ភ្នំពេញៈ ចាប់តាំងពី​ប្រតិបត្តិការ​ជា​ផ្លូវការ​កាលពី​ឆ្នាំ​ ២០១២ ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ត្រូវបាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ជាមួយ​នឹង​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​កើនឡើង​ពី​ ៥ ​ទៅ​ ៧ ហើយ​ក៏​ជា​លើកដំបូង​មិន​ធ្លាប់មាន​ដែល​ក្រុមហ៊ុន​ចំនួន​ ៨ ​បាន​ចុះបញ្ជី​មូលបត្រ​បំណុល​។

ជាមួយ​គ្នា​នេះដែរ មូលធន​ទីផ្សារ​សរុប​បាន​កើនឡើង​ពី ៣០០ ​លាន​ដុល្លារ​ទៅ ២,៥ ពាន់​លាន​ដុល្លារ​ត្រឹម​ដំណាច់ឆ្នាំ​ ២០២០ ខណៈ​ចំនួន​គណនី​ជួញដូរ​កើន​ពី ៩ ០០០ ដល់ ២៧ ០០០ ​គណនី និង​តម្លៃ​ជួញដូរ​បាន​កើន​ពី ១៣ ០០០ ដុល្លារ​ដល់​ ១៥០ ០០០ ​ដុល្លារ​ ក្នុង​ ១ ​ថ្ងៃ​។

លោក Jong Weon Ha អនុប្រធាន CSX និង​ជា​បុគ្គល​ ១ ​រូប​នៅ​ពីក្រោយ​រឿងរ៉ាវ​ប្រកប​ដោយ​ភាពជោគជ័យ​ដ៏អស្ចារ្យ​នេះ​បាន​ចំណាយពេល ៣ ​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​ ២០១៨ ហើយនឹង​ត្រូវ​បញ្ចប់​អាណត្តិ​ត្រឹម​ថ្ងៃទី​ ៣០ ខែមីនា​នេះ​។ កាលពី​ថ្មីៗ​នេះ​លោក​បាន​ជួបពិភាក្សា​ជាមួយ​លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​អំពី​ទីផ្សារ​មួយ​នេះ​នៅក្នុង​អំឡុង​អាណត្តិ​របស់លោក​នៅក្នុង​ប្រទេស​កម្ពុជា​។

តើ​អ្វី​ជា​បញ្ហា​ចម្បង​របស់​ផ្សារមូលធន​កម្ពុជា ខណៈ​ជា​ទីផ្សារ​មាន​បទពិសោធន៍​តិច​បំផុត​ក្នុង​តំបន់​អាស៊ាន​?

មាន​បញ្ហា​ចម្បង​ ២ នៅក្នុង​ផ្សារមូលធន​កម្ពុជា​ដែល​យើង​ចាំបាច់​ត្រូវ​ជម្នះ​ឱ្យបាន គឺ​ទី​ ១ ​ផ្នែក​ផ្គត់ផ្គង់ ដោយ​ចំនួន​ផលិតផល​វិនិយោគ​នៅតែមាន​កម្រិត​នៅលើ​ផ្សារ​មូលធន​មួយ​នេះ​។ ទោះបី​យើង​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ភាគហ៊ុន​ចំនួន ៧ និង​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​បំណុល​ចំនួន ៨ ក៏​ចំនួន​នេះ​នៅតែ​តិច​។ មូលបត្រ​បំណុល​មិន​ធ្វើឱ្យ​ទីផ្សារ​បន្ទាប់​ដំណើរការ​ច្រើន​ដូច​នៅ​ទីផ្សារ​មូលបត្រ​កម្មសិទ្ធិ​នោះទេ​។

យើង​ត្រូវការ​ភាគហ៊ុន​កាន់តែច្រើន និង​ផលិតផល​ថ្មីៗ​ផ្សេងទៀត ជាពិសេស​ផលិតផល​ដែល​មាន​គុណភាព​ល្អ​ដូចជា ធនាគារ Acleda​។ តម្លៃ​ភាគហ៊ុន​ទាប តម្លៃ IPO ខ្ពស់ និង​បញ្ហា​ពន្ធ គឺជា​បញ្ហា​ចម្បង និង​សំខាន់​ជាងគេ​ដែល​ត្រូវ​ដោះស្រាយ​។

ចំណែក​បញ្ហា​ទី​ ២ គឺ​ផ្នែក​តម្រូវការ ទោះបី​សន្ទនីយភាព​ត្រូវបាន​កើនឡើង​ក៏ដោយ ក៏​ត្រូវតែ​រក្សា​វា​ឱ្យដល់​កម្រិត​ជាក់លាក់​មួយ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​វិនិយោគិន​បរទេស ពិសេស​វិនិយោគិន​ស្ថាប័ន​។

