ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​ប្រកាស​ថា ​នៅ​ឆ្នាំ ​២០២០ ​កម្ពុជា​នឹង​មិន​ប្រឈម​កង្វះ​ការ​ផ្គត់ផ្គង់​ភ្លើង​អគ្គិសនី​ទៀត​ទេ ខណៈ​កម្ពុជា​បាន​ត្រៀម​ម៉ាស៊ីន​ភ្លើង​ធំៗ​ចំនួន​ ២ ​ដែល​មាន​អានុភាព​​ផលិត​ថាមពល​សរុប​ ៤០០ ​មេហ្គាវ៉ាត់​ ​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​ដោយ​បញ្ហា​ណា​មួយ​។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ម្សិលមិញ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​បាន​អនុម័ត​រួច​ហើយ​នូវ​ការ​បញ្ជា​ទិញ​ម៉ាស៊ីន​ភ្លើង​ចំនួន ​២​ ពី​ប្រទេស ​​​អាល្លឺម៉ង់ ​និង​ហ្វាំងឡង់​ ដោយ​ម៉ាស៊ីន​នីមួយៗ​មាន​កម្លាំង​ ២០០ ​មេហ្គាវ៉ាត់​ ដើម្បី​ត្រៀម​ផ្គត់ផ្គង់​ក្នុង​រាជធានី​ភ្នំពេញ​។​ លោក​បន្ត​ថា ក្រៅ​ពី​ការ​ត្រៀម​នៅ​​រាជធានី​ភ្នំពេញ នៅ​តាម​បណ្តា​ខេត្ត​ក៏​មាន​​ការ​ដំឡើង​ម៉ាស៊ីន​ជា​ច្រើន​ទៀត​ផង​ដែរ។

លោក​ថ្លែង​ថា​៖ ​«​ការ​ខ្វះខាត​ទឹក​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផលិត​ថាមពល​អគ្គិសនី​ក្នុង​ឆ្នាំ​នេះ​ បាន​ក្លាយ​ជា​បទ​ពិសោធដ៏​ធំ​សម្រាប់​កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម។ នៅ​ឆ្នាំ​ក្រោយ ​កម្ពុជា​គ្មាន​ហេតុផល​ដាច់​អគ្គិសនី​ទៀត​ទេ ​ដោយ​កម្ពុជា​បាន​ត្រៀម​ម៉ាស៊ីន​ភ្លើង​ផ្តល់​ថាមពល​រហូត​ដល់ ​៤០០ ​មេហ្គាវ៉ាត់​ ទុក​បម្រុង​នៅ​ពេល​ការ​ផលិត​ថាមពល​អគ្គិសនី​ជួប​បញ្ហា»។

កង្វះ​ខាត​ទឹក​សម្រាប់​ដំណើរ​ការ​តួប៊ីន នា​រដូវ​ប្រាំង​ចាប់​ពី​ខែ​មីនា​ ដល់​ពាក់​កណ្តាល​ខែ​ឧសភា ឆ្នាំ ​២០១៩ នេះ​បាន​ធ្វើ​ឲ្យ​​កម្ពុជា​ត្រូវ​ជួប​ប្រទះ​ ការ​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស ដោយ​បាន​តម្រូវ​ឲ្យ​មាន​ការ​​​កាត់​​ផ្តាច់​ចរន្ត​អគ្គិសនី​តាម​ពេលវេលា​ និង​តាម​តំបន់​។​

លោក ហ៊ុន ​សែន ​បាន​បញ្ជាក់​ថា៖ «នៅ​ឆ្នាំ​ក្រោយ​នឹង​មិន​មាន​បញ្ហា​បែប​នេះ​កើត​ឡើង​ទៀត​ទេ​ បើ​វារី​អគ្គិសនី​មិន​ដើរ ក៏​ម៉ាស៊ីន​ [ភ្លើង] ​ដើរ​ដោយ​ហ្គាស​ និង​ដើរ​ដោយ​ប្រេង​នៅ​តែ​ដំណើរការ​ដែរ​»។

លោក​នាយក​រដ្ឋមន្ត្រី ​កន្លង​មក​ក៏​បាន​​ប្រកាស​ពី​ការ​នាំចូល​កប៉ាល់​ថាមពល​ពី​ប្រទេស ​តួកគី ​ដើម្បី​បំពេញ​តម្រូវ​ការ​ដែល​កំពុង​ខ្វះខាត​ផង​ដែរ​ ប៉ុន្តែ​ក្រោយ​មក​បាន​លុប​ចោល​វិញ។​

