ក្រុងអូស្ទីនៈ លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអាទិត្យបានស្វាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខានៅសប្តាហ៍មុនជាមួយប្រទេស ចិន ថាបានធ្វើឲ្យប្រសើរឡើងខ្លាំងដល់ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ដោយនិយាយថា កិច្ចព្រមព្រៀងនេះ «ប្រសើរខ្លាំង» ជាងការរំពឹងទុក។
កិច្ចព្រមព្រៀង «ដំណាក់កាលទី ១» នេះគឺជាការផ្អាកសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំង ២ បន្ទាប់ពីមានភាពតានតឹងអស់រយៈពេលជិត ២ ឆ្នាំ។ ប៉ុន្តែដោយពន្ធគយនៅតែជាធរមានចំពោះទំនិញជិត ២ ភាគ ៣ នៃទំនិញនាំចូលពីប្រទេស ចិន ដែលមានតម្លៃជិត ៥០០ ពាន់លានដុល្លារនោះ អ្នកប្រើប្រាស់ និងក្រុមហ៊ុនរបស់អាមេរិកនឹងនៅតែជាអ្នកចេញថ្លៃចំណាយនេះដដែល។
លោក ត្រាំ បានថ្លែងកាលពីល្ងាចថ្ងៃអាទិត្យក្នុងកម្មវិធីប្រមូលផ្តុំមួយក្នុងទីក្រុងអូស្ទីន រដ្ឋតិចសាសថា៖ «នេះគឺជាភាពជោគជ័យដែលមិនគួរឲ្យជឿសម្រាប់ប្រទេសទាំងមូលរបស់យើង»។ លោកបានកំពុងថ្លែងទៅកាន់សន្និបាតមួយរបស់សហព័ន្ធការិយាល័យកសិកម្មអាមេរិក (AFBF)។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ប្រទេសចិននឹងធ្វើឲ្យបានល្អតាមដែលអាចធ្វើបាន ដើម្បីបង្ហាញថាកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានេះគឺជាកិច្ចព្រមព្រៀងល្អមួយ។ វាជាកិច្ចព្រមព្រៀងធំជាង និងល្អខ្លាំងជាងអ្វីដែលខ្ញុំគិតថាយើងនឹងទទួលបាន»។
លោក ត្រាំ ក៏បានសរសើរដល់ជំពូកថ្មីមួយក្នុងទំនាក់ទំនងជាមួយចិន ដោយហៅទំនាក់ទំនងនេះថាជា «ទំនាក់ទំនងល្អបំផុតដែលយើងមិនធ្លាប់មានជាមួយចិនអស់ពេលជាច្រើនឆ្នាំមកនេះ»។
លោកប្រធានាធិបតីបានថ្លែងថា៖ «ឥឡូវនេះ ចិនគោរពយើង។ [ពេលមុន] ពួកគេបានមិនគោរពយើងទេ»។
អាមេរិក និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទី ១» នៅថ្ងៃពុធសប្តាហ៍មុន ដែលផ្តល់ភាពធូរស្រាលដល់ទីផ្សារភាគហ៊ុន បន្ទាប់ពីជម្លោះពាណិជ្ជកម្មបានអូសបន្លាយពេល។
នៅក្នុងកិច្ចព្រមព្រៀងនេះ ប្រទេស ចិន បានសន្យាថានឹងបង្កើនការទិញទំនិញកសិកម្មអាមេរិក និងទំនិញផ្សេងទៀតរយៈពេល ២ ឆ្នាំ៕ KC