
ចិន បានបង្ហាញផែនការសម្រាប់ការវិនិយោគបន្ថែមទៀតនៅខេត្ត ព្រះសីហនុ។ ភ្នំពេញ ប៉ុស្តិ៍
ខេត្តជាំងស៊ូៈ ខណៈមានការរិះគន់ចំពោះលំហូរចូលជនជាតិចិនមកប្រទេស កម្ពុជា ពិសេសនៅខេត្តព្រះសីហនុ អាជ្ញាធរចិន បានបន្តលើកទឹកចិត្ត ក្រុមវិនិយោគិនចិនឲ្យផ្តោតការវិនិយោគលើឧស្សាហកម្មផលិតកម្មនៅខេត្តព្រះសីហនុ ខណៈលោកប្រធានាធិបតី ស៊ី ជីនភីង ចាត់ទុកខេត្តនេះ ថាជាម៉ូដែល (គំរូ) នៃកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំង ២ នេះ។ នេះបើយោងតាមលោក Huang Xiqiang អភិបាលរងខេត្ត ជាំងស៊ូ ប្រទេស ចិន។
លោក Huang Xiqiang បានប្រាប់ក្រុមអ្នកយកព័ត៌មានកម្ពុជា ដែលកំពុងធ្វើទស្សនកិច្ចខេត្តភាគខាងជើងរបស់ប្រទេស ចិន មួយនេះកាលពីថ្ងៃចន្ទថា មន្ដ្រីខេត្តនេះតែងធ្វើដំណើរទស្សនកិច្ចទៅកម្ពុជា ១០ ដងក្នុង ១ ឆ្នាំ ជាពិសេសដំណើរទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «កម្ពុជា និងចិន គឺជាមិត្តដ៏ល្អ និងជាប្រទេសជិតខាងដ៏ល្អ។ ជាំងស៊ូ គឺជាខេត្ត ១ របស់ប្រទេស ចិន ដែលយើងកំពុងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា»។
យោងតាមលោក Xiqiang តំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ ដែលជាការវិនិយោគដោយវិនិយោគិនចិន មានសហគ្រាស ១២៥ ដោយបានវិនិយោគទឹកប្រាក់ ៥០០ លានដុល្លារ និងបង្កើតការងារ ២១ ០០០ នាក់។
លោកបន្ថែមថា តំបន់នេះគ្រោងនឹងបង្កើតការងារចន្លោះពី ៨០ ០០០ នាក់ទៅដល់ ១០០ ០០០ នាក់បន្ថែមទៀត។
លោក Xiqiang បញ្ជាក់ថា៖ «សម្រាប់ក្រុងព្រះសីហនុ លោកប្រធានាធិបតី ស៊ី ជីនភីង ចាត់ទុកវាជាម៉ូដែលមួយនៃកិច្ចសហប្រតិបត្តិការរវាង ចិន និងកម្ពុជា»។
ខេត្តព្រះសីហនុដែលបានក្លាយជាទីកន្លែងសម្រាប់ការវិនិយោគរបស់ជនជាតិចិនបានមើលឃើញកំណើនដ៏ធំ ក្នុងឧស្សាហកម្មផលិតកម្ម ទេសចរណ៍ និងឧស្សាហកម្មល្បែង។ ភូមិសាស្ដ្ររបស់ខេត្តនេះ បានបង្ហាញពីយុទ្ធសាស្ដ្រ សម្រាប់ការជំរុញហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវរបស់ទីក្រុងប៉េកាំងនៅអាស៊ីផងដែរ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting (EMC) បានសាទរចំពោះបំណងណាមួយនៃការវិនិយោគលើរោងចក្រផលិតកម្មនៅខេត្តព្រះសីហនុ ព្រោះការវិនិយោគបែបនេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា។
លោកបន្តថា ការវិនិយោគលើរោងចក្រនឹងជួយឲ្យកម្ពុជាទទួលបានចំណេះដឹងថ្មីៗ និងប្រាក់ចំណូលឋិតថេរ ដែលខុសពីវិស័យកាស៊ីណូ ដែលពេលខ្លះបានបង្កឲ្យមានបញ្ហាជាច្រើននៅក្នុងសង្គម។