រដ្ឋាភិបាល​បានដាក់​ឱ្យ​ដំណើរការ​ទីផ្សារ​កំណើន​តាំងពី​ឆ្នាំ​ ២០១៥ ដើម្បី​ទាក់ទាញ​ការចុះបញ្ជី​របស់ SMEs ទោះជា​យ៉ាងណា ខ្ញុំ​មិនឃើញ​មាន​ក្រុមហ៊ុន​ណាមួយ​ចុះបញ្ជី​នៅឡើយ​នោះទេ​។ តើ​ហេតុអ្វី​ក៏​វា​ដូច​នោះ​?

ទីផ្សារ​កំណើន​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១៥ ដែល​នៅពេលនេះ​មាន​អាយុ​ជិត ៦ ​ឆ្នាំ​ហើយ​។ ទោះបីជា​លក្ខខណ្ឌ​តម្រូវ​នៃ​ទីផ្សារ​កំណើន​មួយ​នេះ​មាន​ភាពសាមញ្ញ​ជាង​លក្ខខណ្ឌ​តម្រូវ​របស់​ទីផ្សារ​គោល​ក៏ដោយ ក៏​ SMEs ភាគច្រើន​នៅតែ​យល់ថា វា​មាន​ការពិបាក​នៅក្នុង​ការបំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ទាំងនោះ ខណៈ​ដែល SMEs មួយចំនួន​មិនមាន​ឆន្ទៈ​ក្នុង​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​នោះទេ​។

ដូច​អ្នកដឹង​ហើយ​ភាគច្រើន​នៃ SMEs នៅ​កម្ពុជា គឺជា​អាជីវកម្ម​មាន​លក្ខណៈ​គ្រួសារ ដោយ​មាន​មិនមាន​កំណត់ត្រា​គណនេយ្យ និង​ការអនុលោម​តាម​ពន្ធ​ត្រឹមត្រូវ​នោះទេ ហើយ​ការសម្រប​ខ្លួន​យ៉ាង​រហ័ស​ជាមួយ​ស្ដង់ដា​របាយការណ៍​ហិរញ្ញវត្ថុ​អន្តរជាតិ (IFRS) និង​អនុលោម​តាម​ពន្ធ​ពេញលេញ​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​ដ៏ធំ​ជាច្រើន​សម្រាប់​ពួកគេ​។

ដើម្បី​ធ្វើ​ពិពិធកម្ម​ផលិតផល​កាន់តែ​ច្រើន​នៅលើ​ទីផ្សារ រដ្ឋាភិបាល​កម្ពុជា​បានដាក់​ឱ្យ​ដំណើរការ​សញ្ញា​បណ្ណ​សាជីវកម្ម ដើម្បី​ផ្ដល់​ជម្រើស​ដល់​វិនិយោគិន​សាធារណៈ​។ តើ​នៅពេលនេះ​ទីផ្សារ​មួយ​នេះ​មាន​លក្ខណៈ​ដូចម្ដេច​ហើយ​?

ទីផ្សារ​សញ្ញាបណ្ណ​សាជីវកម្ម​កំពុង​ដំណើរការ​បាន​ល្អប្រសើរ​រហូត​មក​ដល់​ពេលនេះ ដោយ​មាន​ក្រុមហ៊ុន ៦ ភាគច្រើន​ជា​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ បាន​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​របស់​ពួកគេ​ជាមួយ​ទីផ្សារ​នេះ​ក្នុងអំឡុងពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្រុមហ៊ុន​ចំនួន ៣ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនេះ​បានចេញ​សញ្ញាបណ្ណ​សាជីវកម្ម​កាលពី​ឆ្នាំ​ ២០២០ ហើយ​យើង​នឹង​ស្វាគមន៍​ក្រុមហ៊ុន​បន្ថែមទៀត​ក្នុង​ឆ្នាំ​ ២០២១ នេះ​។

ទោះយ៉ាងណា រឿង​មួយទៀត​ដែល​ខ្ញុំ​ចង់​បន្ថែម គឺ​សម្រាប់​ក្រុមហ៊ុន​ដែល​ចេញ​សញ្ញាបណ្ណ​សាជីវកម្ម ត្រូវ​ពិចារណា​ការបោះ​ផ្សាយ​កាន់តែ​ច្រើន​បន្ថែមទៀត​ដល់​វិនិយោគិន​សាធារណៈ ខណៈ​នៅពេល​ថ្មីៗ​នេះ​ភាគច្រើន​នៃ​សញ្ញាបណ្ណ​សាជីវកម្ម គឺជា​វិនិយោគិន​ស្ថាប័ន​មិនមែន​ជា​វិនិយោគិន​សាធារណៈ​ទូទៅ​នោះទេ​។

ការផ្ទុះ​ឡើង​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​ទីផ្សារ​ពិភពលោក និង​ក្នុង​តំបន់​ចាប់តាំងពី​ចុងឆ្នាំ​ ២០១៩ មក​។ តើ CSX មាន​ស្ថានភាព​ដូចម្ដេច​នៅក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​នេះ​?

