ក្រុងវ៉ាស៊ីនតោនៈ លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងសួរទីប្រឹក្សារបស់ថា តើវាមានលទ្ធភាពសម្រាប់អាមេរិកក្នុងការទិញយកក្រោះហ្គីនលែន (Greenland) ដែរឬទេ។ នេះបើយោងតាមសេចក្តីរាយការណ៍។
កាសែត Wall Street Journal បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលលើកឡើងប្រភពដឹងពីការពិភាក្សានេះថាលោក ត្រាំ បានបង្ហាញចំណាប់អារម្មណ៍លើកោះស្វ័យគ្រប់គ្រង Greenland ដែលដែនដីរបស់ប្រទេសដាណឺម៉ាក។ កោះនេះភាគច្រើនត្រូវបានគ្របដណ្ដប់ដោយទឹកកក។ លោក ត្រាំ បានសួរទីប្រឹក្សារបស់លោកថា តើវាមានលទ្ធភាពសម្រាប់អាមេរិក ក្នុងការទិញដែនដីនេះដែរឬទេ?
កាសែតនេះបានរាយការណ៍ថា លោក ត្រាំ មានភាពអន្ទះសាចង់ដឹងពីធនធានធម្មជាតិ និងភាពពាក់ព័ន្ធភូមិសាស្ដ្រនយោបាយរបស់កោះនេះ។
កោះ Greenland គឺជាតំបន់ស្វ័យគ្រប់គ្រងមួយរបស់ដាណឺម៉ាកដែលធ្វើអាណានិគមលើកោះទំហំ ៧៧២- ០០០ ម៉ែត្រម៉ាយល៍ (២ លានគីឡូម៉ែត្រការ៉) នេះកាលពីសតវត្សរ៍ទី ១៨ និងជាកន្លែងរស់នៅរបស់ប្រជាជនរស់នៅជិត ៥៧ ០០០ នាក់ដែលភាគច្រើនជនជាតិដើម Inuit។
មិនមានការអត្ថាធិប្បាយជាផ្លូវការពីសេតវិមាននោះទេ ហើយស្ថានទូតដាណឺម៉ាកប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភា្លមៗទៅនឹងការស្នើសុំអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌ AFP នោះដែរ។
កាសែត Wall Street Journal ឲ្យដឹងថាទីប្រឹក្សារបស់លោក ត្រាំ មួយចំនួនបានឲ្យដឹងថា ការទិញកោះ Greenland ដែលស្ថិតនៅភាគឦសាន្តរបស់ប្រទេសកាណាដាអាចល្អសម្រាប់អាមេរិក ខណៈដែលទីប្រឹក្សាផ្សេងទៀតបានហៅវាថាគ្រាន់តែជា «ការចាប់អារម្មណ៍មួយឆាវ» របស់ប្រធានាធិបតីតែប៉ុណ្ណោះ។
កាសែត Wall Street Journal បានរាយការណ៍ថា អ្នកផ្សេងទៀតនៅក្រៅសេតវិមាននិយាយថាចំណាប់អារម្មណ៍របស់លោក ត្រាំ អាចជាបំណងប្រាថ្នាក្នុងការទទួលបានសមិទ្ធផលកេរដំណែលមួយ ហើយក្រុមទីប្រឹក្សារបស់លោកឆ្ងល់អំពីលទ្ធភាពសម្រាប់ការស្រាវជ្រាវ ឬឥទ្ធិពលយោធាកាន់តែខ្លាំងសម្រាប់អាមេរិក។
មូលដ្ឋានយោធា Thule Air Base របស់អាមេរិកដែលស្ថិតនៅចុងភាគខាងជើងកោះ Greenland របស់អាមេរិកត្រូវបានដាក់ទីតាំងនៅលើកោះនេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ប៉ុន្តែ Greenland មិនល្អដូចឈ្មោះខ្លួនថាជា «ដីបៃតង» ទេ ដោយសារ ៨៥ ភាគរយគ្របដណ្ដប់ដោយផ្ទាំងទឹកកកកម្រាស់ ៣ គីឡូម៉ែត្រ) ដែលមាន ១០ ភាគរយនៃទឹកសាបរបស់ពិភពលោកហើយកំពុងរលាយដែលអាចពន្លិចតំបន់ឆ្នេរពិភពលោក៕ LA