ភ្នំពេញៈ ជាមួយ​នឹង​ភាពជា​អ្នកដឹកនាំ​ដែល​បាន​ធ្វើឱ្យ​ការគ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​បាន​ល្អ​ប្រសើរ ដែល​រួមចំណែក​ជំរុញ​កំណើន និង​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​ទទួលរង​ផលប៉ះពាល់​ពី​ឥទ្ធិពល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​បាន​ជាប់​ជា​ «​ធនាគារ​កណ្តាល​ឆ្នាំ​ ២០២១» ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ The Banker​។

ការផ្តល់​ចំណាត់ថ្នាក់​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ The Banker ដែលជា​ភ្នាក់ងារ​ប្រមូលផ្តុំ​ទិន្នន័យ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សកលលោក ក្រោយពី​បាន​វាយតម្លៃ​លើ​សមិទ្ធផល​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ទទួល​បាន​នាពេល​កន្លងមក​។

The Banker វាយតម្លៃ​ថា​៖ «​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ជា ចាន់តូ​ ធនាគារជាតិ​នៃ​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​ការគ្រប់គ្រង​ប្រព័ន្ធ​ធនាគារ​បានល្អ​ប្រសើរ​ក្នុង​ដំណាក់កាល​ដែល​កម្ពុជា​ក៏ដូចជា​ពិភពលោក​កំពុង​ជួបនឹង​វិបត្តិ​នៅ​ឆ្នាំ​ ២០២០ ​កន្លង​ទៅ​»​។

The Banker បន្តថា​៖ «​កម្ពុជា​បាន​គ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

ទោះយ៉ាងណា The Banker ថា កម្ពុជា​ក៏បាន​រង​ផលប៉ះពាល់​ដោយសារ​ការធ្លាក់ចុះ​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ចំណូល​វិស័យ​ទេសចរណ៍ និង​បាន​ទទួល​រងគ្រោះ​ទឹកជំនន់​រយៈពេល​ខ្លី​។

កំណើន​សេដ្ឋកិច្ច​ត្រូវបាន​រំពឹងថា​នឹង​អាច​ធ្លាក់ចុះ​ដល់ -១,៩% នៅ​ឆ្នាំ​ ២០២០​។

The Banker បាន​កត់សម្គាល់​ថា ដើម្បី​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការធ្លាក់ចុះ និង​បញ្ហា​ប្រឈម​ទាំងនេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការ​គាំទ្រ​មួយចំនួន​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ក្នុង​នោះ រួមមាន ការរៀបចំ​ឥណទាន​ឡើងវិញ​ដែល​បាន​ដាក់ឱ្យ​អនុវត្ត​កាលពី​ខែមីនា ឆ្នាំ​ ២០២០ ​កន្លងមក និង​បន្ត​អនុវត្ត​ដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២១ ​នេះ​។

បទប្បញ្ញត្តិ​បន្ថែម​រួមមាន​៖ ការ​កាត់បន្ថយ​អត្រា​ការប្រាក់ និង​ការលើកលែង​ថ្លៃ​សេវា​ជាដើម​។ ការដាក់ចេញ​នេះ​បាន​ធ្វើឱ្យ​ឥណទាន​មិន​ដំណើរការ​ស្ថិតក្នុង​កម្រិត​ទាប​ ២,៥%​។

ជាមួយ​គ្នា​នេះ​ដែរ ធនាគារ​កម្ពុជា​សាធារណៈ​ (Campu Bank) ក៏បាន​គ្រង​តំណែង​ជាថ្មី​ម្តងទៀត​នូវ​ពានរង្វាន់​ «​ធនាគារ​ប្រចាំ​ឆ្នាំ​ ២០២០» សម្រាប់​ប្រទេស​កម្ពុជា​ពី​ The Banker ​ដែរ​។

The Banker ថា​៖ «​នេះ​ជា​លើក​ទី១២ ​ហើយ​ដែល​ធនាគារ​សាធារណៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានឈ្នះ​ពានរង្វាន់​នេះ​ចាប់ពី​ឆ្នាំ​ ២០០១​។

