ហាណូយៈ ខណៈ​បច្ចុប្បន្ន​កម្ពុជា​ពឹង​ផ្អែក​លើ​ឧស្សាហ​កម្ម​​ប្រើ​ប្រាស់​កម្លាំង​ពល​កម្ម​ច្រើន​ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ប្រ​កាស​ថា ​ប្រ​ទេស​នេះ​មាន​សក្ដានុ​ពល​ខ្ពស់​​​ក្នុង​តំ​បន់​​ស​ម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​ទី៤​។

ក្នុង​សុន្ទរ​កថា​ដែល​ថ្លែង​ក្នុង​វេ​ទិ​កា​សេដ្ឋ​កិច្ច​ពិ​ភព​លោក (WEF​) លើក​ទី ២៧ ស្ដី​ពី​អា​ស៊ាន​នៅ​ទី​ក្រុង​ ហា​ណូយ​ ប្រ​ទេស វៀត​ណាម លើ​ប្រ​ធាន​បទ​​​សហ​គ្រិន​ភាព ​និង​បដិ​វត្តន៍​ឧស្សាហ​កម្ម​ទី ៤ ​សម្រាប់​អា​ស៊ាន​ លោក​នាយក​រដ្ឋ​មន្ដ្រី​ឲ្យ​​ដឹង​ថាកម្ពុជា​កំពុង​លើក​កម្ពស់​ការ​អភិវឌ្ឍ​​សហ​គ្រិន​ភាព​ និង​សហ​​គ្រាស​ធុន​តូច​ និង​មធ្យម​ ដោយ​មាន​គោល​បំណង​ក្នុង​ការ​បង្កើត​​ការ​ងារ​ដែល​ជាប់​ពាក់​ព័ន្ធ​។​

​លោក​ថ្លែង​ថា​៖ «​កម្ពុជា​គឺ​ជា​ប្រ​ទេស​មាន​សក្ដានុ​ពល​ខ្ពស់ ​ក្នុង​ការ​ចាប់​យក​ឱ​កាស​កំ​ណើន​ពី​បដិ​វត្តន៍​ឧស្សាហ​កម្ម​ទី​៤​នេះ​»​។

លោក​បន្ថែម​ថា ​ការ​តម្រង់​ទិស​ដៅ​ជា​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​​​នៅ​ក្នុង​តំ​បន់​នេះ ​នឹង​ត្រូវ​ផ្ដោត​លើ​​កម្ម​វិធី​លើក​កម្ពស់​សមត្ថ​ភាព​តាម​រយៈ​កម្ម​វិធី​ឌី​ជី​ថល​​។​

​​លោក​លើក​ឡើង​ថា​៖ «​ការ​ត្រៀម​ខ្លួន​ទទួល​យក​នូវ​​សេដ្ឋ​កិច្ច​ឌី​ជី​ថល​ និង​ការ​​ឆ្លើយ​តប​នឹង​បដិ​វត្តន៍​ឧស្សាហ​​កម្ម​ទី ៤ បាន​​ក្លាយ​ជា​​ទិស​ដៅ​របស់​រដ្ឋា​ភិបាល​​នៅ​ក្នុង​អា​​ណត្តិ​នេះ​។ ​យើង​នឹង​ផ្ដោត​លើ​ការ​ពង្រឹង​ និង​ការ​ពង្រីក​មូល​ដ្ឋាន​​​សេដ្ឋ​កិច្ច​ឌី​ជី​ថល​ ទាំង​ធន​ធាន​មនុស្ស​ និង​ជំនាញ​ស្រប​ជា​មួយ​នឹង​បរិ​បទ​ថ្មី​នេះ​»​។​

​អ្នក​ជំ​នាញ​​បាន​ឲ្យ​ដឹង​​កាល​ពី​សប្ដាហ៍​មុន​នៅ​ក្នុង​សិក្ខា​សា​លា​ស្ដី​ពី​ឧស្សាហ​កម្ម​ទី​៤​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ថា​ កម្ពុជា​ ​ត្រូវ​រៀប​ចំ​ខ្លួន​ដើម្បី​​ទទួល​យក​​បដិ​វត្តន៍​ឧស្សាហ​កម្ម​ជំ​នាន់​ក្រោយ​ដើម្បី​ជំ​នួស​វិស័យ​​រោង​ចក្រ​។

លោក ង៉ែត ជូ អ្នក​ប្រឹក្សា​​ជាន់​ខ្ពស់​នៃ​ក្រុម​ហ៊ុន Emerging Markets Consulting (EMC) បាន​យល់​ស្រប​ថា ​កម្ពុជា​មាន​សក្ដានុ​ពល​សម្រាប់​បដិ​វត្តន៍​ឧស្សាហ​កម្ម​ទី៤​នេះ​។​

