ភ្នំពេញៈ វិនិយោគិន​ចិន​សម្លឹងមើល​ឱកាស​វិនិយោគ​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​យ៉ាងហោចណាស់ ២០ ​រោងចក្រ​នៅក្នុង​ខេត្តកំពង់ស្ពឺ ស្រប​ពេល​ដែល​ខេត្ត​នេះ​មាន​សក្តានុពល​លើ​កម្លាំង​ពលកម្ម និង​ទីតាំង​ភូមិសាស្ត្រ​។ នេះ​បើតាម​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បន្ទាប់ពី​មាន​ជំនួប​ជាមួយ​វិនិយោគិន​ចិន​ក្នុងពេល​ថ្មីៗ​នេះ​។

លោក វ៉ី សំណាង បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃ​ម្សិលមិញ​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ទាំង​ក្នុង​តំបន់ និង​សកលលោក​នឹង​រួមចំណែក​បង្កើន​ទំនុកចិត្ត​វិនិយោគិន​ឱ្យ​ដំណើរការ​គម្រោង​អាជីវកម្ម​របស់ខ្លួន​។

អភិបាលខេត្ត​រូបនេះ​ក៏បាន​បង្ហាញ​ក្តីសង្ឃឹម​ថា ខេត្តកំពង់ស្ពឺ​នឹង​ទទួល​ស្វាគមន៍​រោងចក្រ​ថ្មី​យ៉ាងហោចណាស់​ ២០ ដែល​វិនិយោគ​ដោយ​ក្រុម​វិនិយោគិន​ចិន ហើយ​រោងចក្រ​នេះ​អាច​ចាប់ផ្តើម​ដំណើរការ​ចង្វាក់​ផលិតកម្ម​នៅពេល​ស្ថានភាព​កូវីដ​ ១៩​ ស្ងប់ស្ងាត់​។

លោក​ថ្លែង​ទៀតថា​៖ «​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ធ្ងន់ធ្ងរ​ធ្វើឱ្យ​អ្នកវិនិយោគ​ចូលមក​ប្រទេស យើង​អត់​បាន​បន្ត​កិច្ចការ ហើយ​កិច្ចការ​នេះ​រអាក់រអួល តែ​យើង​នឹង​ខិតខំ​ជំរុញ​កិច្ចការ​នេះ​បន្ថែមទៀត​»​។

អភិបាលខេត្ត​រូបនេះ​បាន​ពន្យល់ថា មាន​កត្តា​មួយចំនួន​ដែល​បណ្តាល​ឱ្យ​ខេត្តកំពង់ស្ពឺ​មានប្រៀប​ក្នុង​ការទទួល​បាន​ឱកាស​វិនិយោគ​ច្រើន​ពី​បណ្តា​វិនិយោគិន​បរទេស គឺ​កត្តា​ទីតាំង​ភូមិសាស្ត្រ​ដែល​ស្ថិត​នៅ​ចន្លោះ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​ដែល​មាន​កំពង់ផែ​សមុទ្រ ងាយស្រួល​ក្នុង​ការដឹកជញ្ជូន​ទំនិញ​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។ កត្តា​ផ្សេង​ពី​នោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ និង​កម្លាំង​ពលកម្ម​មាន​សក្តានុពល​។

លោក វី សំណាង បានឱ្យ​ដឹងថា នៅពេល​ដែល​រោងចក្រ​ទាំង​ ២០ ​នោះ​ត្រូវបាន​ដំណើរការ ពួកគេ​នឹងមាន​តម្រូវការ​កម្លាំង​ពលកម្ម​ប្រហែល​ ៥ ​ម៉ឺន​នាក់ ​ដើម្បី​បំពេញការងារ​នៅ​ទីនោះ​។

