ភ្នំពេញៈ ខណៈ​នាយក​រដ្ឋ​មន្ត្រី បាន​រិះគន់​ចំពោះ​ក្តី​បារម្ភ​ពី​លំហូរ​ចូល​វិនិយោគិន​មក​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ម្សិលមិញ​ក៏បាន​បង្ហើប​ពី​លទ្ធភាព​នៃ​ការ​សាងសង់​អគារ​កម្ពស់​ ៦០០ ​ម៉ែត្រ​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ផងដែរ​។

បើទោះបី​យ៉ាង​នេះ​ក្តី មិន​មាន​ព័ត៌មាន​លម្អិត​ជុំវិញ​គម្រោង​នេះ​ទេ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​លើក​ឡើង​ កាលពី​ឆ្នាំ​ ២០១០ ថា កម្ពុជា​នឹង​សាងសង់​អគារ​កម្ពស់​ ៥៥៥ ម៉ែត្រ​នៅ​កោះ​ពេជ្រ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិនមាន​ព័ត៌មាន​អ្វី​ពី​គម្រោង​នេះ​ទេ​។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​កាលពី​ម្សិលមិញ លោក ហ៊ុន សែន បាន​រិះគន់​ចំពោះ​ក្តី​បារម្ភ​ពី​ការ​ហូរ​ចូល​នូវ​វិនិយោគិន​ចិន​មក​ប្រទេស​កម្ពុជា ដោយ​លោក​ចាត់ទុកថា កម្ពុជា​មិន​ទាន់​អាច​ឆ្លើយ​តប​នឹង​ការ​វិវឌ្ឍ​របស់​ប្រទេស​នៅឡើយ​ទេ ដែល​ចាំបាច់​ត្រូវ​ការ​ការ​វិនិយោគ​។

លោក​ថ្លែងថា​៖ «​ក្នុង​រយៈ​ចុង​ក្រោយ​នេះ បែរ​ជា​នាំ​គ្នា​ភ័យ​ព្រួយ​ថា​វត្តមាន​របស់​អ្នក​វិនិយោគ​ចិន​ធ្វើ​ឲ្យ​មាន​កង្វល់ ប៉ុន្តែ​ខ្ញុំ​ចង់​សួរថា នៅ​ក្នុង​ពេល​ដែល​មាន​ការ​វិនិយោគ​ចិន​យ៉ាង​សន្ធឹក​សន្ធាប់​ដូចនេះ ធនធាន​មនុស្ស​របស់​យើង​មាន​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​ឲ្យ​គេ​ហើយ​ឬ​នៅ​? ដោយ​សារ​ដោះស្រាយ​មិន​គ្រប់​ហ្នឹង​ហើយ បាន​ត្រូវ​មាន​វត្តមាន​របស់គេ​ចូលមក​»​។

លោក​បន្ត​ថា​៖ «​អគារ​ខ្ពស់ៗ​ណាស់​ឥឡូវនេះ គម្រោង​ខាងមុខ​មាន​អា ៦០០​ ម៉ែត្រ ស្មើនឹង​ ១៣៣ ​ជាន់ នឹង​ត្រូវ​សាងសង់​ខាង​មុខ អ៊ីចឹង​ទេ​សួរថា​លទ្ធភាព​របស់​ខ្មែរ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​?»​។

លោក​នាយក​រដ្ឋ​មន្ត្រី មិន​បាន​លើក​ឡើង​ពី​ឈ្មោះ​គម្រោង​អគារ​កម្ពស់​ ៦០០ ​ម៉ែត្រ​ថា​នៅ​ពេល​ណា​វា​នឹង​ចាប់​ផ្ដើម​ការ​សាងសង់ ឬ​ ក្រុមហ៊ុន​ណា​មួយ​ត្រូវ​បាន​គេ​អះអាង​ថា​នឹង​សាងសង់​អគារ​នេះ​ទេ​។

