ភ្នំពេញៈ លោក គុណ ញឹម អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ត្រូវបានតែងតាំងជំនួស លោក ប៉ែន ស៊ីម៉ន អគ្គនាយកដែលបានកាន់តំណែងនេះអស់រយៈពេលជិត ១៦ ឆ្នាំមកហើយចាប់តាំងពី ឆ្នាំ១៩៩៨។
យោងតាមព្រះរាជក្រឹត្យដែលបានឡាយព្រហស្តលេខាដោយព្រះមហាក្សត្រ នរោត្តម សីហមុនី ចុះកាលបរិច្ឆេទថ្ងៃ ទី២៩ ខែកញ្ញា បានគូសបញ្ជាក់ថា លោក គុណ ញឹម ដែលបច្ចុប្បន្នជាអគ្គនាយករង GDCE ត្រូវបានតែងតាំងជាអគ្គនាយកជំនួសលោក ប៉ែន ស៊ីម៉ន ដែលត្រូវចូលនិវត្តន៍។
ព្រះរាជក្រឹត្យឲ្យដឹងថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែទទួលបន្ទុកអនុវត្តតាមព្រះរាជក្រឹត្យចាប់ពីថ្ងៃឡាយព្រហស្ដលេខានេះតទៅ»។
លោក យឹម សុវណ្ណ មន្ដ្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា លោកគ្មានក្ដីសង្ឃឹមចំពោះការផ្លាស់ប្តូរនេះអាចកែលម្អប្រាក់ចំណូលពន្ធ និងរដ្ឋាករឡើយ ដោយលោកបានលើកឡើងថា រដ្ឋាភិបាលបានខាតបង់ប្រាក់ចំណូលជាច្រើនក្នុងថវិកាជាតិដោយសារតែអំពើពុករលួយនៅក្នុង GDCE និងអគ្គនាយកដ្ឋានពន្ធដារ (GDT)។
លោកថ្លែងថា៖ «ការផ្លាស់ប្តូរនេះគឺវាជាប្រព័ន្ធទៅហើយ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរមនុស្សដែលមកពីគណបក្សប្រជាជនប៉ុណ្ណោះ ដូច្នេះពួកគេនៅតែរក្សានូវរបៀបធ្វើការដដែលដើម្បីងាយស្រួលក្នុងការប្រព្រឹត្តអំពើពុករលួយ»។ លោកលើកឡើងថា៖ «តើអង្គភាពប្រឆាំងអំពើពុករលួយមានដែលសួរមន្ដ្រីគយណាមួយឬមានដែលធ្វើអង្កេតអំពីបញ្ហានេះទេ? យើងជាគណបក្សប្រឆាំងបានផ្ដល់យោបល់ដល់រដ្ឋាភិបាលជាច្រើនឲ្យធ្វើដូចនេះឬដូចនោះ ប៉ុន្តែមិនធ្វើអ្វីទាំងអស់»។
លោកបន្ថែមថា ការប្រមូលប្រាក់ចំណូលរបស់កម្ពុជាពីវិស័យពន្ធមានតែជាង ១០ ភាគរយនៃផលិតផលក្នុងស្រុកសរុប ខណៈបណ្ដាប្រទេសជិតខាងអាចប្រមូលបាន ២០ ភាគរយនៃផលិតផលក្នុងស្រុកសរុប «នេះមានន័យថា យើងខាតបង់ប្រាក់ចំណូលបានពីស្ថាប័នទាំងពីរនេះ ដោយសារតែអំពើពុករលួយ»។
លោក គុណ ញឹម មិនអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយលើបញ្ហានេះបានទេ កាលពីថ្ងៃពុធ។ លោកបានចាប់ផ្ដើមធ្វើការងារនៅអគ្គនាយដ្ឋានគយ និងរដ្ឋាករចាប់តាំងពី ឆ្នាំ១៩៩៩ ដោយការងារដែលលោកទទួលខុសត្រូវភាគច្រើនគ្របដណ្ដប់លើការកែទម្រង់ផ្សេងៗ និងការធ្វើទំនើបកម្មរដ្ឋបាលគយកម្ពុជាដូចជា ការជួយសម្រួលពាណិជ្ជកម្ម ស្វ័យប្រវត្តិកម្មគយដែលលោកគឺជាប្រធានគម្រោង ទទួលបន្ទុកច្រកចេញចូលថ្នាក់ជាតិតែមួយ និងការចូលរួមក្នុងគយអន្តរជាតិជាដើម៕