អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃពុធបានចេញនូវសេចក្តី ប្រកាសមួយសំដៅទៅលើការពង្រឹងនៃការនាំចូលទោចក្រយានយន្តសម្រាប់បុគ្គលដែលមិនមែនជាម្ចាស់ ឬទទួលការអនុញ្ញាតពីម្ចាស់សិទ្ធិផ្តាច់មុខអាចនាំចូលទោចក្រយានយន្តដែលមានម៉ាកជាប់សិទ្ធិផ្តាច់មុខលើការនាំចូល និងចែកចាយជាធរមានបានទោចក្រយានយន្តប្រភេទប្រើរួចដែលមានឆ្នាំម៉ូដែលផលិតទាបជាងយ៉ាងតិច ២ ឆ្នាំមុនឆ្នាំចរន្តប៉ុណ្ណោះ។ ចំពោះទោចក្រយានយន្តដែលមានម៉ាកមិនជាប់សិទ្ធិផ្តាច់មុខ ធុរជនទូទៅអាចធ្វើការនាំចូលបានជាធម្មតា ដោយមិនកំណត់លើឆ្នាំម៉ូដែលផលិតឡើយ។
លោក Pily Wong អនុប្រធានសហព័ន្ធឧស្សាហកម្មរថយន្តកម្ពុជា (CAIF) និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hung Hiep (Cambodia) ដែលទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូលរថយន្តទំនើបម៉ាក Volkswagen បានផ្តល់កិច្ចសម្ភាសន៍ដាច់ដោយឡែកមួយជាមួយនឹងកាសែត ភ្នំពេញ ប៉ុស្តិ៍ អំពីបញ្ហានេះ។
តើវិធានការនេះត្រូវបានរដ្ឋាភិបាលគិតដូចម្ដេចសម្រាប់ឧស្សាហកម្មរថយន្ត។ ប្រសិនបើមិនមានផែនការ តើសមាគមរបស់អ្នកគ្រោងនឹងធ្វើអ្វី?
នេះគឺជារឿងថ្មីបំផុតសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំត្រូវតែនិយាយថា វាគឺជាគំនិតដ៏ល្អមួយពីរដ្ឋាភិបាល។ ខ្ញុំមិនដឹងថា តើពួកគេនឹងពង្រីកតួនាទីនេះដល់ឧស្សាហកម្មរថយន្តឬយ៉ាងណានោះ ប៉ុន្តែខ្ញុំជឿជាក់ថា សមាជិកទាំងអស់របស់សហព័ន្ធឧស្សាហកម្មរថយន្តកម្ពុជា (CAIF) នឹងស្វាគមន៍ដល់គំនិតនេះ។ ប្រសិនបើវាមិនមាននៅក្នុងផែនការនេះទេ CAIF ពិតជានឹងសួររកមូលហេតុ។ យើងមិនត្រូវសំដៅថាតើ វាគឺជាឧស្សាហកម្មទោចក្រយានយន្ត ឬឧស្សាហកម្មរថយន្តនោះទេ គឺអាជីវកម្មរបស់យើង និងបញ្ហាប្រឈមរបស់យើងគឺមានដូចគ្នា។
តើវិធានការបែបនេះមានសារៈសំខាន់ដូចម្ដេចដល់ឧស្សាហកម្មរថយន្តទន្ទឹម នឹងការកើនឡើងយីហោរថយន្តប្រណីតនៅលើទីផ្សារនេះ?