ការរីករាលដាល​ជំងឺ​នេះ​បាន​បន្ថយល្បឿន​ការអភិវឌ្ឍ​ទីផ្សារ​របស់​យើង​។ យើង​ទទួលស្គាល់​ថា កាលពី​ឆ្នាំមុន​ទីផ្សារ​នេះ​បាន​ដំណើរការ​ល្អប្រសើរ​ដោយមាន​ក្រុមហ៊ុន​ថ្មី​ចំនួន ៥ ​បាន​ចុះបញ្ជី ហើយ​មូលធននីយកម្ម​ទីផ្សារ​បាន​កើនឡើង ៣ ​ដង ទោះបី​យ៉ាងនេះ យើង​អាច​ធ្វើបាន​កាន់តែ​ប្រសើរឡើង​ជាង​នេះ បើ​មិន​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ សកម្មភាព​ជួញដូរ​បាន​ធ្លាក់ចុះ​តិចតួច​ភាគច្រើន​ចំពោះ​វិនិយោគិន​បរទេស​។

ទោះយ៉ាងណា ការជួញដូរ​ក្នុងស្រុក​បាន​បង្ហាញ​សញ្ញា​កើនឡើង ដោយសារ​តែ​វិនិយោគិន បានចាប់ផ្ដើម​សម្លឹងមើល​ការវិនិយោគ​ភាគហ៊ុន ខណៈ​ដែល​តម្លៃ​អចលនទ្រព្យ​កំពុង​នៅ​ទ្រឹង​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។

វិនិយោគិន​បានដឹងថា មាន​ជម្រើស​ការវិនិយោគ​ដែល​រកប្រាក់​ចំណេញ​បាន​នៅលើ​ផ្សារភាគហ៊ុន ដែល​ពួកគេ​អាច​ផ្លាស់ប្តូរ​ពី​ជម្រើស​មួយ​ទៅកាន់​ជម្រើស​មួយទៀត​យ៉ាង​ងាយស្រួល និង​ភាពងាយស្រួល​នៃ​ការជួញដូរ​អនឡាញ ពិតជា​ត្រូវ​នឹង​សម័យ​គម្លាត​សង្គម​បែបនេះ ដែល​ទំនងជា​បទដ្ឋាន​ថ្មី​ដែល​វិនិយោគិន​ត្រូវការ​ដើម្បី​ទទួលយក​សម្រាប់​ការរស់នៅ​ពេល​អនាគត​។

តាម​ការអង្កេត តើ​លោក​រំពឹង​យ៉ាងណា សម្រាប់​ទីផ្សារ​មូលបត្រ​កម្ពុជា​ក្នុង​រយៈពេល ២-៣ ឆ្នាំ​ខាងមុខ​?

ខ្ញុំ​បាន​មើលឃើញ​ការរីកចម្រើន​ដ៏ល្អ​ក្នុង​រយៈពេល ២-៣ ឆ្នាំ​ចុងក្រោយ​នេះ​។ ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ថា កំណើន​នឹង​បន្ត​។ វា​ជា​ការរីកចម្រើន​យឺតៗ ហើយ​យើង​ចាំបាច់​ត្រូវ​រង់ចាំ​ដោយ​ភាព​អត់ធ្មត់​។ យើង​មើលឃើញ​បទពិសោធ​ពី​ផ្សារហ៊ុន​ជាច្រើន​នៅក្នុង​តំបន់ ដែល​វា​បាន​ដំណើរការ​ជាច្រើន​ទសវត្សរ៍​សម្រាប់​ទីផ្សារ​មូលធន ដើម្បី​ភាពរីកចម្រើន និង​សម្រាប់​ដើមទុន​នៅពេល​ខាងមុខ ដែល​វា​ត្រូវការ​ពេលវេលា​ជាច្រើន​ឆ្នាំ វា​នឹង​កាន់តែ​ប្រសើរឡើង​ជាមិនខាន​៕ LA