ក្រុង​ប៉ារីសៈ លោក Carlos Ghosn សេដ្ឋី​ក្នុង​វិស័យ​រថយន្ត ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នា​ទីក្រុង​តូក្យូ កំពុង​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន Nissan និង​ក្រុមហ៊ុន Mitsubishi នៅ​តុលាការ​ក្នុង​ប្រទេស ​ហូឡង់ ពី​បទ «បញ្ចប់​​​កិច្ច​សន្យា​ការងារ​​មិន​សមស្រប»។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​កាសែត​បារាំង Le Figaro កាល​ពី​ថ្ងៃ​ពុធ។

កាសែត​នេះ​បាន​រាយការណ៍​ថា លោក Ghosn បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ផលិត​​រថយន្ត​ជប៉ុន​ទាំង ​២ ​នេះ ​ពី​បទ​រំលោភ​​លើ​កិច្ច​សន្យា​ការងារ​របស់​លោក​ក្នុង​នាមជា​និយោជិត​ម្នាក់​របស់​​ក្រុមហ៊ុន NMBV ដែល​​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​រួម​គ្នា​របស់​ក្រុមហ៊ុន​ទាំង ​២ ​នេះ ដែល​មាន​មូលដ្ឋាន​នៅ​​ប្រទេស ​ហូឡង់ ហើយ​លោក​កំពុង​ទាមទារ​សំណង​ ១៥ លាន​អឺរ៉ូ (១៦,៨ លាន​​ដុល្លារ) ដែល​ជា​ថ្នូរ​នឹង​ការ​ខូច​ខាត។

អតីត​ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត Renault និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ដែល​ជា​ដៃគូ​នឹង​គ្នា​នេះ កំពុង​រង់ចាំ​ការ​ជំនុំ​ជម្រះ​ក្តី​ក្នុង​តុលាការ​នៅ​ប្រទេស ​ជប៉ុន ​ក្នុង​ករណី​ប្រព្រឹត្ត​កំហុស​ផ្នែក​ហិរញ្ញវត្ថុ។

លោក​បាន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធ​នាគារ​អស់​រយៈពេល​ជាង ១០០ ថ្ងៃ ​មុន​ពេល​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​​បង់​ប្រាក់​នៅ​ក្រៅ​ឃុំ​​បណ្តោះ​​អាសន្ន​ និង​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តួនាទី​គ្រប់គ្រប់​ទាំង​អស់​របស់​លោក។

លោក Ghosn ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រាយការណ៍​មិន​ត្រឹមត្រូវ​នូវ​ប្រាក់​ចំណូល​​ប្រចាំ​ខែ​របស់​លោក​ដែល​មាន​ទឹក​ប្រាក់​​រាប់​លាន​ដុល្លារ ​ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន Nissan និង​ពី​បទ​ប្រើប្រាស់​មូលនិធិ​របស់​ក្រុមហ៊ុន​សម្រាប់​ការ​ចំណាយ​​ផ្ទាល់​ខ្លួន ពោល​គឺ​ជា​ការ​ចោទ​ប្រកាន់​ដែល​លោក​បាន​បដិសេធ។

កាសែត Le Figaro បាន​រាយការណ៍​ថា មេធាវី​របស់​លោក​បាន​លើក​ឡើង​ថា ខណៈ​ដែល​លោក Ghosn បាន​លាលែង​តំណែង​ពី​ក្រុមហ៊ុន Renault-Nissan BV (RNBV) មែន​ក្តី តែ​លោក​មិន​បាន​លាលែង​តំណែង​ពី​ក្រុមហ៊ុន NMBV នោះ​ទេ ហើយ​ «ការ​រំលោភ​លើ​កិច្ច​សន្យា​ការងារ» មិន​យុត្តិធម៌​ឡើយ។

កាសែត​ប្រចាំ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន Nissan និង​ក្រុមហ៊ុន Mitsubishi លើក​ឡើង​ថា កិច្ច​សន្យា​ការងារ​របស់​លោក Ghosn មិន​មាន​សុពលភាព​នោះ​ទេ ដោយសារ​កិច្ច​សន្យា​នេះ​នឹង​មិន​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន NMBV នោះ​ទេ។

ក្រុមហ៊ុន NMBV បាន​អរគុណ​លោក Ghosn បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ​របស់​ក្រុម​ប្រឹក្សា​ភិបាល​នៅ​ថ្ងៃ​ទី​ ១២ ខែ ​មីនា ពោល​គឺ​នៅ​ថ្ងៃ​តែ​មួយ​ដែល​កិច្ច​សន្យា​ការងារ​នេះ​ត្រូវ​បាន​រំលាយ​ចោល។

អ្នក​នាំពាក្យ​របស់​លោក Ghosn និង​មេធាវី​របស់​លោក បាន​បដិសេធ​អត្ថាធិប្បាយ​​នៅ​ពេល​ទីភ្នាក់ងារ​ព័ត៌មាន AFP ទាក់ទង​ទៅ៕ AFP/KC