ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ស្នើឱ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ​ជួយ​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​គម្រោង​ផ្លូវ​រថភ្លើង Mono Rail និង​រថភ្លើង​ក្រោម​ដី​នៅ​រាជធានី​ភ្នំពេញ​។

ការស្នើសុំ​នេះ​ត្រូវ​ធ្វើ​ឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាមួយ​គណៈប្រតិភូ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB) ​ដឹកនាំ​ដោយ​លោក Alexander D. Nash អ្នកឯកទេស​អភិវឌ្ឍន៍​ទីក្រុង (Urban Development Specialist) តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ នៅ​ទីស្តីការក្រសួង​កាលពី​ទី​ថ្ងៃ​ ៦ ខែមេសា​។

លោក ចាន់ថុល ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ថា ការសិក្សា​គម្រោង​អភិវឌ្ឍន៍​រថភ្លើង Mono Rail ទីក្រុង​ភ្នំពេញ​ត្រូវបាន​ក្រុមហ៊ុន​ចិន​មួយ​សិក្សា​ចប់​សព្វគ្រប់​ហើយ​។ ចំណែក​ការសិក្សា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ក្រោម​ដី​នឹង​បញ្ចប់​ក្នុង​ខែឧសភា ខាងមុខនេះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូមឱ្យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ជួយ​ពិនិត្យឡើងវិញ​លើ​លទ្ធផល​នៃ​ការសិក្សា​គម្រោង​ទាំង​ ២ ​នេះ និង​ជួយ​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​។ ប្រសិនបើ​គម្រោង​ទាំងនេះ​មាន​ការចូលរួម​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន វា​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​លើកកម្ពស់​មុខមាត់​ទីក្រុង​ភ្នំពេញ​បាន​មួយកម្រិត​ធំ និង​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​»​។

ទន្ទឹម​នឹង​នេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​ធនាគារ ADB ជួយ​តម្រង់ទិស​នៃ​ការអភិវឌ្ឍ​ទៅលើ​តំបន់​ឆ្លងកាត់​ព្រំដែន​នានា​របស់​កម្ពុជា​ (Cross Border Facilities) ដើម្បី​លើកកម្ពស់​វិស័យ​ភ័ស្តុភារកម្ម និង​ការដឹកជញ្ជូន​នៅ​កម្ពុជា​ក្នុងទិសដៅ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម និង​បង្កើន​ការចូល​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ ពិសេស​ទីផ្សារ​មហាអនុតំបន់​ទន្លេមេគង្គ​ (GMS) ​ក៏ដូចជា​តំបន់​អាស៊ាន​។

លោក​ថ្លែង​ទៀតថា​៖ «​យើង​ចង់​បើកផ្លូវ​ចូលទៅ​កាន់​ព្រំដែន​ដោយផ្ទាល់ និង​ការឆ្លងកាត់​ក្នុង​តំបន់ ដែល​ជា​ការធ្វើ​ឱ្យ​ប្រសើរ​ឡើងដល់​ការប្រកបរបរ​ចិញ្ចឹមជីវិត​របស់​ប្រជាជន​កម្ពុជា​»​។

លោក Alexander D. Nash បាន​ឆ្លើយតប​ថា ADB នឹង​ពិនិត្យ និង​សម្របសម្រួល​តាម​ការស្នើ​សុំ​ដែល​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​កន្លងមកនេះ​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រី​។

កាលពីដើម​ខែមិថុនា ឆ្នាំ​ ២០១៨ លោក ស៊ុន ចាន់ថុល ធ្លាប់បាន​និយាយថា គម្រោង​ស្ថាបនា​ខ្សែ​រថភ្លើង​លើ​អាកាស​ក្នុង​រាជធានី​ភ្នំពេញ មុនដំបូង​គេ​នឹង​អនុវត្ត​ចាប់ពី​ស្ថានីយ​នៅ​ផ្សារ​ធំថ្មី​ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ អន្តរជាតិ​ភ្នំពេញ ដោយមាន​ប្រវែង​សរុប ១៨ គីឡូម៉ែត្រ ហើយក៏​នឹងមាន​គម្រោង​សាងសង់​ខ្សែ​រថភ្លើង​លើ​អាកាស​នៅតាម​បណ្តោយ​វិថី​សំខាន់ៗ​មួយ​ចំនួន​ដូចជា មហាវិថី​ព្រះមុនីវង្ស កម្ពុជាក្រោម ហ្សាលដឺហ្គោល ព្រះមុនីរ៉េត និង​វេងស្រេង​ជាដើម​។

ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​សិក្សា​លើ​គម្រោង​អភិវឌ្ឍន៍​រថភ្លើង Mono Rail និង​រថភ្លើង​ក្រោម​ដី ហើយ​គម្រោង​រថភ្លើង​ស្វ័យប្រវត្តិ AGT ត្រូវ​សិក្សា​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ្កការ​អន្តរជាតិ​ជប៉ុន (JICA)​។ ​បន្ទាប់ពី​គម្រោង​ទាំង​ ៣ នេះ​ សិក្សា​ចប់ ក្រសួង​នេះ​នឹងដាក់​ជូនទៅ​ប្រមុខ​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ និង​សម្រេច​។ ​នេះ​បើតាម​ក្រសួង​នេះ​។

កន្លងមក​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជួន​ក៏​ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​អំពី​ផែនការ​សិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​រថភ្លើង​តភ្ជាប់​ទៅ​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី វិនិយោគ​ដោយ​ក្រុមហ៊ុន​ OCIC តម្លៃ​សរុប​ ១,៥ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​៕ LA