លោក ​ទី ថានី​ អនុ​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា កាល​ពី​ម្សិលមិញ​បាន​ប្រាប់​ថា កម្ពុជា​ពិត​ជា​បាន​បញ្ជា​ទិញ​ម៉ាស៊ីន​​ភ្លើង​​​ដែល​ប្រើ​ប្រេង​ឥន្ធនៈ​ចំនួន ​២ គ្រឿង ​​យក​មក​បម្រុង​ទុក​​សម្រាប់​​ប្រើប្រាស់​នៅ​ពេល​​ដែល​​មាន​កង្វះ​ខាត​ខ្លាំង​ដូច​ឆ្នាំ​នេះ​។ ​ទោះ​យ៉ាង​ណា​លោក​មិន​ដឹង​ច្បាស់​ថា ការ​បញ្ជា​ទិញ​​​នេះ​បាន​ឈាន​ដល់​ដំណាក់​កាល​ណា​នោះ​ទេ​​។

លោក​​បាន​ថ្លែង​ថា៖​ «យើង​សង្ឃឹម​ថា​ នឹង​មិន​មាន​បញ្ហា​កង្វះ​អគ្គិសនី​ទៀត​ទៅ​ចុះ តែ​យ៉ាង​ណា​ក៏​យើង​មិន​អាច​ដឹង​​ជា​មុន​ដែរ»។

ខណៈ​រដ្ឋាភិបាល​កំពុង​មាន​ផែនការ​បញ្ចុះ​តម្លៃ​អគ្គិសនី​នោះ​ លោក​ ថានី ​បាន​អះអាង​ថា ​ម៉ាស៊ីន​នេះ​គឺ​សម្រាប់​ជា​ការ​ត្រៀម​បម្រុង​តែ​ប៉ុណ្ណោះ​ ព្រោះ​ម៉ាស៊ីន​នេះ​ជា​ប្រភេទ​ម៉ាស៊ីន​ដែល​ដំណើរការ​ដោយ​ប្រេង​ឥន្ធនៈ​ ដែល​ត្រូវ​ការ​ចំណាយ​ថ្លៃ​ខ្ពស់​លើ​ការ​ផលិត​។​

របាយការណ៍​ស្តីពី​វឌ្ឍនភាព​ថាមពល​អគ្គិសនី ដែល​ទើប​ចេញ​ផ្សាយ​ដោយ​ធនាគារ​ពិភព​លោក កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ត្រូវ​បាន​ចាត់​ជា​ប្រទេស​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់​ទាក់ទង​ទៅ​នឹង​ចំនួន​ប្រជាជន​​ដែល​មាន​លទ្ធភាព​តភ្ជាប់​បណ្តាញ​អគ្គិសនី​ ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស ​៤​ រួម​មាន​ អាហ្វហ្គានីស្ថាន ​បង់ក្លាដែស ​និង​​​កេនយ៉ា​ ដែល​​មាន​អត្រា​កំណើន​លឿន​​ប្រចាំ​ឆ្នាំ គិត​ចាប់​ពី​ឆ្នាំ ២០១០ មក។

ធនាគារ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​ស្តីពី​វឌ្ឍនភាព​ថាមពល​ ឆ្នាំ ​២០១៩ ​ថា កាល​ពី​ចុង​ឆ្នាំ ២០១៧ សេវា​អគ្គិសនី​​កម្ពុជា​បាន​គ្រប​ដណ្តប់​ដល់ ​៨៩,១ ​ភាគរយ​។​

របាយការណ៍​នេះ​បង្ហាញ​ថា ក្នុង​ចំណោម​លទ្ធភាព​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​ទាំង​អស់​នៅ​ក្នុង​តំបន់​ជនបទ​​របស់​​ប្រទេស​កម្ពុជា​ មាន​ ​៦៧ ​ភាគរយ​ គឺ​តាមរយៈ​បណ្ដាញ​អគ្គិសនី​ជាតិ ​និង ​៣១ ភាគរយ ​តាមរយៈ​ការ​ផ្គត់ផ្គង់​​អគ្គិសនី​ដោយ​មិន​ពឹង​ទៅ​លើ​បណ្ដាញ​ជាតិ។ នៅ​តំបន់​ទីក្រុង​ មាន ៩៧ ភាគរយ​តាមរយៈ​បណ្ដាញ​អគ្គិសនី​ជាតិ ខណៈ​មាន​ត្រឹម ​៣ ភាគរយ​ប៉ុណ្ណោះ គឺ​ជា​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​មិន​ពឹង​លើ​បណ្ដាញ​ជាតិ។

