ដោយសារតែ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ និង​បច្ចេកវិទ្យា​ឌីជីថល​ដែល​កំពុង​ធ្វើឲ្យ​មាន​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ពិភពលោក និង​ក្នុង​តំបន់​។ នាពេល​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ជាច្រើន​កំពុង​កើនឡើង​នៅ​កម្ពុជា​។

សប្ដាហ៍​មុន សមាគម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កម្ពុជា​ (CFA) និង​សមាគម​កម្ពុជា​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា (CAFT) បាន​ច្របាច់​បញ្ចូល​គ្នា​ដើម្បី​កំណត់​ទិសដៅ​រួមមួយ​ក្នុង​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល និង​នវានុវត្តន៍​របស់​ប្រទេស​កម្ពុជា​ឈាន​ឡើង​មួយ​កម្រិត​ទៀត​។

លោក ប៉ែន ចិន្តា អគ្គនាយក​សមាគម​ថ្មី​នេះ​បាន​ផ្តល់​បទសម្ភាស​ជាមួយ​លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ ដោយ​ពិភាក្សា​អំពី​ស្ថានភាព​បច្ចេកវិទ្យា​ឌីជីថល​នៅពេល​បច្ចុប្បន្ន​ដែល​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នាពេល បច្ចុប្បន្ន និង​អនាគត​។

តើ​លោក​សង្កេតឃើញ​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​ (ICT) និង​នវានុវត្តន៍​នៅក្នុង​ប្រទេស​កម្ពុជា​មាន​សម្ទុះ​យ៉ាងណា​ដែរ​?

សម្រាប់​បរិយាកាស​នៃ​ក្រុមហ៊ុន បង្កើត​ថ្មី​នៅ​កម្ពុជា​បាន​បង្ហាញ​កំណើន​ប្រកប​ដោយ​ស្ថិរភាព ជាពិសេស​នៅក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ប៉ុន្តែ​វា​នៅតែ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ទើបនឹង​ចាប់ផ្ដើម​។ មាន​ការងារ​ជាច្រើន​ត្រូវធ្វើ និង​ត្រូវ​ដោះស្រាយ ហើយ​នេះ​ជា​អ្វី​ដែល CAFT ត្រូវ​បង្កើតឡើង​។ យើង​ចង់​ជួយ​គាំទ្រ​ក្រុមហ៊ុន​បង្កើត​ថ្មី​តាមរយៈ​ការផ្គុំ​ជា​សំឡេង​រួមគ្នា​តែមួយ​ទៅកាន់​និយតករ ការបង្កើត​ទំនាក់ទំនង​ពួកគេ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ សហគមន៍ និង​ផ្ដល់​ការគាំទ្រ​ដល់​ពួកគេ​ដែល​ចាំបាច់​ត្រូវ​ធ្វើឲ្យ​រីកចម្រើន​ដល់​គំនិត និង​អាជីវកម្ម​របស់​ពួកគេ ដើម្បី​ប្រើ​ឲ្យ​អស់ពី​សក្ដានុពល​របស់​ខ្លួន​ដែលមាន​។

បច្ចុប្បន្ន​មាន​ការកើនឡើង​ចំពោះ​ការទូទាត់​ដោយ​គ្មាន​សាច់ប្រាក់ តើ​ការអភិវឌ្ឍ​នេះ​នឹង​ជួយ​ជំរុញ​ប្រជាជន​ដែល​មិន​មាន​គណនី​ធនាគារ​អាច​ទាក់ទាញ​ពួកគាត់​ឲ្យ​មក​ប្រើប្រាស់​វិស័យ​ហិរញ្ញវត្ថុ​ដែរឬ​ទេ​?

ឧស្សាហកម្ម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​គឺជា​ឧស្សាហកម្ម​មួយ​ដែល​រីកចម្រើន​រហ័ស​បំផុត​នៅ​កម្ពុជា​ដែល​បាន​ធ្វើឲ្យ​សេវា និង​ផលិតផល​ហិរញ្ញវត្ថុ​អាច​មាន​លទ្ធភាព​ទទួល​បាន​ការប្រើប្រាស់​កាន់តែ​ច្រើន និង​តម្លៃ​សមរម្យ​ចំពោះ​ប្រជាជន​។ អាច​ទទួល​បាន​ការប្រើប្រាស់​ចំពោះ​ផលិតផល និង​សេវា​ទាំងនេះ ឌីជីថល​បាននិង​កំពុង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការបង្កើន​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ​គ្រប់ៗ​គ្នា​សម្រាប់​ប្រជាជន​កម្ពុជា​។ ដោយមាន​ការគាំទ្រ​ពី​ធនាគារជាតិ​នៃ​កម្ពុជា (NBC) សម្រាប់​គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​របស់​យើង យើង​កំពុង​សម្លឹង​ទៅ​អនាគត​កាន់តែ​ល្អប្រសើរ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មិនមាន​គណនី​ធនាគារ​អាច​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​តាម​មធ្យោបាយ​ដែល​មិនមាន​លក្ខណៈ​ធម្មតា​។

បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ពិតជា​ថ្មី​ចំពោះ​ប្រទេស​កម្ពុជា​។ តើ​កម្ពុជា​បាន​បង្កើត​នូវ​បទប្បញ្ញត្តិ​គ្រប់គ្រាន់​ហើយ​ឬ​នៅ ដើម្បី​គ្រប់គ្រង​លើ​វិស័យ​នេះ​?