លោកថ្លែងថា៖ «បើនិយាយពីកាស៊ីណូ គឺមិនសូវផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចខ្ពស់ដូចជាវិស័យផលិតទេ ព្រោះការវិនិយោគលើរោងចក្រ អាចជួយឲ្យកម្ពុជាទទួលបានផលចំណេញច្រើនរាប់តាំងពីវត្ថុធាតុដើមក្នុងស្រុក កម្លាំងពលកម្មជំនាញ និងអាចជួយកាត់បន្ថយចំណាកស្រុក»។
ទោះយ៉ាងណាលោក ង៉ែត ជូ លើកឡើងថា ដើម្បីឲ្យការអភិវឌ្ឍប្រកបដោយចីរភាព រដ្ឋាភិបាលកម្ពុជាក៏ត្រូវមានយន្តការ និងលក្ខខណ្ឌមួយចំនួនដើម្បីគ្រប់គ្រងការវិនិយោគទាំងអស់នេះដែរ ដូចជាការប្រើប្រាស់វត្ថុធាតុដើម និងធនធានមនុស្សជាដើម។
ពាណិជ្ជកម្មទ្វេភាគីរវាងខេត្ត ជាំងស៊ូ និងកម្ពុជា មានតម្លៃ ១,២ ពាន់លានដុល្លារកាលពីឆ្នាំមុន ស្មើនឹង ១ ភាគ ៥ នៃពាណិជ្ជកម្មរបស់ប្រទេស ចិន ជាមួយកម្ពុជា ហើយរំពឹងថា នឹងកើនឡើង ៣០ ភាគរយនៅឆ្នាំនេះ។ នេះបើយោងតាមលោក Xiqiang។
លោក Xiqiang ថ្លែងថា៖ «យើងនឹងជំរុញសហគ្រាសវិនិយោគលើការផលិតនៅកម្ពុជា ចាប់ពីការប្រើប្រាស់កម្លាំងពលកម្ម ដល់ការប្រើប្រាស់បច្ចេកវិទ្យា»។ លោកបន្តថា៖ «កាលពីអតីតកាល វាមានច្រើនលើផលិតកម្មកាត់ដេរ នៅពេលអនាគត យើងនឹងសហប្រតិបត្តិការលើបច្ចេកវិទ្យា ហើយនេះសម្រាប់យុទ្ធសាស្ដ្រឈ្នះឈ្នះ»។
សេដ្ឋកិច្ចរបស់ខេត្តជាំងស៊ូ មានទំហំ ១០,៣៨ ភាគរយនៃសេដ្ឋកិច្ចរបស់ប្រទេស ចិន ជាមួយនឹងផលិតផលក្នុងស្រុកសរុប ១,២ ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន។
លោក យន្ត មីន អភិបាលខេត្ត ព្រះសីហនុ ដែលបានទស្សនកិច្ចខេត្តជាំងស៊ូ កាលពីសប្ដាហ៍មុនដើម្បីពង្រឹងមិត្តភាពកម្រិតខេត្ត មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអីុស្ទេត បានឲ្យដឹងថា ខណៈលំហូរចូលរបស់វិនិយោគិនចិនបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុកើនឡើងខ្លាំង ការមានការវិនិយោគច្រើនលើរោងចក្រផលិតនឹងជួយបង្កើតការងារថ្មីៗបន្ថែម និងធ្វើឲ្យប្រជាជនទទួលបានបទពិសោធ និងចំណេះដឹងថ្មីៗពីការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ។
លោកថ្លែងថា៖ «វានឹងជួយប្រែក្លាយប្រទេស កម្ពុជា ពីប្រទេសកសិកម្មឲ្យក្លាយទៅជាប្រទេសឧស្សាហកម្ម ហើយវានឹងជួយលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិទៀតផង»។
តួលេខបានពីខេត្តជាំងស៊ូ បានបង្ហាញថា គ្រាន់តែភ្ញៀវទេសចរមកពីខេត្តនេះបានមកទស្សនាកម្ពុជាកាលពីឆ្នាំ ២០១៦ មានចំនួន ២០០ ០០០ នាក់។ កំណើនភ្ញៀវទេសចរនេះ បាននាំឲ្យមានជើងហោះហើរត្រង់រវាងខេត្តជាំងស៊ូ និងព្រលានយន្តហោះអន្តរជាតិកម្ពុជា។
តួលេខបានពីក្រសួងមហាផ្ទៃ បានបង្ហាញថា គិតត្រឹមឆ្នាំនេះ មានជនជាតិចិន ២១០ ០០០ នាក់រស់នៅក្នុងប្រទេស កម្ពុជា ធៀបនឹងជាង ១០០ ០០០ នាក់ពីឆ្នាំមុន។ ក្នុងចំណោមនេះជាង ៧៨ ០០០នាក់កំពុងរស់នៅក្នុងខេត្ត ព្រះសីហនុ៕LA