លោក Shin Changmoo ប្រធាន​ធនាគារ PPCBank ដែល​គ្រប់គ្រង​ដោយ​ប្រទេស​កូរ៉េខាងត្បូង​បាន​ចង្អុល​បង្ហាញថា ការទទួលស្គាល់​បែប​នោះ​គឺ​សម​នឹង​ទទួល​បាន​ណាស់ ជាពិសេស​សម្រាប់​តួនាទី​ដឹកនាំ​របស់ NBC ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​នេះ​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​ជឿជាក់​ថា វា​ជា​សមិទ្ធផល​ដ៏ធំ​មួយ​សម្រាប់​លោក​អគ្គទេសាភិបាល ហើយ​ក៏​ជា​ព័ត៌មាន​ដែល​លើកទឹកចិត្ត​ខ្លាំង​បំផុត​សម្រាប់ NBC និង​ប្រទេស​កម្ពុជា​»​។

កាលពី​ថ្ងៃទី​ ២៨ ខែតុលា ឆ្នាំ​ ២០២០ NBC បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ បាគង ដែល​ជា​កម្មវិធី​ទូទាត់​ចល័ត​អន្តរ​ធនាគារ​នឹង​អាច​ឱ្យមាន​អន្តរ​ប្រតិបត្តិការ​រវាង​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ប្រកប​ដោយ​សុវត្ថិភាព ប្រសិទ្ធភាព និង​ចំណាយ​តិច​ផ្ដល់​កម្លាំង​ប្រកប​ដោយ​ថាមពល​ដល់​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ជនបទ និង​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​។

The Banker បាន​លើកឡើងថា​៖ «​ប្រព័ន្ធ​បាគង​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុកឆេន និង​អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​បានទាំង​ប្រាក់រៀល និង​ប្រាក់​ដុល្លារ​អាមេរិក តាមរយៈ​ទូរស័ព្ទដៃ​ដោយ​អ្នកប្រើប្រាស់​អាច​ស្កេន​លេខ​កូដ ឬ​វាយ​បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នកទទួល​ប្រាក់​។ ប្រព័ន្ធ​បាគង​មាន​សមាជិក​ប្រមាណ ២០ ​ធនាគារ​»​។

«​ម្យ៉ាងទៀត រូបិយវត្ថុ​ជាតិ​ក៏ត្រូវ​បាន​ជំរុញ​ឱ្យ​ប្រើប្រាស់​យ៉ាងខ្លាំង​ក្លា​ផងដែរ សំដៅ​ជំរុញ​កំណើន​ប្រកប​ដោយ​ចីរភាព និង​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ជាពិសេស​កាត់បន្ថយ​ការពឹង​ផ្អែកលើ ប្រាក់​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន​ការទូទាត់​ដែលមាន​ទឹកប្រាក់​តិចជាង​ ១០០​ ​ដុល្លារ​អាមេរិក​ ត្រូវ​បាន​ធ្វើឡើង​ជា​ប្រាក់រៀល ខណៈ​ដែល​ការប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ដែល​មាន​ទំហំ​ទឹកប្រាក់​តូច​បាន​ថយចុះ​ជា​បណ្តើរៗ​»​។ The Banker បាន​កំណត់​បង្ហាញ​។

កាលពី​ឆ្នាំ​ ២០២០ NBC បានឱ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ មាន​ធនាគារពាណិជ្ជ​ចំនួន​ ៤៧ ដែល​រួមមាន​ ១៧ ​ជា​ធនាគារ​ក្នុងស្រុក ១៧ ​ជា​ធនាគារ​បុត្រសម្ព័ន្ធ និង​ធនាគារ​សាខាបរទេស​ ១៣​។ លើសពីនេះ មាន​ធនាគារ​ឯកទេស​ចំនួន​ ១៥ គ្រឹះស្ថាន​ទទួល​យក​ប្រាក់​បញ្ញើ​មីក្រូហិរញ្ញវត្ថុ​ ៧ គ្រឹះស្ថាន​មិន​ទទួល​យក​ប្រាក់​បញ្ញើ​មីក្រូហិរញ្ញវត្ថុ​ ៧៦ គ្រឹះស្ថាន​ឥណទាន​ជនបទ​ ២៤៥ និង​ក្រុមហ៊ុន​ភតិសន្យា​ ១៥៕ LA