វា​ពិតជា​មាន​ប្រសិទ្ធភាព​ និង​មាន​ប្រយោជន៍​ខ្លាំង​បំផុត​ចំពោះ​សហគមន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ប៉ុន្តែ​វា​នៅ​តែ​កំពុង​វិវឌ្ឍ​ជាប្រចាំ​។ ខណៈ​ដែល​ឧស្សាហកម្ម​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​រីកចម្រើន ការទទួល​យក​គឺជា​សារៈសំខាន់ ដូច្នេះ​នឹង​មាន​ជម្រើស​សម្រាប់​ក្របខ័ណ្ឌ​ការងារ​បទប្បញ្ញត្តិ​ត្រូវ​បង្កើតឡើង ឬ​ផ្លាស់ប្តូរ​។ ឧទាហរណ៍​មួយ​គឺ ច្បាប់​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​ដែល​ត្រូវបាន​អនុម័ត​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៩ ដែល​មិន​គ្រាន់តែ​មាន​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​អតិថិជន​ផងដែរ​។

រដ្ឋាភិបាល​គ្រោង​នឹង​ប្រែ​ក្លាយ​ទៅ​ជា​សេដ្ឋកិច្ច​ឌីជីថល​ដើម្បី​ដើរតួ​ជា​កំណើន​ថ្មី​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នេះ តើ​លោក​បាន​មើលឃើញ​រដ្ឋាភិបាល​បានធ្វើ​អ្វីខ្លះ​រហូត​មក​ដល់​ពេលនេះ​ដើម្បី​សម្រេច​បំណង​នោះ​?

ប្រសិន​បើ​យើង​សម្លឹងមើល​ទស្សនវិស័យ និង​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការប្រែក្លាយ​ប្រទេស​កម្ពុជា​ត្រឹម​ឆ្នាំ​ ២០២៣ ទៅជា​សេដ្ឋកិច្ច​ឌីជីថល ខ្ញុំ​គិតថា យើង​កំពុង​ធ្វើ​ដំណើរ​លើ​វិថី​នេះហើយ​នាពេល​បច្ចុប្បន្ន​នេះ​។ កត្តា​ដ៏សំខាន់​មួយ​លើ​បញ្ហា​នេះ​គឺ​ការគាំទ្រ និង​ការសម្របសម្រួល​តាមរយៈ​ការយក​វិធីសាស្ដ្រ​ដំបូង​របស់​រដ្ឋាភិបាល​ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ព្រមទាំង​ម្ចាស់​ក្រុមហ៊ុន​ដើរ​លើផ្លូវ​តែមួយ ដើម្បី​ទទួល​បាន​សេវា​របស់​រដ្ឋាភិបាល​ដែល​បានបង្ហាញ​ឲ្យ​ឃើញ​ក្នុង​អំឡុង​ការរីករាលដាល​ជំងឺ​កូវីដ​១៩​នេះ​។

បើ​និយាយ​ពី​វិស័យ​ឯកជន​ក្នុង​ការទទួល​បាន​ទិសដៅ​បែប​នោះ​ត្រូវ​បាន​បំពេញបន្ថែម​តាមរយៈ​ការលេចឡើង​នូវ​ក្រុមហ៊ុន​បង្កើត ថ្មី​ផ្នែក​នវានុវត្តន៍​ជាច្រើន​ដែល​កំពុង​ផ្លាស់ប្តូរ​ជីវិត​ប្រជាជន​កម្ពុជា លើ​របៀប​ដែល​ពួកគេ​ធ្វើ​អាជីវកម្ម​។ ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​នឹង​ជំរុញ​ឲ្យ​មាន​តម្លាភាព និង​សម្រួល​ដល់​ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ដែល​នឹង​បន្ត​ជំរុញ​កំណើន និង​នវានុវត្តន៍​សហគ្រាស​ធុន​តូច និង​មធ្យម​ ( SME) ​ផងដែរ​។

តើ​សមាគម​ថ្មី​របស់​លោក​នឹង​ធ្វើអ្វី​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​អាជីវកម្ម​បច្ចេកវិទ្យា ហិរញ្ញវត្ថុ និង​ឌីជីថល​នៅ​កម្ពុជា​?

CAFT មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា ហិរញ្ញវត្ថុ និង​ថ្នាក់ដឹកនាំ​អាជីវកម្ម​ឈាន​មុខ​ជាច្រើន​នៅក្នុង​ប្រទេស ដើម្បី​បម្រើ និង​ជួយ​សហគមន៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឲ្យ​កាន់តែ​រីកចម្រើន​ដល់​កម្រិត​ខ្ពស់​បំផុត​មួយ​។ យើង​គឺជា​សមាគម​មួយ​ដែល​ផ្ដល់​តម្លៃ​ដល់​គំនិត​នវានុវត្តន៍ និង​គាំទ្រ​ក្រុមហ៊ុន​បង្កើតថ្មី​ដែល​មាន​សក្ដានុពល និង​មាន​ឥទ្ធិពល​លើ​ការវិវត្តន៍​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា​។ ជា​ចុងក្រោយ និង​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​យើង​មាន​សំឡេង​តែមួយ​ដើម្បី​តស៊ូ​មតិ​ជាមួយ​ក្រុម​និយតករ និង​ត្រៀមខ្លួន​ក្នុង​ការជួយ​អភិវឌ្ឍន៍​វិស័យ​ឌីជីថល​ហិរញ្ញវត្ថុ​នេះ​នៅ​កម្ពុជា​ក្នុង​ការធ្វើឲ្យ​រីកចម្រើន សេដ្ឋកិច្ច​ឌីជីថល​របស់​ខ្លួន​៕LA