ប៉ុន្តែលោក​លើក​ឡើង​ថា ដើម្បី​​ឈាន​ទៅ​ដល់​បដិ​វត្តន៍​នេះ រដ្ឋា​ភិបាល​​ត្រូវ​តែ​ត្រៀម​ខ្លួន​ឲ្យ​ហើយ​ ដើ​ម្បី​គ្រប់​គ្រង​​ផល​វិ​បាក​​​ទាក់​ទង​នឹង​ជំនាញ​ និង​កម្លាំង​ពល​កម្ម​។​ ​

លោក​ថ្លែង​ថា​៖​«​វា​ជា​យន្ត​ការ​នៃ​ការ​ប្រើ​ប្រាស់​បច្ចេក​វិ​ទ្យា ជំនួស​កម្លាំង​ពល​កម្ម​ ដើម្បី​កាត់​បន្ថយ​​ការ​ចំ​ណាយ​លើ​ការ​ផលិត ​ប៉ុន្តែ​យើង​ត្រូវ​តែ​ពិ​និត្យ​ថា​ តើ​​សមត្ថ​ភាព​ធន​ធាន​មនុស្ស​របស់​យើង​ដូច​ម្ដេច​?​»។

​លោក​បាន​​បន្ត​ថា​៖ «​ដើ​ម្បី​ទាក់​ទាញ​​វិនិ​យោ​គិន​ឲ្យ​មក​វិនិ​​យោគ​​លើ​ប្រព័ន្ធ​បច្ចេក​វិទ្យា​រដ្ឋា​​ភិ​បាល​ត្រូវ​​​មាន​គោល​នយោ​បាយ​​រឹង​មាំ​ដើ​ម្បី​​ធ្វើ​ឲ្យ​មាន​តុល្យ​ភាព​ ដល់​ជំ​នាញ​សមត្ថ​ភាពគេច​ផុត​ពី​ភាព​គ្មាន​ការ​ងារ​ធ្វើ​»​។​ ខណៈ​ឧស្សាហ​កម្ម​ទី ៤ ឬ​បដិ​វត្តន៍​ឧស្សាហ​កម្ម​ទី ៤ ​បើក​ចំ​ហ​ឱ​កាស​សម្រាប់​បណ្ដា​ប្រ​ទេស​មួយ​ចំនួនវា​ក៏​ផ្ដល់​បញ្ហា​ប្រ​ឈម​ដល់​ប្រ​ទេស​ខ្លះ​ផង​ដែរ​ដូចជា​​កម្ពុជា​ ខណៈ​ប្រជា​ជន​នៅ​តែ​ពឹង​ផ្អែក​ខ្លាំង​លើ​កសិ​កម្ម​ សម្រាប់​ជីវ​ភាព​រស់​នៅ​របស់​ពួក​គេ​។​

ការ​សិក្សា​មួយ​ដោយ​ក្រ​សួង​កសិ​កម្មកាល​ពី​ខែ​មិថុនា​ ឆ្នាំ ២​០១៧ បាន​រក​ឃើញ​ថា ​​ប្រ​ជា​ជន​ប្រ​ហែល​ជា ៤០ ភាគ​រយ ធ្វើ​ការ​ងារ​នៅ​ក្នុង​វិស័យ​កសិ​កម្ម។ នេះ​បើ​​តាម​សេចក្ដី​រាយ​ការណ៍​របស់ Asean Post។​

ស្ថិតិ​នេះ​ចង្អុល​បង្ហាញ​ទៅ​នឹង​​សេ​ណា​រី​យោ​ដែល​ប្រជា​ជន​​កម្ពុជា​ជា​ច្រើន​ អាច​បាត់​បង់​​ការ​ងារ​​​នៅ​ពេល​ខាង​មុខ​ ដោយ​សារ​ប្រ​ទេស​នេះ​ចាប់​ផ្ដើម​ដាក់​បញ្ចូល​ស្វ័យ​ប្រ​វត្តិ​កម្ម​ នៅ​ក្នុង​វិ​ស័យ​កសិ​កម្ម​របស់​ខ្លួន​ឆ្ពោះទៅ​រក​ការ​ទទួល​យក​បដិ​វត្តន៍​ឧស្សាហ​កម្ម​ទី៤​។

លោក​នា​យក​រដ្ឋ​មន្ដ្រី ក៏​បាន​ទទួល​​ស្គាល់​ផង​ដែរ​ថា ការ​ផ្លាស់​ប្តូរ​ទៅ​រក​បដិ​វត្តន៍​ឧស្សាហ​​កម្ម​ទី​ ៤ នឹង​បណ្ដាល​​ឲ្យ​មាន​ការ​បារម្ភ និង​បង្ក​ឲ្យ​បញ្ហា​ប្រ​ឈម​សម្រាប់​​​ប្រ​ទេស​នេះ​ ដូច​ជា​ការ​បាត់​​បង់​ការ​ងារ​​ ខណៈ​វា​ត្រូវ​ការ​​ការ​អប់​រំ​កម្រិត​កាន់​តែ​ខ្ពស់ ​និង​ជំ​នាញ​​បច្ចេក​វិទ្យា​៕​LA