជន៍​ជាច្រើន​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ខណៈ​កម្ពុជា​កំពុង​បាត់បង់​ការទទួល​បាន​ភាពអនុគ្រោះ​ពន្ធ​មួយចំនួន​ពី​សហភាព​អឺរ៉ុប​។

លោក​ថ្លែងថា​៖ «​ដោយសារ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​មាន​ទំហំ​ធំ​ស្រាប់​ទៅហើយ​នោះ ដូច្នេះ​នៅពេល​ប្រទេស​ទាំង​ ២ នេះ​មាន​កិច្ចព្រមព្រៀង FTA ទៀត​នោះ​ខ្ញុំ​គិតថា គ្រប់ផ្នែក​ទាំងអស់​នឹង​មាន​ភាពល្អប្រសើរ​ខ្លាំង​»​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា នៅពេល​ទទួល​បាន​កិច្ចព្រមព្រៀង​នេះ កម្ពុជា​ក៏ត្រូវ​គិតគូរ​ពី​ការពង្រឹង​គុណភាព​ផលិតផល​របស់ខ្លួន​ផងដែរ​។

លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា​បានលើក​ឡើង​ក្នុង​វេទិកា​កាលពី​ថ្ងៃ​ម្សិលមិញ​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុងស្ថិត​ក្នុង​ដំណាក់ការ​មួយ​ដែល​មាន​ការវិវត្ត​ទៅ​មុខជា​លំដាប់ និង​មាន​ផ្លាស់ប្តូរ​យ៉ាង​លឿន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​សង្គម​ដែល​ចាំបាច់​តម្រូវ​ឲ្យ​មាន​ការយកចិត្ត​ទុកដាក់​ពង្រឹង​ការអនុវត្ត​ច្បាប់ ការកែលម្អ​បរិយាកាស​វិនិយោគ ពាណិជ្ជកម្ម និង​ធុរកិច្ច​ផ្សេងៗ​។

របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​បរទេស​ក្នុងតម្លៃ​សរុប ១៦,៥ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ប្រទេស​ចិន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ ១ ដោយមាន​ចំណែក​ទីផ្សារ ៣៩ ​ភាគរយ ចំណែក​ការនាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​តម្លៃ​សរុប​ ១០,៩ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ចិន​ឈរ​នៅ​លេខ​រៀង​ទី​ ៤ ស្មើនឹង​ចំណែក​ទីផ្សារ ៧ ​ភាគរយ​៕LA