វិធានការប្រភេទនេះមិនគ្រាន់តែអាចបង្កើនថាមពលកាន់តែខ្លាំងសម្រាប់ឧស្សាហកម្មនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចការពារបានយ៉ាងច្រើនផងដែរដល់អតិថិជន និងជួយដល់ការប្រមូលពន្ធបានកាន់តែល្អប្រសើរ។ សម្រាប់ឧស្សាហកម្មរថយន្ត គឺវានឹងជួយផ្ដល់អំណាចឲ្យក្រុមហ៊ុនចែកចាយរថយន្តដើម្បីទទួលបានមកវិញនូវចំណែកទីផ្សារមួយចំនួនដែលពួកគេកំពុងបាត់បង់ទៅលើ «ក្រុមហ៊ុននាំចូលក្រៅផ្លូវការ»។ ដោយមានប្រាក់ចំណូលកាន់តែល្អ ប្រសើរក្រុមហ៊ុនជាច្រើននឹងអាចជួលបុគ្គលិកមានសមត្ថភាពកាន់តែច្រើន ហើយវិនិយោគកាន់តែច្រើននៅក្នុងការបណ្ដុះបណ្ដាល។ ក្នុងនាមជាក្រុមហ៊ុនចែកចាយរថយន្តផ្លូវការគឺយើងតែងតែគោរពតាមច្បាប់ និងអនុវត្តអាជីវកម្មល្អ រដ្ឋាភិបាលប្រាកដជាអាចប្រមូលពន្ធបានកាន់តែច្រើន (អាករលើតម្លៃបន្ថែម VAT ពន្ធលើប្រាក់ចំណេញ ពន្ធលើប្រាក់បៀវត្សរ៍)។ ប្រសិនបើអ្នកសម្លឹងមើលលើពន្ធនាំចូលរថយន្ត វាកើនឡើងយ៉ាងច្រើនជារៀងរាល់ឆ្នាំ។ ចាប់ពីអ្វីដែលយើងបានដឹង ពន្ធលើការនាំចូលរថយន្តរួមចំណែក ១ ភាគ ៣ នៃការប្រមូលពន្ធសរុបសម្រាប់ប្រទេសនេះ។
តើលោកមានបានមើលឃើញការ ចាត់វិធានការដោយអាជ្ញាធរក្នុងស្រុកក្នុងការហាមឬបង្ក្រាបលើទីផ្សារក្រៅផ្លូវការឬទេ? តើវាមានផលប៉ះពាល់ដូចម្ដេចដល់អាជីវកម្មរបស់អ្នកដែលជាក្រុមហ៊ុនស្របច្បាប់នោះ?
អ្នកខ្លះអះអាងថា ប្រទេសកម្ពុជាគឺជាទីផ្សារសេរី ខ្ញុំអាចនិយាយថា វាគឺជាទីផ្សារព្រៃវិញ។ អ្នកនិយាយត្រូវ មានយីហោរថយន្តថ្មីៗជាច្រើនដែលបាននាំចូលដោយទីផ្សារក្រៅផ្លូវការនៅតាមក្រុមហ៊ុនចែកចាយរថយន្តតាមដងផ្លូវ ហើយរហូតមកដល់ពេលនេះគ្មានអ្វីដែលត្រូវធ្វើនោះទេ។ ក្រុមហ៊ុន Premium Auto Co., Ltd មានវិញ្ញាបនបត្រនាំចូលផ្ដាច់មុខបានចេញដោយក្រសួងពាណិជ្ជកម្ម ដោយត្រូវបានគេគិតថា មានតែក្រុមហ៊ុននេះទេដែលអាចនាំចូលរថយន្តថ្មី BMW បាន ប៉ុន្តែយើងនៅតែអាចមើលឃើញមានមនុស្សផ្សេងទៀតកំពុងនាំចូលរថយន្តយីហោ BMW ថ្មីបាន។
អ្នកខ្លះថែមទាំងបានចុះបញ្ជីរថយន្តនៅក្រៅប្រទេសទៀតផង ដែលបើកបានចម្ងាយពី ៥០ ដល់ ១០០ គីឡូម៉ែត្រមុន ពេលនាំចេញដូច្នេះពួកគេអាចប្រកាសថា វាជារថយន្តជជុះ ហើយអាចទទួលបានប្រព័ន្ធបង់ពន្ធកាន់តែទាប។ បច្ចុប្បន្នឧស្សាហកម្មរថយន្តកំពុងទទួលរងគ្រោះយ៉ាងខ្លាំង ហើយត្រូវការយ៉ាងខ្លាំងនូវការសហការល្អពីរដ្ឋាភិបាលដើម្បីគ្រប់គ្រងឧស្សាហកម្មនេះឲ្យបានកាន់តែល្អប្រសើរ មិនមែនគ្រាន់តែស្វែងរកការបង្កើនពន្ធនាំចូលរៀងរាល់ឆ្នាំតែប៉ុណ្ណោះនោះទេ។ ក្រុមហ៊ុនចែកចាយរថយន្តគឺជាអាជីវកម្មមួយដែលបានវិនិយោគទឹកប្រាក់ជាច្រើនលានដុល្លារជាមួយនឹងការប្ដេជ្ញាចិត្តរយៈពេលវែងដែលខុសគ្នាជាមួយនឹងក្រុមហ៊ុនចែកចាយរថយន្តតាមដងផ្លូវដែលមិនបានបន្ថែមតម្លៃក្នុងការធ្វើអាជីវកម្មស្ថិតក្រោមសសរ ៤ និងប្រក់ដំបូលស័ង្កសីនោះទេ។ យើងគោរពតាមច្បាប់ និងអនុវត្តអាជីវកម្មបានល្អ យើងបង់ពន្ធទាំងអស់របស់យើង ហើយយើងមានការប្ដេជ្ញាចិត្តចំពោះអតិថិជនរបស់យើង។
តម្លៃប្រតិបត្តិការរបស់យើងគឺពិតជាខុសគ្នាឆ្ងាយណាស់ធៀបនឹងការលក់នៅតាមហ្គារាសនៅតាមដងផ្លូវដែលខ្ញុំបានមើលឃើញថា ការលក់របស់គេគ្រាន់តែអះអាងថា ជារថយន្តថ្មីនៅពេលវាមិនមែនទេនោះ អាស្រ័យហេតុនេះយើងត្រូវការការសហការពីសំណាក់រដ្ឋាភិបាលពាក់ព័ន្ធនានាជួយដោះស្រាយដើម្បីចៀសវាងការប្រកួតប្រជែងដែលមិនស្មើភាពគ្នា។
កាលពីឆ្នាំមុនរដ្ឋាភិបាលបានផ្លាស់ប្តូរពន្ធនាំចូលលើរថយន្តថ្មីឬរថយន្តប្រណីត។ តើវាប៉ះពាល់ដល់អាជីវកម្មរបស់លោកឬទេ?
ពន្ធនាំចូលលើរថយន្តគឺចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នៅពេលអ្នកដឹងថា ពន្ធលើការនាំចូលរថយន្តកំពុងរួមចំណែក ១ ភាគ ៣ នៃការប្រមូលពន្ធសរុប ហើយរដ្ឋាភិបាលកំពុងព្យាយាមប្រមូលពន្ធឲ្យបានច្រើនដើម្បីធ្វើឲ្យបុគ្គលិករបស់ខ្លួនទទួលបានប្រាក់ខែកាន់តែច្រើន វាគឺជាការងាយស្រួលក្នុងការអំពាវនាវឲ្យបង្កើនពន្ធលើរថយន្ត។ ខ្ញុំពិតជាប្រាថ្នាថា រដ្ឋាភិបាលត្រូវធ្វើវាតាមរបៀបមួយដែលឆ្លាតជាងនេះ។ ប្រព័ន្ធពន្ធនាំចូលរថយន្តរបស់កម្ពុជាគឺតែងតែអនុគ្រោះដល់រថយន្តជជុះ ដូច្នេះប្រទេសរបស់យើងនៅពេលនេះគឺជាធុងសម្រាប់ដាក់សំរាម ដែលបំពុលបរិយាកាស និងរថយន្តមិនមានសុវត្ថិភាព ខណៈពេលដែលប្រទេសវៀតណាម និងឡាវ កំពុងហាមឃាត់រថយន្តជជុះដើម្បីកសាងឧស្សាហកម្មរថយន្តដ៏ខ្លាំងមួយ និងដើម្បីការពារអតិថិជនមិនឲ្យប្រើប្រាស់រថយន្តមិនមានសុវត្ថិភាព។ លើកលែងតែ ប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ចំពោះបណ្ដាប្រទេសអាស៊ានផ្សេងទៀតបានហាមឃាត់ការនាំចូលរថយន្តជជុះ ដូច្នេះប្រជាជនគេនឹងទិញរថយន្តជជុះពីមនុស្សដែលបានទិញរថយន្តថ្មីពីក្រុមហ៊ុនស្របច្បាប់ពីមុន។
យើងតែងតែនិយាយថា យើងត្រូវការការវិនិយោគផ្ទាល់ពីបរទេស (FDI) កាន់តែច្រើន ហើយកម្ពុជាគឺជាប្រទេសទាក់ទាញមួយនៅកណ្ដាលតំបន់អាស៊ាន ពិតហើយយើងអាចមាន FDI នៅក្នុងផលិតកម្មរថយន្តប្រសិនបើយើងអាចបង្ហាញក្រុមហ៊ុនផលិតរថយន្តនូវចំនួនការលក់រថយន្តថ្មីបានកាន់តែល្អប្រសើរ ប៉ុន្តែស្ថានការនៅពេលបច្ចុប្បន្នរបស់ទីផ្សារមួយនេះត្រូវបានគ្របដណ្ដប់ដោយរថយន្តជជុះ នេះគឺគ្រាន់តែជាក្ដីសុបិនដែលមិនសម្រេចបានតែប៉ុណ្ណោះ៕