នេះ​មិន​មែន​ជា​លើក​ដំបូង​នោះ​ទេ ដែល​លោក ហ៊ុន សែន ឬ​មន្ដ្រី​រដ្ឋាភិបាល​ផ្សេង​ទៀត​បាន​លើក​ឡើង​ផែនការ​សាងសង់​អគារ​ខ្ពស់​នោះ​។

ផែនការ​សាងសង់​ទីក្រុង​តម្លៃ​ ៨០ ​ពាន់​លាន​ដុល្លារ​ដែល​មាន​ទំហំ​ធំ​ជាង​ទំហំ​សេដ្ឋកិច្ច​កម្ពុជា ​ជិត ​១០ ​ដង​នៅ​ភាគ​ខាងជើង​ទីក្រុង​ភ្នំពេញ ដែល​មាន​ឈ្មោះ​ថា «​ទីក្រុង​នាគ​សម្ដេច​តេ​ជោ ហ៊ុន សែន​» ក៏​ត្រូវ​បាន​ប្រកាស ​កាល​ពី​ឆ្នាំ​ ២០១៣ ផងដែរ​។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ លោក ភួង សុភាន រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​បង្ហាញ​ផែនការ​សម្រាប់ «​ទីក្រុង​នាគ​» រយៈពេល​៥​ឆ្នាំ​កន្លង​មក បាន​ថ្លែង​ថា លោក​មិន​ដឹង​ពី​គម្រោង​កម្ពស់​ ៦០០​ ម៉ែត្រ​ណា​មួយ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​លើក​ឡើង​នោះ​ទេ​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ដឹង​ទេ យើង​[​នៅ​ក្រសួង​] មាន​អគារ​ច្រើន និង​គម្រោង​ជាច្រើន​»​។

លោក​បន្តថា​៖ «​ខ្ញុំ​មិន​ដឹង​កន្លែង​ណា​ដែល​លោក​ចង់​សាងសង់​អគារ​មួយ​នេះ​ទេ​»​។

យោង​តាម​ លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​នាយក​រដ្ឋ​មន្ដ្រី​អាច​និយាយ​ទៅ​ដល់​គម្រោង​ថ្មី​ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​របស់​លោក គិត ម៉េង ដែល​លោក​ថ្លែងថា គ្រោង​នឹង​ឈូស​សណ្ឋាគារ​កាំបូឌីយ៉ាណា ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​អគារ​ដ៏​ខ្ពស់​នេះ​។

លោក​ថ្លែងថា​៖«​ពេល​នេះ​វា​គ្រាន់​តែ​ជា​ផែន​ការ​ប៉ុណ្ណោះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ស្នើសុំ​រដ្ឋាភិបាល​នូវ​សិទ្ធិ​សម្រាប់​គម្រោង​នេះ​»​។

លោក​បន្ត​ថា​៖ «​សណ្ឋាគារ​កាំបូឌីយ៉ាណា​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ក្រុមហ៊ុន​នេះ នឹង​សាងសង់​អគារ​[​កម្ពស់​ ៦០០ ​ម៉ែត្រ​]​នៅ​ទីនោះ​»​។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​ផែន​ការ​ដែល​លើក​ឡើង​នេះ ប៉ុន្តែ​លោក ហួន ពៅ ជា​បុគ្គលិក​បច្ចុប្បន្ន​របស់​សណ្ឋាគារ​កាំបូឌីយ៉ាណា បញ្ជាក់​ថា សណ្ឋាគារ​នេះ​ទំនងជា​នឹង​ត្រូវ​បិទ​ដំណើរការ​នៅ​ពេល​ណាមួយ​នៅ​ឆ្នាំ​ខាង​មុខ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​បាន​ឮ​ព័ត៌មាន​មួយ​ចំនួន​អំពី​គម្រោង​នេះ​»​។ លោក​បាន​បន្តថា​៖ «​ប្រហែល​ [​សណ្ឋាគារ​កាំបូឌីយ៉ាណា​] នឹង​បិទទ្វារ បន្ទាប់ពី​ការ​បោះឆ្នោត​រួច ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​នោះទេ​»៕ LA