ភ្នំពេញៈ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​ ថ្លែង​​ថា ​រដ្ឋ​សមាជិក និង​​ដៃគូ​​អភិវឌ្ឍន៍​គួរ​​តែ​​​ពិចារណា​​​ឲ្យ​បាន​ដិត​​ដល់​មុន​​នឹង​ដាក់​​​វិធានការ​ព្យួរ ​ឬ​ដក​ចេញ​នូវ​​ភាព​អនុគ្រោះ​ពី​ប្រទេស​​អភិវឌ្ឍន៍​តិចតួច ​ដោយ​​អះអាង​ថា​ ការ​បន្ត និង​បង្កើន​ការ​​ផ្តល់​ភាព​​អនុគ្រោះ​​​នានា​​ តាមរយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ ឬ​ឯកតោភាគី​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​​តិចតួច​ក្នុង​ការ​​សម្រេច​គោលដៅ​អភិវឌ្ឍន៍​របស់​ខ្លួន​។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ត្រួត​​ពិនិត្យ​ឡើង​វិញ​ជា​សកល​លើ​​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្នាំ ២០១៩​ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក ​(WTO​) ​នៅ​ក្នុង​ទីក្រុង​ហ្ស៊ឺណែវ ​ប្រទេស ​ស្វ៊ីស កាល​ពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ​បាន​លើក​ឡើង​ថា​ បន្ទាប់​ពី​បាន​ចូល​ជា​​សមាជិក​អង្គការ​ពាណិជ្ជកម្ម​​ពិភព​លោក​នៅ​ក្នុង​ឆ្នាំ ​២០០៤ ​កម្ពុជា​​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន​ ព្រម​ទាំង​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំ​ឆ្នាំ​ក្នុង​រង្វង់​​អត្រា​ ៧,៧​​ ភាគរយ ​ប្រកប​ដោយ​បរិយាប័ន្ន ​និង​សមធម៌​ នៅ​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។

លោក​បន្ត​ថា ​កម្ពុជា​ក៏​បាន​ប្រែ​ក្លាយ​ពី​ប្រទេស​មាន​​ចំណូល​ទាប​ ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​​កម្រិត​ទាប​ជា​ផ្លូវ​​ការ​​ក្នុង​ឆ្នាំ ​២០១៥​ និង​​​​ក្លាយ​ខ្លួន​​​ទៅ​ជា​ប្រទេស​ដែល​មាន​​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ក្នុង​ឆ្នាំ ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៥០។

លោក ​ហ៊ុន​ សែន​ ថ្លែង​ថា៖ «ដើម្បី​អាច​​សម្រេច​បាន​នូវ​​ចក្ខុ​វិស័យ​​​នេះ ការ​​ផ្តល់​នូវ​ភាព​​អនុគ្រោះ​​ពី​​​រដ្ឋ​ជា​សមាជិក និង​ដៃគូ​​អភិវឌ្ឍន៍​ទាំង​អស់​គឺ​ជា​រឿង​សំខាន់​​ក្នុង​ការ​​​បន្ត និង​បង្កើន​ការ​​ផ្តល់​ភាព​អនុគ្រោះ​​នានា​ តាមរយៈ​ប្រព័ន្ធ​​ពាណិជ្ជកម្ម​ពហុភាគី ឬ​ឯកតោ​​ភាគី»។

លោក​បន្ថែម​ថា៖ «ហើយ​សូម​ធ្វើ​ការ​​ពិចារណា​ឲ្យ​បាន​ដិត​ដល់​មុន​នឹង​ដាក់​វិធានការ​ព្យួរ ឬ​ដក​ចេញ​នូវ​ភាព​អនុគ្រោះ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ព្រោះ​ការ​ព្យួរ ឬ​ការ​ដក​នេះ​ នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​ មិន​អាច​ជួយ​ពិភព​លោក ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ និង​មិន​អាច​ជួយ​ពួក​គេ​ឲ្យ​ចាកចេញ​ពី​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បាន​ឡើយ»។ ​

លោក​បន្តថា ​ចលនា​នេះ គឺ​ជា​​ដំណើរ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​គោលការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ ​និង​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​​។

ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​​​ នេះ ​គឺ​​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​​ទៅ​នឹង​ការ​ដកហូត​​ប្រព័ន្ធ​អនុគ្រោះ​​ពន្ធ «​អ្វី​គ្រប់​យ៉ាង​លើកលែង​​​អាវុធ EBA» ពី​សហភាព​អឺរ៉ុប។

កាល​ពី​ខែ​មករា ​​ឆ្នាំ ​២០១៩​ សហភាព​​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​លើ​ការ​នាំចូល​អង្ករ​របស់​កម្ពុជា​ ដោយ​អះអាង​ថា ​បាន​ធ្វើ​ឲ្យ​ខូចខាត​ទីផ្សារ​នៃ​រដ្ឋ​សមាជិក​របស់​ខ្លួន ​បន្ទាប់​ពី​មាន​បណ្តឹង​ពី​ប្រទេស ​អ៊ីតាលី និង​អេស្ប៉ាញ​។

លោក ​ច័ន្ទ ​សុផល ​នាយក​មជ្ឈមណ្ឌល​​សិក្សា​គោល​នយោបាយ ​បាន​និយាយ​ថា ​ប្រព័ន្ធ​អនុគ្រោះ​ ពិត​ជា​មាន​​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដើម្បី​​នាំចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ធំៗ និង​មាន​​សេដ្ឋកិច្ច​រីក​ចម្រើន​។ ទោះ​យ៉ាង​ណា​​លោក​បញ្ជាក់​ថា៖ «សារៈសំខាន់​ប៉ុន​ណា​នោះ គឺ​វា​អាស្រ័យ​ទៅ​តាម​ប្រទេស​នីមួយៗ​​ប៉ុណ្ណោះ»។​​

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​​រដ្ឋ​ជា​សមាជិក​ និង​ដៃ​គូ​អភិវឌ្ឍន៍​ទាំង​អស់​ពិចារណា​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​បន្ថែម​ទៀត​ដូច​ជា ការ​ពង្រឹង​​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​​អភិវឌ្ឍន៍​តិចតួច និង​ជួយ​គាំទ្រ​ដល់​​កម្មវិធី​ និង​ដំណើរការ​ការ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ផង​ដែរ​ ក្នុង​ការ​​កសាង​សមត្ថភាព​ដើម្បី​ទាញ​យក​ប្រយោជន៍​​ពី​ប្រភព​កំណើន​ថ្មី ជា​ពិសេស​ផ្នែក​សេវាកម្ម​ និង​ការ​ទទួល​យក​​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ និង​ដើម្បី​ទាញ​យក​​ប្រយោជន៍​​ពី​សេដ្ឋកិច្ច​ Digital​៕LA