របាយការណ៍​ប្រចាំ​ឆ្នាំ​ ​២០១៨ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ​(EAC)​ បាន​ឲ្យ​ដឹង​ថា កម្ពុជា​គ្រោង​នឹង​បង្កើន​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ឲ្យ​ដល់​ ២ ៨៧០ ​មេហ្គាវ៉ាត់ ​នៅ​ក្នុង​ឆ្នាំ​ ​២០១៩ ​ដោយ​​​កើន​ឡើង​ពី​ ២​ ៦៥០​ ​មេហ្គាវ៉ាត់​ ក្នុង​ឆ្នាំ ​២០១៨​​។

លោក ​តែ ​តាំងប៉​ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច ​និង​មធ្យម​​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា បញ្ហា​កង្វះ​ខាត​អគ្គិសនី​នាពេល​កន្លង​មក​បាន​ធ្វើ​ឲ្យ​សហគ្រាស​ធុន​តូច​ និង​មធ្យម ​(SME) នៅ​កម្ពុជា​ជួប​ប្រទះ​នឹង​បញ្ហា​ផ្នែក​ផលិតកម្ម​ជា​ច្រើន​។ លោក​បន្ត​ថា ប្រសិន​បើ​កង្វះ​​ខាត​នេះ​​មាន​ការ​អូស​បន្លាយ​ទៅ​ដល់​ឆ្នាំ​ក្រោយ​នោះ​ វា​អាច​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​អាជីវកម្ម​ប្រចាំថ្ងៃ​ និង​ធ្វើ​ឲ្យ​អ្នក​​វិនិយោគ​​​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​បណ្តាក់​ទុន​។

លោក​ប្រាប់​​ថា៖​ «​ខ្ញុំ​សង្ឃឹម​ថា​ ឆ្នាំ​ក្រោយ​យើង​នឹង​មាន​អគ្គិសនី​ប្រើប្រាស់​​គ្រប់គ្រាន់​។ ជាមួយ​គ្នា​នេះ​ដែរ​ប្រសិន​បើ​នៅ​ខ្វះ​ យើង​ក៏​គួរ​តែ​មាន​ព័ត៌មាន​គ្រប់គ្រាន់​ជា​មុន​ផង​ដែរ​ ដើម្បី​ងាយ​ស្រួល​ត្រៀម​ខ្លួន​ពី​ចម្ងាយ​»​។

រោងចក្រ​ថាមពល​សូឡា​ដែល​មាន​កម្លាំង ៦០ ​មេហ្គាវ៉ាត់​ នៅ​ខេត្ត​កំពង់ស្ពឺ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ដំណើរ​ការ​ពេញ​លេញ​​នៅ​ខែ​ក្រោយ​។

លោក​វ៊ី ​សំណាង​ អភិបាល​ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដើម​ខែ​មិថុនា នេះ​ ​ក្រុមហ៊ុន Schnei Tec Co., Ltd ​ដែល​វិនិយោគ​លើ​គម្រោង​សាងសង់​ស្ថានីយ​អគ្គិសនី​​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​​ ទំហំ ៦០ ​មេហ្គាវ៉ាត់ ​ក្នុង​ខេត្ត​កំពង់ស្ពឺ ​បាន​​បើក​ដំណើរការ​ថាមពល​របស់​ខ្លួន​ទៅ​ក្នុង​បណ្តាញ​ជាតិ​​ចំនួន​ ៤០ ​មេហ្គាវ៉ាត់ រួច​ហើយ ចំណែក​ ​២០ ​មេហ្គាវ៉ាត់​ចុង​ក្រោយ ​អាច​នឹង​រួច​រាល់​ក្នុង​ខែ​កក្កដា ខាង​មុខ​។

ទោះ​បី​យ៉ាង​នេះ​ក្តី​ លោក​ សំណាង​ អះអាង​ថា ៖ «ដោយសារ​ការ​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជានា​ពេល​បច្ចុប្បន្ន​​កំពុង​មាន​កំណើន​យ៉ាង​គំហុក​ហួស​ពី​ការ​ព្យាករ​​នោះ​ ដូច្នេះ​ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​​ អាច​នឹង​មិន​ទាន់​ដោះ​ស្រាយ​បាន​ទាំង​ស្រុង​ភ្លាមៗ​ទេ»៕ LA