ប្រឈម​នឹង​សក្តានុពល​ទាក់ទាញ​រោងចក្រ សហគ្រាស​ថ្មីៗ​ចូលទៅ​កាន់​មូលដ្ឋាន​របស់​ខ្លួន ខេត្តកំពង់ស្ពឺ​ក៏​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​។ នេះ​បើតាម​ការអះអាង​របស់​លោក សំណាង​។

លោក​បញ្ជាក់​៖ «​ប៉ុន្តែ​សព្វថ្ងៃ យើង​កំពុង​មាន​បញ្ហា​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​ប្រមាណ ៧ ០០០ ​នាក់ ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្រាប់​ខេត្ត​យើង​»​។

គិត​មកដល់​ពេល​នេះ​ខេត្ត​កំពង់ស្ពឺ​មាន​រោងចក្រ សហគ្រាស​សរុប ៧ ៥០០ ​រោងចក្រ​ កំពុង​ប្រតិបត្តិការ​ក្នុង​នោះ​រោងចក្រ សហគ្រាស​ធំៗ​ចំនួន ៣៣៥ ​រោងចក្រ​។ សព្វថ្ងៃ រោងចក្រ​សម្លៀកបំពាក់​ចំនួន ១៥៣ ដែល​ក្នុងនោះ រោងចក្រ​ ៤៣ បាន​ផលិត​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក និង​ក្រៅពីនោះ ផលិត​សម្រាប់​ការនាំ​ចេញទៅ​ទិសដៅ​ផ្សេងទៀត​។ នេះ​បើតាម​លោក​អភិបាលខេត្ត​។

កាលពី​ខែមករា​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹងថា រោងចក្រ​សហគ្រាស​ចំនួន​ ១២៩ ត្រូវបាន​បិទទ្វារ​ក្នុង​ឆ្នាំ​ ២០២០ ដោយសារ​តែ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ប្រទេស និង​នៅលើ​សកលលោក​បាន​ធ្វើឱ្យ​កម្មករនិយោជិត​ចំនួន ៧១ ២០២ ​នាក់ (​ស្រី ៥៧ ៧៩៤ ​នាក់​) រង​ផលប៉ះពាល់​។

លោក ហេង សួរ បញ្ជាក់ទៀត​ថា ទន្ទឹមនឹង​ការបិទ​រោងចក្រ​ ១២៩ នេះ​ក៏មាន​រោងចក្រ​កាត់ដេរ​ថ្មី​ចំនួន ១១២ រោងចក្រ​បាន​បើក​ដំណើរការ​ផងដែរ ដែល​រោងចក្រ​ថ្មី​ទាំងនេះ​បាន​បង្កើត​ការងារ​ដល់​កម្មករនិយោជិត​ចំនួន​ ២៣ ២០៨ ​នាក់​ (​ស្រី​ ១៧ ៦៣៨ ​នាក់​)​។

ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ មានតម្លៃ​ជាង​ ៣ ៥០០ ​លាន​ដុល្លារ ​កើនឡើង​ជិត​ ១២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ​ដែល​ចំនួន​ជិត​ពាក់កណ្តាល​បានមកពី​ការបណ្តាក់ទុន​របស់​វិនិយោគិន​ចិន​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​។

យោងតាម NBC ក្នុង​ឆ្នាំ​ ២០១៩ លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​មាន​តម្លៃ​សរុប ៣ ៥៨៨ ​លាន​ដុល្លារ ​មាន​កំណើន ១១,៧ ​ភាគរយ​ពី​ចំនួន ៣ ២១២ ​លាន​ដុល្លារ ​កាលពី​ឆ្នាំ ២០១៨ ដោយ​ទុនវិនិយោគ​មកពី​ចិន​មាន​ ៤៣ ​ភាគរយ កូរ៉េ​ខាងត្បូង​ ១១ ភាគរយ វៀតណាម​ ៧ ​ភាគរយ សិង្ហបុរី ៦ ​ភាគរយ ជប៉ុន​ ៦ ​ភាគរយ និង ២៧ ភាគរយ​ពី​ប្រទេស​ផ្សេងៗ​៕LA