ក្រុង​វ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ​បាន​ប្រកាស​​កាល​ពី​ថ្ងៃអង្គារ​ថា មន្ត្រី​ពាណិជ្ជកម្ម​ជាន់​ខ្ពស់​របស់​អាមេរិក នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​​សារ​រដ្ឋាភិ​បាល​​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង ព្យាយាម​ដោះ​ស្រាយ​ជម្លោះ​ពាណិជ្ជកម្ម ដែល​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ចលាចល និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នាំ​ចេញ​​​ព្រួយ​បារម្ភ។

ប្រធានាធិបតី​រូប​នេះ​បាន​ប្រាប់​ក្រុមអ្នក​យកព័ត៌មាន​ថា លោក​ Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក លោក Robert Lighthizer តំណាង​ពាណិជ្ជកម្ម​អាមេរិក និង​មន្ត្រី​ជា​ច្រើន​រូប​ផ្សេង​ទៀត នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​តាម​សំណើរ​ជា​បន្ទាន់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក​មាន​ប្រសាសន៍​ថា៖ «​លោក Steve Mnuchin រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ដើម្បី​ចរចា​​ពាណិជ្ជកម្ម»។ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​​​ថា៖ «​ខ្ញុំ​គិត​ថា ប្រទេស​ចិន​មានភាព​ច្បាស់​លាស់​​ខ្លាំង ហើយយើង​ក៏​ច្បាស់​លាស់​ផង​ដែរ​»។

លោក​មាន​ប្រសាសន៍​បន្ត​ថា៖ «​ដូច្នេះ​យើង​នឹង​មាន​ប្រតិភូមួយ​ក្រុម តាម​សំណើរ​របស់​ពួកគេ ធ្វើ​ដំណើរ​​​ទៅ​កាន់​ប្រទេស​ចិន។ ពួកគេ​បានមក​ទី​នេះ​នា​ពេល​ថ្មីៗ​នេះ ហើយ​យើង​នឹង​ទៅ​ទី​នោះ​​វិញ។ ហើយ​នោះ​គឺ​ជា​ដំណឹង​ល្អ​»។

លោក​បាន​បន្ត​ឲ្យ​ដឹង​ថា ភាគីទាំង​ពីរ មាន ​«ឱកាស​ល្អ​ខ្លាំង​»​ នៃ​ការ​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ។ លោក​ ត្រាំ បាន​អនុញ្ញាតឲ្យ​មាន​ការ​ហូត​ពន្ធ​លើ​ការ​នាំ​ចេញ​របស់​ប្រទេស​ចិន​ក្នុង​​តម្លៃ​ប្រមា ​៥០ ​ពាន់​លាន​ដុល្លារ ដើម្បី​ឆ្លើយ​តប​នឹង​ការ​លួច​កម្មសិទ្ធិបញ្ញា​របស់​អាមេរិក ​ដែល​ប្រទេស​ចិន​បានរង​ការ​ចោទ​ប្រកាន់។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ឆ្លើយ​តប​វិញ​តាម​រយៈ​ការ​ហូត​ពន្ធ​ភ្លាមៗ​លើ​ការ​នាំចេញ​កសិផល​សំខាន់​ៗ​របស់​អាមេរិក ពោល​គឺ​ជាជា​​វិធានការ​ដែល​មាន​គោល​បំណង​កំណត់​ទិសដៅ​លើ​រដ្ឋ​ដែលជា​មូលដ្ឋាន​គាំទ្រ​សម្លេង​ឆ្នោត​​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ ហើយ​អាច​អនុវត្ត​ដូច​គ្នា​​នេះ​ដែរ​ចំពោះ​ឧស្សាហកម្ម​​សណ្តែក​សៀង​ដែល​មាន​ភាព​​រសើប​របស់​អាមេរិក៕ AFP/BP