ភ្នំពេញៈ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភ័ស្តុភារកម្ម​បាន​ស្នើឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​របស់​សិង្ហបុរី YCH ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ពន្លឿន​ការសិក្សា​របស់ខ្លួន​ទៅលើ​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ (Phnom Penh Logistics Centre-PPLC) សម្រេច​ទៅតាម​ផែនការ​។

ការលើកឡើង​នេះ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ភ័ស្តុភារកម្ម​លើក​ទី​ ២ នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ទទួលបន្ទុក​ការងារ​នេះ​ត្រូវ​សិក្សា​ពី​តម្រូវការ​ចាំបាច់​របស់​ក្រុមហ៊ុន YCH ថា តើ​ក្រុមហ៊ុន​នេះ​មាន​តម្រូវការ​អ្វីខ្លះ​ដើម្បី​អភិវឌ្ឍ​មជ្ឈមណ្ឌល​នេះ ហើយ​រាជរដ្ឋាភិបាល​មាន​លទ្ធភាព​ដោះស្រាយ​បាន​ប៉ុនណា ដើម្បី​ជួយ​ជំរុញ​ឲ្យ​គម្រោង​នេះ​កាន់តែ​មាន​វឌ្ឍនភាព​ឆ្ពោះ​ទៅ​មុខ​។

លោក​ថ្លែងថា​៖ «​ការជ្រើសរើស​គំរូ​អាជីវកម្ម​បែបណា​នោះ​នឹង​ធ្វើឡើង​បន្ទាប់ពី​ការសិក្សា​ពី​សមិទ្ធិ​លទ្ធភាព (Feasibility Study) ព្រោះ​លទ្ធផល​ការសិក្សា​នេះ​គឺជា​គន្លឹះ និង​ជា​ទឡ្ហីករណ៍​ដ៏សំខាន់​ក្នុង​ការជ្រើសរើស​ប្រភេទ​គំរូអាជីវកម្ម​នៃ​គម្រោង​នេះ​»​។

បើ​យោងតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​​ជាមួយ​នឹង​ក្រុមហ៊ុន YCH ក្នុង​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ ត្រូវ​បាន​រៀបចំ​ជា​សេចក្ដីព្រាង​រួចហើយ ដែល​នឹង​ត្រូវ​កែសម្រួល​ឡើងវិញ បន្ទាប់ពី​ទទួល​បាន​ធាតុ​ចូល​បន្ថែមទៀត​ពី​អង្គប្រជុំ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​កិច្ចព្រមព្រៀង​មួយ​នេះ​មាន​ខ្លឹមសារ និង​វិសាលភាព​ឆ្លើយតប​ទៅនឹង​កម្មវត្ថុ​នៃ​កិច្ចព្រមព្រៀង​ព្រម​ទាំង​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​។

សម្រាប់​ទីតាំង​របស់​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​ភ្នំពេញ​នេះ​គឺ​ស្ថិតនៅ​ចំ​តំបន់​យុទ្ធសាស្ដ្រ ដោយ​នៅ​ចន្លោះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ខ្សែ​រថភ្លើង​ពី​ប៉ោយប៉ែត​។ លើស​ពី​នោះ​ទៅទៀត​វា​ស្ថិត​នៅ​ជិត​ផ្លូវជាតិ​លេខ​ ៣ និង​លេខ​ ៤ ព្រមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ផងដែរ​។

ភាពទន់ខ្សោយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ភ័ស្ដុភារ​ គឺជា​ឧបសគ្គ​មួយ​ដែល​រារាំង​ដល់​ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ របាយការណ៍​ធនាគារ​ពិភពលោក WB ឆ្នាំ​ ២០១៤ បង្ហាញថា តម្លៃ​នាំចេញ​របស់​កម្ពុជា​មាន​ចំនួន ៣០ ​ភាគរយ​ខ្ពស់ជាង​បណ្ដា​ប្រទេស​ជិតខាង​។

កាលពី​ឆ្នាំ​ ២០១៦ ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​បាន​ប៉ាន់ប្រមាណ​ថា កម្ពុជា​គិត​កម្រៃ​ពី​ក្រុមហ៊ុន​នាំចេញ​ចំនួន ៥៤០ ​ដុល្លារ​ក្នុង​មួយ TEU បើ​ធៀប​នឹង​ប្រទេស​ថៃ​ដែល​មាន​ត្រឹម ២០០ ​ដុល្លារ និង​ប្រទេស​វៀតណាម ២៥០ ​ដុល្លារ​៕ LA